ទូត​សហរដ្ឋ​អាមេរិក​សម្ពោធ​អាគារ​សុខភាព​ថ្មី​ជូន​អ្នក​ស្រុក​ក្រគរ

Lawmakers applaud outgoing German Chancellor Angela Merkel, center on top, in the German Parliament Bundestag in Berlin.

ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​លោក​ ​William Heidt​ បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​មណ្ឌល​សុខភាព​នោះ​ថា​ ​អាគារ​មណ្ឌល​សុខភាព​ដែល​​មាន​១១​បន្ទប់​ ​នឹង​នាំ​មក​ជូន​ប្រជា​ពលរដ្ឋ​ប្រមាណ​ជា៩​ម៉ឺន​នាក់​ក្នុង​ស្រុក​ក្រគរ​ ​និង​ស្រុក​ជិត​ខាង​មួយ​ចំនួន​ទៀត​ ដើម្បី​លើក​កម្ពស់​សេវា​សុខាភិបាល។

នៅ​ថ្ងៃអង្គារ​នេះ​ សហរដ្ឋ​អាមេរិក​បាន​ដាក់​ឲ្យ​ប្រើប្រាស់​អាគារ​សុខភាព​ថ្មី​មួយ​ទៀត​សម្រាប់​ផ្តល់​សេវា​ដល់​ពលរដ្ឋ​ជាង​៩​ម៉ឺន​នាក់​ ក្នុង​ស្រុក​ក្រគរ​ ​ខេត្ត​ពោធិ៍សាត់​ ​ដើម្បី​ពង្រឹង​វិស័យ​សុខាភិបាល ​និង​សុខមាល​ភាព​ពលរដ្ឋ​ខ្មែរ។

នេះ​គឺជា​អាគារ​មួយ​ក្នុង​ចំណោម​អាគារ​សុខភាព​យ៉ាង​ហោច​ណាស់​ ​៣២​ នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ​ដែល​ផ្តល់​ដោយ​រដ្ឋាភិ​បាល​សហរដ្ឋ​អាមេរិក​ ​ដើម្បី​បង្ហាញ​ពី​ទំនាក់​ទំនង​រឹងមាំ​រវាង​កម្ពុជា ​និង​សហរដ្ឋ​អាមេរិក។​

អាគារ​សម្ភព​ដែល​មាន​តម្លៃ​ជាង​៤៣​ម៉ឺន​ដុល្លារ​អាមេរិក​ ​ត្រូវ​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ ​នៅ​មុន​ពេល​ដែល​លោក​ ​William Heidt​ ​ត្រៀម​បញ្ចប់​អាណត្តិ​ជា​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ។​

ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​លោក​ ​William Heidt​ បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​មណ្ឌល​សុខភាព​នោះ​ថា​ ​អាគារ​មណ្ឌល​សុខភាព​ដែលមាន​១១​បន្ទប់​ ​នឹង​នាំ​មក​ជូន​ប្រជា​ពលរដ្ឋ​ប្រមាណ​ជា៩​ម៉ឺន​នាក់​ក្នុង​ស្រុក​ក្រគរ​ ​និង​ស្រុក​ជិត​ខាង​មួយ​ចំនួន​ទៀត​ ដើម្បី​លើក​កម្ពស់​សេវា​សុខាភិបាល។

លោក​បន្ថែម​ថា​ ​មណ្ឌល​សុខភាព​នេះ​នឹង​ផ្តល់​សេវា​ពិ​គ្រោះ​ជំងឺ​ជា​លក្ខណៈបុគ្គល​ ​សេវា​សម្រាក​ព្យាបាល​មុន ​និង​ក្រោយ​សម្រាល​ ​និង​សេវា​បន្ទប់​សង្គ្រោះ​បន្ទាន់​សម្រាប់​កុមារ​ជា​ដើម។

លោក William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ចុះ​ហត្ថលេខាអំឡុង​ពិធី​កាត់ខ្សែ​បូរនៅ​មជ្ឈមណ្ឌល​សុខភាព​ក្រគរ ក្នុង​ខេត្ត​ពោធិ៍​សាត់​ ​កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ២០១៨។ (ទុំ ម្លិះ/VOA)

ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​ដែល​មាន​ភរិយា​ដើម​កំណើត​ខ្មែរ​រូប​នេះ​ ​បាន​ថ្លែង​ជា​ភាសា​ខ្មែរ​ថា៖​

«អាគារ​ថ្មី​ដ៏​ទំនើប​នេះ​ ​គឺ​ជា​ភស្តុតាង​ជាក់​ស្តែង​ដែល​បង្ហាញ​នូវ​ភាពជា​ដៃ​គូ​ដ៏​រឹងមាំ​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា​ ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​សេវា​សុខាភិបាល​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​នៅ​ទូទាំង​ប្រទេស»។​

អាគារ​មណ្ឌល​សុខភាព​ស្រុក​ក្រគរ​នេះ​ ​គឺ​ជា​គម្រោង​ទី៣២​ ​ក្នុង​ចំណោម​គម្រោង​ផ្នែក​សុខាភិបាល សាលា​រៀន​ ​និង​អនាម័យ​បរិស្ថាន​ ​ដែល​សហរដ្ឋ​អាមេរិក​បាន​កសាង​នៅ​កម្ពុជា​ ​ដោយ​ប្រើ​ប្រាស់​មូលនិធិ​មនុស្សធម៌​តាំង​ពីឆ្នាំ​២០១៣​ ​មាន​តម្លៃ​ជា​ទឹក​ប្រាក់​សរុប​ចំនួន​ជាង​៦លាន​ដុល្លារ​អាមេរិក​ ​ដែល​ជា​ជំនួយ​ឥត​សំណង​ពី​ប្រជា​ពលរដ្ឋ​អាមេរិក។​

លោក​ ​William Heidt​ ​បន្ថែម​ថា​ គម្រោង​ចំនួន​៦ផ្សេង​ទៀត​ ដែល​ជា​ជំនួយ​ពី​ប្រជា​ពលរដ្ឋ​អាមេរិក​ដែរ​នោះ​ នឹង​ត្រូវ​បញ្ចប់​ក្នុង​អំឡុង​ពីរ​ឆ្នាំ​ខាង​មុខ។​

លោក​ ​ម៉ម ប៊ុនហេង​ ​រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល​ ​ដែល​បាន​ចូល​រួម​ពិធី​សម្ពោធ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ​បាន​ថ្លែង​ថា​ ​អាគារ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ ​គឺ​ជា​ការ​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​លើក​កម្ពស់​សុមាល​ភាពស្រ្តី​ ​និង​កុមារ​នៅ​កម្ពុជា។ លោក​បន្ថែម​ថា​ ​ក្រសួង​ស្វាគមន៍​រាល់​ជំនួយ​ដែល​ផ្តល់​ដល់​កម្ពុជា​ ​ពិសេស​ជំនួយ​ពាក់​ព័ន្ធនឹង​ការ​ពង្រឹង​ផ្នែក​សេវា​សុខាភិបាល។​

រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​រូប​នេះ​មាន​ប្រសាសន៍​បន្ត​ថា៖​

«ខ្ញុំ​សូម​សម្តែង​អំណរគុណ​ដល់​រដ្ឋបាល​ និង​ប្រជាជន​សហរដ្ឋ​អាមេរិក​ដែល​បាន​ផ្តល់​ឲ្យ​ជាសម្ភព​ថ្មី​មួយ​ខ្នង​ដល់​ស្រុក​ក្រគរ ​ដែល​ជា​ការ​រួម​ចំណែក​យ៉ាង​សំខាន់ ​ដល់​ការ​លើក​កម្ពស់​ការ​ផ្តល់​សេវា ​និង​គុណភាព​នៃ​សេវា​ថែទាំ​មាតា​ ​និង​ទារក​ ​ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ផ្នែក​សុខភាព​ផ្ទាល់​ដល់​ស្រ្តី និង​កុមារ​ក្នុង​ស្រុក​ក្រគរ​យើង​នេះ»។​

លោក​ ​ម៉ម ប៊ុនហេង​ ក៏​បាន​ណែនាំ​គ្រូ​ពេទ្យ​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​ហេដ្ឋា​រចនា​សម្ព័ន្ធ​សុខាភិបាល​ ​ត្រូវ​ធានា​ថា ​ការ​ផ្តល់​សេវា​ថែទាំ​សុខភាព​ស្រប​តាម​បទដ្ឋាន​ត្រឹម​ត្រូវ ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ក្រម​សីលធម៌​វិជ្ជាជីវៈ​ និង​ប្រាស្រ័យ​ទាក់​ទង​ល្អ​និង​ត្រូវ​ធានា​ថា​ មិន​មាន​អ្នក​ជំងឺ​ណាម្នាក់​ ត្រូវ​បាន​បដិសេធ​ការ​ប្រើ​ប្រាស់​សេវា​ដោយ​សារ​មិន​មាន​ប្រាក់​បង់​ថ្លៃ​នោះ​ទេ។​

ប្រជាពលរដ្ឋ​ចូល​រួម​ពិធី​កាត់ខ្សែ​បូរនៅ​មជ្ឈមណ្ឌល​សុខភាព​ក្រគរ ក្នុង​ខេត្ត​ពោធិ៍​សាត់​ ​កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ២០១៨។​ (ទុំ ម្លិះ/VOA)

លោកស្រី​ ​អ៊ីត ម៉ើស​ ​ពលរដ្ឋ​ខ្មែរ​ឥស្លាម​មួយ​រូប ​ដែល​កំពុង​រស់នៅ​ស្រុក​ក្រគរ​ ​ប្រាប់​ ​VOA​ ​ថា ​អាគារ​មណ្ឌល​សុខភាព​រួមជាមួយ​នឹង​បរិក្ខា​ពេទ្យ​ថ្មីៗ​នេះ​ នឹង​អាច​ជួយ​ឲ្យ​ប្រជា​ពលរដ្ឋនៅ​ក្នុង​ស្រុក​ក្រគរ​ ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល​ ​និង​ងាយ​ស្រួល​ជាង​មុន។​

ស្រ្តី​ដែល​កំពុង​មាន​ផ្ទៃ​ពោះ​រយៈពេល​៨ខែរូប​នេះ​ បញ្ជាក់​ថា៖​

«ផល​ប្រយោជន៍​គឺ​យើង​មាន​មណ្ឌល​សុខភាព​នៅ​ជិត​ផ្ទះ​ ​នៅ​ជិត​ភូមិ​ ​យើង​ស្រួលមក។​ ​មាន​សុវត្ថិភាព។​ ​ដូច​យើង​មាន​មន្ទីរ​ពេទ្យ​ជិត​អញ្ចឹង​វាស្រួល នៅ​ជិត​ផ្ទះ​ជិត​អី»។​

ស្រុក​ក្រគរ​ គឺ​ជា​ទីកន្លែង​កំណើតរបស់​ភរិយា​ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ ​គឺ​អ្នក​ស្រី​ ​សុធី ហៃ​ ​ក៏​ប៉ុន្តែ​គម្រោង​សាងសង់​អាគារ​សុខភាព​នេះ​ ត្រូវ​បាន​កំណត់​ ​តាំង​ពី​មុន​ពេល​ដែល​លោក​ ​William Heidt​ ​ត្រូវ​បាន​តែង​តាំង​ជា​ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ឯណោះ។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ William Heidt។​

លោក​ ​William Heidt​ នឹង​លោក​ត្រូវ​បញ្ចប់​អាណត្តិ​រយៈពេល​៣ឆ្នាំ​របស់​លោក​ ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​ ក្រោយ​ចូលកាន់​តំណែង​កាល​ពី​ចុង​ឆ្នាំ​២០១៥។​ ​ការ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អាគារ​មណ្ឌល​សុខភាព​ស្រុក​ក្រគរ​នេះ​ គឺជា​ការ​សម្ពោធ​អាគារ​សុខភាព​ចុង​ក្រោយ​ក្នុង​អាណត្តិ​របស់​លោក​ជា​ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា៕