អាមេរិក​ដាក់​​ជម្រើស​ទាំង​អស់​សម្រាប់​ពិភាក្សា​​អំពី​អនាគត​​បេសកកម្ម​យោធា​ខ្លួន​​នៅ​អាហ្វហ្គានីស្ថាន

  • Ayaz Gul

រូបឯកសារ៖ ទាហាន​អាមេរិក​គោរព​ទង់ជាតិ​អាមេរិក​ នៅ​មូលដ្ឋាន​ទ័ព Fort Carson រដ្ឋ Colorado ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១២។

សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ខ្លួន​មិន​បាន​ធ្វើ​ការ​សម្រេច​ចិត្តអំពី​ការ​ប្តេជ្ញាខាង​យោធា​របស់​ខ្លួន​ដល់​ប្រទេស​អាហ្វហ្គានីស្ថាន ​ក្រោយ​ថ្ងៃ​ទី១ ខែ​ឧសភា ​ដែល​ជា​ពេល​កំណត់​សម្រាប់​កងទ័ព​អាមេរិកសេសសល់​ចំនួន​២.៥០០​នាក់​ទៀត​ ដែល​ត្រូវ​ដកចេញ​ពី​អាហ្វហ្គានីស្ថាន​ស្រប​ទៅ​តាម​សន្ធិសញ្ញា​សន្តិភាព​ដែល​មាន​អាយុកាល​១ឆ្នាំ​ជាមួយ​ក្រុម​បះបោរ​តាលីបង់។ ​

អត្ថាធិប្បាយ​ទាំង​នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​រាយការណ៍ព័ត៌មាន​ថា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Antony Blinken នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​ប្រធានាធិបតីអាហ្វហ្គានីស្ថាន​លោក Ashraf Ghani បាន​ព្រមាន​ថា រដ្ឋាភិបាល​របស់​លោក Ghani អាច​ត្រូវ​ទប់ទល់ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ដោយ​ក្រុម​តាលីបង់​ដោយ​ខ្លួន​ឯង ប្រសិន​បើ​មេដឹកនាំ​អាហ្វហ្គានីស្ថាន​មិន​បាន​ពិចារណា​ឲ្យ​បាន​រួសរាន់នូវ​សំណើ​ស្តីពី​កិច្ច​ប្រឹងប្រែង​សន្តិភាព​ដែល​ផ្តួចផ្តើម​ឡើង​ដោយ​អាមេរិក។ សេចក្តី​រាយការណ៍ថា សំណើ​ទាំង​នោះ​រួម​មាន​សន្និសីទ​អន្តរជាតិមួយ​នៅ​ក្រោមក្របខណ្ឌអង្គការ​សហប្រជាជាតិ​ ដើម្បី​ជំរុញឱ្យ​ដំណើរការ​សន្តិភាពអាហ្វហ្គានីស្ថាន​ជឿនលឿន​ទៅ​មុខ។

នៅ​ពេល​ត្រូវ​បាន​ទាក់ទង​ដោយ VOA អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក បាន​និយាយ​ថា៖ «ជា​ទូទៅ យើង​មិន​ធ្វើ​អត្ថាធិប្បាយ​ទាក់ទិន​នឹង​សេចក្តីរាយការណ៍​អំពី​ខ្លឹមសារ​ទាក់ទង​ជាមួយ​មេដឹកនាំ​បរទេស​ទេ»។

អ្នក​នាំពាក្យ​រូប​នោះ​ក៏បាន​បញ្ជាក់​ដែរ​ថា៖ «យើង​មិន​បាន​ធ្វើ​ការ​សម្រេច​ណា​មួយ​អំពី​ជំហរ​កងកម្លាំង​របស់​យើង​នៅ​អាហ្វហ្គានីស្ថាន​ក្រោយ​ថ្ងៃទី​១ ខែ​ឧសភា​ ទេ។ យើង​រក្សា​ជម្រើស​ទាំង​អស់»។

ក្រសួង​ការពារ​ជាតិ​អាមេរិក កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​បាន​បញ្ជាក់ថា​ខ្លួន​កំពុង​បន្តពិនិត្យ​សើរើ​នៅ​ឡើយ​នូវ​កិច្ច​ព្រមព្រៀង​រវាង​អាមេរិក​និង​ក្រុម​តាលីបង់​ ហើយ​រហូត​ទាល់​តែ​ការ​សើរើ​នោះ​ចប់​សព្វ​គ្រប់ នឹង​មិន​មាន​ការ​សម្រេច​អំពី​អនាគតកងកម្លាំង​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន​ទេ៕