យន្តហោះចម្បាំងរបស់អាមេរិកបានធ្វើការវាយប្រហារផ្លូវអាកាសទៅលើជំរំហ្វឹកហ្វឺនមួយកន្លែងរបស់ក្រុមរដ្ឋឥស្លាមនៅប៉ែកខាងលិចប្រទេសលីប៊ី ក្បែរព្រំប្រទល់ជាមួយនឹងប្រទេសទុយនីស៊ី។ នេះបើយោងតាមក្រុមមន្រ្តីរបស់សហរដ្ឋអាមេរិក។
ការវាយប្រហារនៅព្រឹកថ្ងៃសុក្រនេះបានកម្ទេចអាគារមួយនៅក្នុងក្រុង Sabratha ដែលស្ថិតនៅប៉ែកខាងលិចរដ្ឋធានី Tripoli នៅក្នុងតំបន់មួយដែលមានវត្តមានក្រុមជ្រុលនិយមនៅទីនោះ។
ក្រុមមន្រ្តីនៅក្នុងតំបន់នោះបានឲ្យដឹងថា មានមនុស្សយ៉ាងហោចណាស់ចំនួន៤០នាក់ត្រូវបានសម្លាប់។ ក្រុមមន្រ្តីលោកខាងលិចបានថ្លែងប្រាប់សារព័ត៌មាន The New York Timesថាមានសមាជិកក្រុមរដ្ឋឥស្លាមដែលទើបតែចូលថ្មីជាង៣០នាក់ត្រូវបានសម្លាប់។
សារព័ត៌មាននោះបានដកស្រង់សម្តីរបស់មន្រ្តីលោកខាងលិចថា «គោលដៅនៃការវាយប្រហារនេះគឺភ្នាក់ងារសម្ងាត់ទុយនីស៊ីជាន់ខ្ពស់ម្នាក់ដែលមានការពាក់ព័ន្ធទៅនឹងការវាយប្រហារធំៗចំនួន២នៅក្នុងប្រទេសទុយនីស៊ីកាលពីឆ្នាំមុន»។
សហរដ្ឋអាមេរិកបានទទួលស្គាល់ពីការវាយប្រហារផ្លូវអាកាសរបស់ខ្លួនទៅលើប្រទេសលីប៊ីយ៉ាងហោចណាស់ចំនួន២ដងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយរួមមានទាំងការវាយប្រហារទៅលើប្រធានក្រុមរដ្ឋឥស្លាមក្នុងប្រទេសលីប៊ីនៅក្នុងការវាយប្រហារកាលពីខែវិច្ឆិកានៅក្នុងទីក្រុង Derna ផងដែរ។
ប្រទេសលីប៊ីបានស្ថិតក្នុងភាពចលាចល និងភាពមិនប្រាកដប្រជានយោបាយ ចាប់តាំងពីមេដឹកនាំផ្តាច់ការ Moammar Gadhafi ត្រូវបានផ្តួលរំលំពីអំណាចនិងសម្លាប់កាលពីឆ្នាំ២០១១នោះ។ ក្រុមរដ្ឋឥស្លាមបានឆ្លៀតឱកាសពង្រីកសហប្រតិបត្តិការរបស់ខ្លួននៅទីនោះ៕