អ្នកជំនាញគោលនយោបាយការបរទេសលោកខាងលិចបានស្វាគមន៍កិច្ចព្រមព្រៀងកាលពីពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិកជាមួយនឹងប្រទេសកូរ៉េខាងត្បូងនិងជប៉ុននៅក្នុងការរួមគ្នាដើម្បីតតាំងនឹងយុទ្ធនាការផ្សព្វផ្សាយព័ត៌មានប្រឌិតរបស់បរទេស។ អ្នកជំនាញទាំងនេះបាននិយាយថាកិច្ចព្រមព្រៀងនេះជាការចាំបាច់ដើម្បីប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិននៅក្នុងការធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យសេរីតាមរយៈការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។
សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុននៅក្នុងទីក្រុងតូក្យូកាលពីថ្ងៃទី ៦ ខែធ្នូ «ដើម្បីកំណត់អត្តសញ្ញាណនិងប្រឆាំងនឹងការក្លែងបន្លំព័ត៌មានបរទេស»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
កិច្ចព្រមព្រៀងនេះបានធ្វើឡើងបន្ទាប់ពីមានអនុស្សរណៈនៃការយោគយល់គ្នាដែលសហរដ្ឋអាមេរិកបានចុះហត្ថលេខាជាមួយប្រទេសកូរ៉េខាងត្បូងក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃទី ១ ខែធ្នូ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាតតាំងនឹងព័ត៌មានប្រឌិតរបស់បរទេស។
កិច្ចព្រមព្រៀងដែលត្រូវបានបង្កើតឡើងជាលើកដំបូងដើម្បីប្រឆាំងនឹងព័ត៌មានប្រឌិតនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅអាស៊ីរបស់អ្នកស្រី Liz Allen រដ្ឋលេខាធិការក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការការទូតសាធារណៈនិងកិច្ចការសាធារណៈ។
កិច្ចព្រមព្រៀងនេះត្រូវបានបង្កើតឡើងដើម្បី «បង្ហាញអំពីភាពម៉ឺងម៉ាត់ដែលសហរដ្ឋអាមេរិកកំពុងធ្វើការជាមួយដៃគូរបស់ខ្លួនដើម្បីការពារលំហព័ត៌មាន»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ៦ ខែធ្នូរបស់ក្រសួងការបរទេសអាមេរិក ដែលមិនបានបញ្ជាក់ថាប្រទេសណាមួយជាការគំរាមកំហែង។
ជាការឆ្លើយតប លោក Liu Pengyu អ្នកនាំពាក្យស្ថានទូតចិនប្រចាំរដ្ឋធានីវ៉ាស៊ីនតោននៃសហរដ្ឋអាមេរិក បានប្រាប់ VOA កាលពីថ្ងៃទី ៥ ខែធ្នូថា លោកចង់សង្កត់ធ្ងន់ថា «ប្រទេសចិនតែងតែប្រឆាំងនឹងការបង្កើតនិងការផ្សព្វផ្សាយព័ត៌មានប្រឌិត»។
លោកបាននិយាយថា៖ «អ្វីដែលខ្ញុំបានឃើញនោះគឺថាមានព័ត៌មានប្រឌិតជាច្រើនអំពីប្រទេសចិននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមតាមអនឡាញនៅសហរដ្ឋអាមេរិក។ មន្ត្រីសហរដ្ឋអាមេរិក សមាជិកសភា ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការមួយចំនួនបានផលិតនិងផ្សព្វផ្សាយព័ត៌មានមិនពិតយ៉ាងច្រើនប្រឆាំងនឹងប្រទេសចិនដោយគ្មានភ័ស្តុតាងណាមួយដោយមិនអើពើនឹងការពិតជាមូលដ្ឋានឡើយ»។
លោក David Maxwell អនុប្រធានមជ្ឈមណ្ឌលយុទ្ធសាស្ត្រអាស៊ីប៉ាស៊ីហ្វិក (Center for Asia Pacific Strategy) បាននិយាយថា កិច្ចព្រមព្រៀងដែលសហរដ្ឋអាមេរិកបានធ្វើជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនគឺជា «ការទទួលស្គាល់ដោយចេតនាចំពោះការគំរាមកំហែងដែលបង្កឡើងដោយប្រទេសចិន»។
លោក Maxwell បានបញ្ជាក់ថា៖ «ព័ត៌មានប្រឌិតគឺជាផ្នែកមួយនៃយុទ្ធនាការសង្គ្រាមនយោបាយរយៈពេលវែងដោយចេតនារបស់ប្រទេសចិនដើម្បីបង្ខូចលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ក៏ដូចជាធ្វើឱ្យខូចដល់ទំនាក់ទំនងសម្ព័ន្ធមិត្តដើម្បីបង្ការកុំឱ្យមានសកម្មភាពរួមគ្នាប្រឆាំងនឹងប្រទេសចិនផងដែរ»។
ប្រទេសចិនហាក់ដូចជាកំពុងបង្កើនល្បឿនប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយសង្គមតាមអនឡាញរបស់ខ្លួនក្នុងគោលបំណងជះឥទ្ធិពលលើការបោះឆ្នោតនៅសហរដ្ឋអាមេរិកនៅឆ្នាំ ២០២៤ ខាងមុខ។
ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់បណ្តាញសង្គម Facebook និង Instagram បានប្រកាសកាលពីថ្ងៃទី ៣០ ខែវិច្ឆិកាថា ខ្លួនបានបិទទំព័រ Facebook ចំនួន ៤.៧៨៩ ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន ដែលកំពុងក្លែងបន្លំធ្វើជាជនជាតិអាមេរិកាំងដូចជាអ្នកនយោបាយជាដើម និងបង្ហោះសារអំពីនយោបាយសហរដ្ឋអាមេរិកនិងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិន។
នៅក្នុងរបាយការណ៍ស្តីពីការគំរាមកំហែងពីសត្រូវ ក្រុមហ៊ុន Meta បានបញ្ជាក់ថា ប្រទេសចិនគឺជាប្រភពព័ត៌មានប្រឌិតច្រើនជាងគេទីបីបន្ទាប់ពីប្រទេសរុស្ស៊ីនិងអ៊ីរ៉ង់។
លោក Dennis Wilder អ្នកជំនាញជាន់ខ្ពស់នៃគម្រោងផ្តួចផ្តើមសម្រាប់កិច្ចសន្ទនាអាមេរិក-ចិនលើបញ្ហាសាកលនៅសាកលវិទ្យាល័យ Georgetown បាននិយាយថា «ជនជាតិចិន រុស្ស៊ី និងអ្នកផ្សេងទៀតព្យាយាមរំខានដល់ទំនាក់ទំនងទៅវិញទៅមកជាធម្មតានៅក្នុងដំណើការនយោបាយរបស់យើង»។
លោក Wilder ដែលធ្លាប់ធ្វើជាប្រធានក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការប្រទេសចិនពីឆ្នាំ ២០០៤ ដល់ ២០០៥ ក្នុងអំឡុងរដ្ឋបាលលោកប្រធានាធិបតី George W. Bush ផងដែរនោះ បាននិយាយបន្តថា កិច្ចព្រមព្រៀងដែលសហរដ្ឋអាមេរិកបានធ្វើជាមួយកូរ៉េខាងត្បូងនិងជប៉ុនគឺជា «ជំហានសំខាន់ឆ្ពោះទៅមុខមួយ» ដោយសារតែ «ប្រទេសប្រជាធិបតេយ្យត្រូវតែធ្វើការរួមគ្នា» ដើម្បីប៉ះប៉ូវ «ព័ត៌មានប្រឌិតដែលបង្កើតឡើងដើម្បីជះឥទ្ធិពលដល់អ្នកបោះឆ្នោត និងសាបព្រោះការមិនពេញចិត្តជាទូទៅក្នុងប្រព័ន្ធនយោបាយបើកចំហរបស់យើង»។
រដ្ឋាភិបាលចិនក៏ហាក់ដូចជាកំពុងផ្សព្វផ្សាយសារប្រឆាំងនឹងសហរដ្ឋអាមេរិកនិងសារគាំទ្រចិននៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់កូរ៉េខាងត្បូង (NIS) បានប្រកាសកាលពីថ្ងៃទី ១៣ ខែវិច្ឆិកាថា ខ្លួនបានរកឃើញនិងបិទវេបសាយព័ត៌មានក្លែងក្លាយជាភាសាកូរ៉េចំនួន ៣៨ ដែលដំណើរការដោយក្រុមហ៊ុនទំនាក់ទំនងសាធារណៈរបស់ចិនចំនួនពីរគឺក្រុមហ៊ុន Haimai និងក្រុមហ៊ុន Haixun។
មជ្ឈមណ្ឌលជាតិសន្តិសុខតាមអ៊ីនធឺណិត (National Cyber Security Center) របស់កូរ៉េខាងត្បូង ដែលគ្រប់គ្រងដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង បានចេញផ្សាយរបាយការណ៍មួយនៅថ្ងៃដដែលដែលពិពណ៌នាអំពីប្រភេទនៃការឃោសនាដែលក្រុមហ៊ុនទាំងនេះបានផ្សព្វផ្សាយតាមរយៈវេបសាយព័ត៌មានក្លែងក្លាយដោយក្លែងខ្លួនជាសមាជិកនៃសមាគមព័ត៌មានឌីជីថលកូរ៉េ (Korean Digital News Association)។ អង្គការនេះគឺជាអ្នកត្រួតពិនិត្យលើការរក្សាសិទ្ធិនៃអត្ថបទព័ត៌មានដែលបង្ហោះដោយសមាជិករបស់ខ្លួន។
ដោយប្រើឈ្មោះវេបសាយព័ត៌មានដូចជា Seoul Press ដែលមានអាសយដ្ឋានអ៊ីនធឺណិត seoulpr.com និង Busan Online ដែលមានអាសយដ្ឋានអ៊ីនធឺណិត busanonline.com ក្រុមហ៊ុន Haimai កំពុងផ្សព្វផ្សាយព័ត៌មានប្រឌិតនិងដំណើរការវេបសាយទាំងនេះពីប្រទេសចិន។ នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយ។
អត្ថបទមួយនៅលើវេបសាយ Daegu Journal ដែលជាវេបសាយខុសច្បាប់មួយទៀតដែលគ្រប់គ្រងដោយក្រុមហ៊ុន Haimai បានរៀបរាប់កាលពីខែមិថុនាថា ទឹកសំណល់នុយក្លេអ៊ែរដែលប្រទេសជប៉ុនបានបញ្ចេញនឹងប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់អាហាររបស់កូរ៉េខាងត្បូង។
របាយការណ៍របស់មជ្ឈមណ្ឌលជាតិសន្តិសុខតាមអ៊ីនធឺណិតរបស់កូរ៉េខាងត្បូងក៏បានកត់សម្គាល់ផងដែរថា ក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិត Mandiant នៅសហរដ្ឋអាមេរិកដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Google បានចេញផ្សាយរបាយការណ៍មួយកាលពីខែកក្កដាដោយចោទប្រកាន់ក្រុមហ៊ុន Haimai ថាបានដំណើរការវេបសាយក្លែងបន្លំចំនួន ៧២ ដើម្បីផ្សព្វផ្សាយសារប្រឆាំងនឹងសហរដ្ឋអាមេរិក។
លោក Cho Han-Bum អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានកូរ៉េសម្រាប់ការបង្រួបបង្រួមជាតិ (Korea Institute for National Unification) បានប្រាប់ VOA ផ្នែកភាសាកូរ៉េកាលពីថ្ងៃទី ៥ ខែធ្នូថា «ប្រទេសចិននិងកូរ៉េខាងជើងកំពុងព្យាយាមតាមវិធីផ្សេងៗដើម្បីជះឥទ្ធិពលលើមតិសាធារណៈរបស់កូរ៉េខាងត្បូង»។
លោកបាននិយាយថា យុទ្ធនាការជះឥទ្ធិពលនេះអាចប៉ះពាល់ដល់គោលនយោបាយរបស់កូរ៉េខាងត្បូង ហើយដូច្នេះវាក៏ជះឥទ្ធិពលដល់ទំនាក់ទំនងរបស់កូរ៉េខាងត្បូងជាមួយនឹងចិន ឬក៏គោលជំហររបស់កូរ៉េខាងត្បូងលើកូរ៉េខាងជើងផងដែរ៕
លោក Kim Hyungjin នៅក្នុងទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងរួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។
ប្រែសម្រួលដោយលោក ម៉ែន គឹមសេង