ទីភ្នាក់ងារឃ្លាំមើលរដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានណែនាំឲ្យបណ្តេញអ្នកស្រី Kellyanne Conway ជំនួយការម្នាក់ប្រចាំសេតវិមានដែលមានភាពជិតស្និទ្ធបំផុតជាមួយនឹងលោកប្រធានាធិបតី Trump ចេញពីការងារ ដោយសារតែអ្នកស្រីមានជាប់ទាក់ទិនម្តងហើយម្តងទៀតនៅក្នុងការវាយប្រហាររបស់គណបក្សនយោបាយ ខណៈអ្នកស្រីមានតួនាទីជាបុគ្គលិករដ្ឋាភិបាលសហព័ន្ធ។
ការិយាល័យរដ្ឋអាជ្ញាដែលមិនជាប់ព័ន្ធនឹងរដ្ឋអាជ្ញាពិសេសលោក Robert Mueller ដែលបានដឹកនាំការស៊ើបអង្កេតការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦ បានឲ្យដឹងថា អ្នកស្រី Conway បានបំពានលើច្បាប់ដែលហាមឃាត់មិនឲ្យគាំទ្របេក្ខជនដែលឈរឈ្មោះបោះឆ្នោត ឬ Hatch Act ម្តងហើយម្តងទៀត ដែលច្បាប់នេះហាមឃាត់មិនឲ្យបុគ្គលិកសហព័ន្ធចូលរួមក្នុងសកម្មភាពនយោបាយ ខណៈកំពុងបំពេញការងារ។
ការិយាល័យរដ្ឋអាជ្ញាបានចេញសេក្តីថ្លែងការណ៍មួយដែលបានបញ្ជាក់ថា៖ «យោងតាមសកម្មភាពល្មើសច្បាប់ម្តងហើយម្តងទៀតរបស់អ្នកស្រី Conway ការិយាល័យរដ្ឋអាជ្ញាសូមធ្វើការណែនាំឲ្យបណ្តេញអ្នកស្រីចេញពីការងារជាបុគ្គលិករដ្ឋាភិបាលសហព័ន្ធ»។
ទីភ្នាក់ងារនេះបានរាយការណ៍ថា អ្នកស្រីបានបំពានច្បាប់នេះតាមរយៈការនិយាយវាយប្រហារទៅលើបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ នៅអំឡុងពេលផ្ដល់បទសម្ភាសន៍មួយ ដែលបានចាក់ផ្សាយតាមទូរទស្សន៍និងនៅលើបណ្តាញសង្គមក្នុងនាមអ្នកស្រីជាបុគ្គលិករដ្ឋាភិបាលសហព័ន្ធ។
ទីភ្នាក់ងារនេះបានអះអាងទៀតថា៖ «ប្រសិនបើគ្មានការដាក់ទណ្ឌកម្មលើទង្វើខុសច្បាប់របស់អ្នកស្រី Conwayទេនោះ វាហាក់ដូចជាការផ្ញើសារមួយទៅកាន់បុគ្គលិករដ្ឋាភិបាលសហព័ន្ធទាំងអស់ថា ពួកគេមិនចាំបាច់គោរពច្បាប់ Hatch Act នេះទេ។ សកម្មភាពរបស់អ្នកស្រីបំផ្លាញដល់នីតិរដ្ឋដែលជាគោលការណ៍គ្រឹះដ៏សំខាន់នៃប្រព័ន្ធប្រជាធិបតេយ្យរបស់យើង»៕