មន្ត្រីសន្តិសុខផ្នែកបោះឆ្នោតរបស់សហរដ្ឋអាមេរិក កំពុងឲ្យសាធារណជនអាមេរិកាំង ត្រៀមចំពោះស្ថានភាពអាក្រក់បំផុតថ្មីមួយ ដែលអាចកើតឡើងចំពោះការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខ។
ស្ថានភាពនោះគឺការដែលជនឧក្រិដ្ឋអាចបញ្ចេញព័ត៌មានក្លែងក្លាយទ្រង់ទ្រាយធំភ្លាមៗ ក្រោយការិយាល័យបោះឆ្នោតទាំងអស់បានបិទ នៅពេលដែលពលរដ្ឋកំពុងរង់ចាំតាមដានថា បេក្ខជនណានឹងក្លាយជាប្រធានាធិបតីដឹកនាំប្រទេសសម្រាប់ ៤ ឆ្នាំទៀត។
មន្ត្រីទាំងនោះបានព្រមានបន្ថែមទៀតថា ការវាយប្រហារបែបបញ្ចេញព័ត៌មានក្លែងក្លាយនេះទំនងជានឹងមានគ្រប់ទីកន្លែង ដែលមានគោលដៅធ្វើឲ្យពលរដ្ឋអាមេរិកលែងទុកចិត្តលើព័ត៌មាន ដែលពួកគេទទួលបាន សូម្បីប្រភពព័ត៌មានដែលពួកគេធ្លាប់ទុកចិត្តក៏ដោយ។
ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI និងទីភ្នាក់ងារសន្តិសុខតាមអ៊ីនធឺណិតនិងសន្តិសុខព័ត៌មាន CISA បានព្រមានតាមការផ្សាយមួយ កាលពីថ្ងៃអង្គារថា៖ «តួអង្គបរទេសនិងឧក្រិដ្ឋជនអាចបង្កើតគេហទំព័រថ្មី ឬចូលកែប្រែគេហទំព័រដែលមានស្រាប់ និងចែកចាយព័ត៌មានក្លែងក្លាយនោះ តាមបណ្តាញសង្គមលើអ៊ីនធឺណិត»។
ស្ថាប័នទាំងពីរបានទទូចឲ្យសាធារណជនអាមេរិក «ស្វែងរកតែប្រភពព័ត៌មានដែលទុកចិត្តបាន ដូចជាពីមន្ត្រីបោះឆ្នោតថ្នាក់រដ្ឋ និងថ្នាក់មូលដ្ឋានជាដើម»។
ការព្រមានជាទូទៅអំពីបញ្ហាព័ត៌មានក្លែងក្លាយនៅក្នុងការបោះឆ្នោតអាមេរិកនេះ មិនមែនជារឿងថ្មីទេ ប៉ុន្តែការព្រមានលើកនេះពីស្ថាប័ន FBI និង CISA កាន់តែមានភាពលម្អិតជាងមុន ដោយរៀបរាប់ពីវិធីដែលសត្រូវបរទេស អាចព្យាយាមបំភ្លៃសាធារណមតិអាមេរិកតាមបណ្តាញអ៊ីនធឺណិត៕