ក្រុមជួញដូរមនុស្សបានធ្វើដំណើរទៅកាន់ក្រុងមួយក្នុងប្រទេសស៊ីរីដែលនាង Angela រស់នៅ ដើម្បីរកមនុស្សឲ្យទៅធ្វើការតាមភោជនីយដ្ឋានក្នុងប្រទេសលីបង់។ នាង Angela ដែលជាជនរងគ្រោះម្នាក់បានយល់ព្រមចាកចេញពីប្រទេសដែលហែកហួរដោយសង្គ្រាមរបស់នាង ប៉ុន្តែនាងបែរជាក្លាយទៅជាជនរងគ្រោះនៃការជួញដូរផ្លូវភេទ ជាមួយនឹងក្មេងស្រីរាប់សិបនាក់ផ្សេងទៀតទៅវិញ។ ក្មេងស្រីទាំងនោះត្រូវបានគេចាក់សោរទុកក្នុងសណ្ឋាគារ ហើយពេលខ្លះត្រូវបានបង្ខំឲ្យទទួលភ្ញៀវ២០នាក់ជារៀងរាល់ថ្ងៃ។ ក្រុមជួញដូរមនុស្សទាំងនោះក៏ចាប់រំលោភនិងធ្វើទារុណកម្មទៅលើក្មេងស្រីទាំងនោះដែរ។
ករណីរបស់នាង Angela គឺជាករណីមួយក្នុងចំណោមករណីផ្សេងៗទៀតដែលបានបរិយាយនៅក្នុងរបាយការណ៍ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់ក្រសួងការបរទេសឆ្នាំ២០១៦ ដែលសង្កត់ធ្ងន់ទៅលើបញ្ហានានា ដូចជាបញ្ហាទាសភាពសម័យទំនើប ការយកកុមារធ្វើជាទាហាន ការបង្ខំឲ្យរៀបការ និងការបង្ខំឲ្យធ្វើជាទាសករក្នុងផ្ទះជាដើម។ របាយការណ៍នោះក៏បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃប្រទេសនិងដែនដីចំនួន១៨៨នៅជុំវិញពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ដែលក្នុងនោះក៏មានសហរដ្ឋអាមេរិកផងដែរ។
របាយការណ៍នៅក្នុងឆ្នាំនេះ ប្រទេសចំនួន៨ទៀតត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅ ក្នុងចំណោមប្រទេសដែលមិនមានចាត់វិធានការការពារពីការជួញដូរមនុស្សដ៏អាក្រក់បំផុត ដែលគេហៅថា បញ្ជីចំណាត់ថ្នាក់ទី៣។ ប្រទេសថ្មីៗដែលត្រូវបានដាក់បញ្ចូលនោះរួមមាន ប្រទេសអ៊ូសបេគីស្ថាន ដែលជាអតីតប្រទេសក្នុងសហភាពសូវៀត ប្រទេសតួកម៉េនីស្ថាន និងបណ្តាប្រទេសដែលចាប់ផ្តើមអនុវត្តលទ្ធិប្រជាធិបតេយ្យដូចជាប្រទេសមីយ៉ាន់ម៉ា ហៃទី ជីប៊ូទី ប៉ាពូញូហ្គីណេ ស៊ូដង់ និងប្រទេសសូរីណាម។ ប្រទេសដែលស្ថិតក្នុងចំណាត់ថ្នាក់ទី៣អាចប្រឈមនឹងទណ្ឌកម្មនានា ដែលដាក់កម្រិតទៅលើការទទួលបានជំនួយរបស់អាមេរិកនិងស្ថាប័នអន្តរជាតិនានា។
ក្រសួងការបរទេសបានឲ្យដឹងថា ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សក៏ដោយ ក៏មនុស្សរាប់លាននាក់ប្រឈមនឹងការបង្ខិតបង្ខំផ្លូវចិត្ត ផ្លូវកាយ និងផ្នែកហិរញ្ញវត្ថុផងដែរ ហើយដែលពួកគេត្រូវបានក្រុមជួញដូរមនុស្សលួងលោម ដែលក្រុមជួញដូរមនុស្សទាំងនោះកេងប្រវ័ញ្ចលើភាពទន់ខ្សោយរបស់ពួកគេដើម្បីចំណេញខ្លួនឯង។
ដោយបានហៅការជួញដូរមនុស្សថាជាឧស្សាហកម្មមួយដែលរកចំណូលបានរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ លោក ចន ឃែរី រដ្ឋមន្ត្រីការបរទេសអាមេរិកបានមានប្រសាសន៍យ៉ាងដូច្នេះថា «ទាសភាពសម័យទំនើបបច្ចុប្បន្ននេះ នៅតែធ្វើឲ្យមានជនរងគ្រោះជាង២០លាននាក់ ហើយជនរងគ្រោះទាំងនោះគឺជាមនុស្ស ពួកគេមានឈ្មោះ និងក្រុមគ្រួសារ»៕