ចាប់តាំងពីសប្តាហ៍ទីមួយនៃការចូលកាន់ដំណែងមក រដ្ឋមន្រ្តីការពារប្រទេសអាមេរិកស្តីទីលោក Pat Shanahan បាននិយាយថា ការព្រួយកង្វល់ដ៏ធំរបស់លោកគឺ «ចិន ចិន ចិន»។
កាលពីថ្ងៃសៅរ៍ លោករដ្ឋមន្រ្តីការពារប្រទេសអាមេរិកស្តីទី Shanahan បានប្រាប់អ្នកស្តាប់នៅឯវេទិកាការពារប្រទេសប្រចាំឆ្នាំ Shangri-La ក្នុងប្រទេសសិង្ហបុរីថា សហរដ្ឋអាមេរិក នឹងមិនធ្វើព្រងើយកន្តើយពីឥរិយាបថរបស់ចិន ដែលលោកនិយាយថា បានគំរាមកំហែងវិបុលភាពនៅក្នុងតំបន់នោះទេ។
លោក Shanahan បាននិយាយទៀតថា៖ «វាមិនមែនអំពីជម្លោះទេ។ វាមិនមែនអំពីការស្ថាបនារបងទេ។ នេះគឺអំពីសន្តិសុខ»។
ប្រទេសចិនមានភាពល្បីល្បាញអំពីការលួចបច្ចេកវិទ្យាខាងយោធា និងស៊ីវិលរបស់ប្រទេសផ្សេងទៀត ហើយលោករដ្ឋមន្រ្តីការពារអាមេរិក បាននិយាយថា លោកបានលើកឡើងបញ្ហានៃការវាយប្រហារប្រព័ន្ធអ៊ីនធឺណិត និងការលួចកម្មសិទ្ធបញ្ញាដែលបានធ្វើឡើងដោយរដ្ឋាភិបាលក្រុងប៉េកាំង។
ក្រុមអ្នកជំនាញនិយាយថា ចិនបានប្រើការលួចនេះដើម្បីធ្វើឲ្យមានគម្លាតរួមតូចរវាងអ្នករិះគន់អាមេរិកាំងខ្លះ និងសមត្ថភាពខាងយោធារបស់ចិន។
លោក Michael O’Hanlon ជាអ្នកជំនាញជើងចាស់ខាងការពារប្រទេសនៅវិទ្យាស្ថាន Brookings បាននិយាយថា៖ «ប្រភេទនៃការកេងប្រយោជន៍ដែលយើងបានប្រឆាំងនឹងចិន និងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិចក្នុងអំឡុងសង្គ្រាមត្រជាក់ បានចប់ដោយទទួលលទ្ធផលល្អ»។
ចិនក៏បានបន្តគម្រោងអំណាចយោធាកាន់តែច្រើនឡើងហួសពីព្រំដែនរបស់ខ្លួន ភាគច្រើនដោយការស្ថាបនាកោះសិប្បនិម្មិតក្នុងសមុទ្រចិនខាងត្បូង ហើយនិងដាក់អាវុធធុនធ្ងន់នៅលើកោះទាំងនោះ ដើម្បីគាំទ្រការទាមទារទឹកដី ដោយមិនទទួលស្គាល់ច្បាប់អន្តរជាតិ៕