សហរដ្ឋ​អាមេរិក​ចោទ​ប្រកាន់​ប្រទេស​រុស្ស៊ី​ថា​ ដាក់​ពង្រាយ​កាំជ្រួច​មីស៊ីល​ដែល​រំលោភ​សន្ធិសញ្ញា​ត្រួតត្រា​អាវុធ

លោក​ឧត្តមសេនីយ៍ Paul Selva ផ្តល់​សក្ខីកម្ម​នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤។

សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​ជា​សាធារណៈ​ដល់​ប្រទេស​រុស្ស៊ី​ជា​លើក​ដំបូង​ចំពោះ​ការ​ដាក់​ពង្រាយ​កាំជ្រួច​មីស៊ីល​ដែល​រំលោភ​កិច្ច​ព្រម​ព្រៀង​ការ​ត្រួតត្រា​អាវុធ​ដែល​មាន​វ័យ​ចំណាស់​៣០​ឆ្នាំ។

ឧត្តមសេនីយ៍ Paul Selva ​នាយ​អគ្គ​សេនាធិការ​រង​កងទ័ព​សហរដ្ឋ​អាមេរិក ​បាន​បញ្ជាក់​នៅ​វិមាន​រដ្ឋ​សភា Capitol Hill សហរដ្ឋ​អាមេរិកថា ​ការ​ដាក់​ពង្រាយ​កាំជ្រួច​នៅ​នឹង​ដី​រំលោភ​ស្មារតី​នៃ​សន្ធិសញ្ញា​កម្លាំង​នុយក្លេអ៊ែរ​វង់​ប្រតិបត្តិការ​មធ្យម​ឆ្នាំ​១៩៨៧។

កំណត់​សម្គាល់​របស់​លោក​ឧត្តមសេនីយ៍ Selvaកាល​ពី​ថ្ងៃ​ពុធ​នៅ​ពី​មុខ​គណៈកម្មាធិការ​គ្រឿង​អាវុធ​របស់​សភា​តំណាងរាស្រ្ត​អាមេរិក​ជា​ការ​បញ្ចាក់​ជា​សាធារណៈ​លើក​ទី​មួយ​របស់​យោធា​សហរដ្ឋ​អាមេរិក​នូវ​របាយការណ៍​កាល​ពី​ខែ​មុន​ថា ​ រុស្ស៊ី​បាន​ដាក់​ពង្រាយ​កាំជ្រួច​នោះ​ដោយ​សម្ងាត់។

លោក​ឧត្តមសេនីយ៍ Selva បាន​ផ្តល់​សក្ខីកម្ម​ថា ​ការ​ដាក់​ពង្រាយ​កាំជ្រួច​មីស៊ី​ល​របស់​រុស្ស៊ី​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​ទីតាំង​កងទ័ព​របស់​យើង​ភាគ​ច្រើន​នៅ​ក្នុង​តំបន់​អឺរ៉ុប។​លោក​ឧត្តមសេនីយ៍​និយាយ​បន្ត​ទៀត​ថា ចំណាត់​ការ​នេះ​ជា​ការ​ប៉ុនប៉ង​ របស់​រុស្ស៊ី​ដើម្បី​គំរាម​កំហែង​ដល់​អង្គការ​អូតង់។

អតីត​រដ្ឋបាល​របស់​ប្រធានា​ធិបតី​បារ៉ាក់ ​អូបាម៉ា ​បាន​និយាយ​ថា កាំជ្រួច​មីស៊ីល​ប្រភេទ SSC-8 បាន​ត្រូវ​សាក​ល្បង​នៅ​ឆ្នាំ២០១៤ ​ដែល​ជាការ​រំលោភ​សន្ធិសញ្ញា​ដែល​បាន​ហាមឃាត់​កាំជ្រួច​មីស៊ីល​សហរដ្ឋ​អាមេរិក​ និង​រុស្ស៊ី​វង់​ប្រតិបត្តិការ​មធ្យម​ដាក់​ពង្រាយ​នៅ​លើ​ដី។

ការ​រំលោភ​នេះ​បាន​ត្រូវ​លើក​ឡើង​ជា​លើក​ដំបូង​ដោយ​លោក Rose Gottemoeller អគ្គ លេខាធិការ​រង​របស់​អង្គការ​អូតង់​ជាមួយ​មន្រ្តី​រុស្ស៊ី​នៅ​ឆ្នាំ​២០១៣ ដែល​កាល​នោះ​លោក​ជា​មន្រ្តី​ជាន់​ខ្ពស់​ទទួល​បន្ទុក​ការ​ត្រួតត្រា​អាវុធ​របស់​ក្រសួងការ​បរ​ទេស​អាមេរិក​ក្នុង​អំឡុង​នៃ​រដ្ឋបាល​របស់​លោក​អូបាម៉ា៕