ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងបោះឆ្នោតលើសេចក្ដីព្រាងសេចក្ដីសម្រេចមួយនៅថ្ងៃចន្ទនេះ ដើម្បីជំទាស់ទៅនឹងការទទួលស្គាល់របស់សហរដ្ឋអាមេរិកនូវទីក្រុងហ្ស៊េរុយសាឡិមជារដ្ឋធានីរបស់អ៊ីស្រាអែល។
ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍មួយរូបនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិកនឹងទំនងជាបោះឆ្នោតប្រឆាំងនឹងសេចក្ដីព្រាងសេចក្ដីសម្រេចដែលគាំទ្រដោយប្រទេសអេហ្ស៊ីបនេះ។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា សេចក្ដីសម្រេចនេះមិនបានលើកឡើងពីសហរដ្ឋអាមេរិក ឬក៏ប្រធានាធិបតីអាមេរិកលោក Donald Trump ដោយចំឈ្មោះនោះទេ។ ប៉ុន្តែ សេចក្ដីព្រាងសេចក្ដីសម្រេចនេះបានបញ្ជាក់អំពី «ការសោកស្ដាយខ្លាំងជាទីបំផុតចំពោះការសម្រេចចិត្ត [របស់លោក Trump] នាពេលថ្មីៗនេះ ពាក់ព័ន្ធនឹងទីក្រុងហ្ស៊េរុយសាឡិម»។
សេចក្ដីព្រាងនេះក៏អំពាវនាវផងដែរដល់សមាជិកអង្គការសហប្រជាជាតិទាំងអស់កុំឲ្យបង្កើតស្ថានទូតរបស់ខ្លួននៅក្នុងទីក្រុងហ្ស៊េរុយសាឡិម។
គេមិនទាន់ឃើញមានការឆ្លើយតបណាមួយនៅឡើយទេពីសហរដ្ឋអាមេរិក ប៉ុន្តែការឆ្លើយតបរបស់សហរដ្ឋអាមេរិកនឹងទំនងជាធ្វើឡើងតាមរយៈពេលការបោះឆ្នោតជំទាស់នៅថ្ងៃចន្ទនេះ។
លោក Trump បាននិយាយថា ការសម្រេចចិត្តរបស់លោកកាលពីសប្ដាហ៍មុនក្នុងការទទួលស្គាល់ទីក្រុងហ្ស៊េរុយសាឡិមជារដ្ឋធានីរបស់អ៊ីស្រាអែល និងការប្ដូរទីតាំងស្ថានទូតអាមេរិកទៅកាន់ទីក្រុងនោះ គឺជា «ការទទួលស្គាល់នូវការពិត» ដោយលោកបានបញ្ជាក់ថា ទីក្រុងហ្ស៊េរុយសាឡិមមិនត្រឹមតែជារដ្ឋធានីប្រវត្តិសាស្ត្ររបស់ជាតិសាសន៍ជ្វីហ្វនោះទេ ប៉ុន្តែថែមទាំងជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែលសម័យទំនើបនេះទៀតផង៕