មានកុមារប្រមាណ១៣៥លាននាក់អាយុក្រោម៥ឆ្នាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិកមិនទាន់ត្រូវទីភ្នាក់ងាររដ្ឋាភិបាលណាមួយចុះឈ្មោះនៅឡើយទេ។ កត្តានេះធ្វើឲ្យគេមិនអាចមានអត្តសញ្ញាណជាតិ ដែលគេត្រូវការដើម្បីឲ្យគេមានសិទ្ធិ និងអាចទទួលបានសេវាដ៏ចាំបាច់។ មបច្ចុបន្ននេះមានការជំរុញដ៏សំខាន់មួយឲ្យមានការចាប់ផ្តើមផ្តល់អត្តសញ្ញាណតាមផ្លូវច្បាប់សម្រាប់ក្មេងៗ និងមនុស្សគ្រប់វ័យទាំងអស់។
ថ្វីបើមានបច្ចេកវិជ្ជាសម័យឌីជីថលទំនើប និងមានសារគមនាគមន៍ជឿនលឿនក្តី មានមនុស្សច្រើនណាស់នៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៅតែរស់នៅ ហើយស្លាប់ទៅវិញ ដោយគ្មានបន្សល់អត្តសញ្ញាណជាផ្លូវការអ្វីសោះ។
នៅខែវិច្ឆិកា មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់នៅតំបន់នេះនឹងត្រូវគេស្នើឲ្យធ្វើការតាំងចិត្តផ្តល់ការទទួលស្គាល់ក្មេងៗគ្រប់រូប ដោយមុនដំបូងចាប់ផ្តើមការចុះបញ្ជីជាតិកំណើតរបស់គេ ជាផ្នែកមួយនៃការជំរុញឲ្យមានការចុះបញ្ជីស៊ីវិល និងស្ថិតិដ៏សំខាន់ជាសាកល។
មន្ត្រីរដ្ឋាភិបាលនានានឹងកោះប្រជុំនៅទីក្រុងបាងកកនៅក្នុងឆ្នាំនេះ។
ទីប្រឹក្សាការពារកុមារក្នុងតំបន់នៃអង្គការ Unicef គឺលោក Stephen Blight និយាយថា នៅក្នុងសករាជនេះ កង្វះអត្តសញ្ញាណផ្លូវច្បាប់នៅពេលមនុស្សយើងពេញវ័យ អាចបង្កឲ្យមានការប្រឈមមុខជាច្រើន។
«ក្នុងពិភពលោកសម័យទំនើប យើងត្រូវតែបញ្ជាក់ពីអាយុរបស់យើង ហើយយើងត្រូវបញ្ជាក់អត្តសញ្ញាណរបស់យើងដើម្បីឲ្យយើងមានឱកាសធ្វើអ្វីមួយ»។
កត្តាទាំងនេះ រួមមានការទទួលបាននូវឯកសារសំខាន់ៗ ដូចជាលិខិតឆ្លងដែន និងអត្តសញ្ញាណបណ្ណបើកបរ ដើម្បីរកការធ្វើក្នុងផ្នែកណាមួយជាផ្លូវការ ឬដើម្បីបើកគណនីធនាគារ។ សព្វថ្ងៃនេះ កង្វះអត្តសញ្ញាណអាចជាឧបសគ្គដល់ឱកាសទទួលបានអ្វីមួយ ដែលអាចជារបស់ធម្មតា ឬសំខាន់ ដូចជាទូរស័ព្ទដៃជាដើម។
លោក Jonathan Marskell ទីប្រឹក្សាខាងស្ថិតិសម្រាប់គណៈកម្មការសេដ្ឋកិច្ច និងស្ថិតិរបស់អ.ស.ប.សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក UNESCAP និយាយថា ចំពោះអ្នកដែលមិនបានចុះបញ្ជីនោះ កូនរបស់គេក៏ទំនងជាមិនបានចុះបញ្ជីដែរ។
«ដូច្នេះការមិនបានចុះបញ្ជីនេះនឹងបន្តទៅដល់កូនចៅរបស់គេ។ ហើយបញ្ហានេះប៉ះពាល់ ជាពិសេសចំពោះពលរដ្ឋនៃក្រុមណាមួយ ដែលនៅក្រៅសង្គម ជាស្រេចទៅហើយនោះ»។
ការចុះបញ្ជីព័ត៌មានបុគ្គលមិនគ្រាន់តែធ្វើឲ្យបុគ្គលនោះទទួលបានសេវារបស់រដ្ឋាភិបាលប៉ុណ្ណោះទេ តែវាក៏ជួយឲ្យគេមានសិទ្ធិជាមូលដ្ឋានផងដែរ។ ការចុះបញ្ជីក៏ផ្តល់ប្រយោជន៍សម្រាប់ការធ្វើប្រជាសាស្ត្រច្បាស់លាស់ និងជាប្រយោជន៍សម្រាប់សុខភាពប្រជាពលរដ្ឋផងដែរ។
សូម្បីស្ថិតិជាក់លាក់អំពីអ្នកស្លាប់ក៏មានសារៈសំខាន់ដែរ។ ព័ត៌មានអំពីទីកន្លែងមនុស្សស្លាប់ និងហេតុផលបណ្តាលឲ្យស្លាប់ក៏ជួយយើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ និងមរណភាពកុមារផងដែរ។ ប៉ុន្តែបើយោងតាមអង្គការសុខភាពពិភពលោក WHO បានឲ្យដឹងថា មនុស្ស៩នាក់ក្នុងចំណោម១០នាក់ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក រស់នៅក្នុងប្រទេស ដែលស្ថិតិអំពីមរណភាពមិនអាចគួរឲ្យជឿជាក់បាន។
លោក Nicholas Oakeshott មន្ត្រីផ្នែកការពារប្រចាំតំបន់នៃស្នងការជាន់ខ្ពស់អ.ស.ប.សម្រាប់ជនភៀសខ្លួន UNHCR និយាយថា មានរដ្ឋាភិបាលច្រើនឡើងៗកំពុងទទួលស្គាល់តម្លៃរបស់ទិន្នន័យ ដែលជាក់លាក់ និងទូលំទូលាយ។
«យើងអាចមើលឃើញថា សន្ទុះនៃការអភិវឌ្ឍនៅទីនេះឲមានឧបសគ្គខ្លះ ដូចការចុះបញ្ជីជាពិសេស ការចុះបញ្ជីជាតិកំណើតរបស់កុមារជនជាតិភាគតិច ឬកុមារដែលរស់នៅក្នុងតំបន់ដែលពិបាកធ្វើដំណើរទៅដល់។ គេកំពុងតែពុះពារ»។
លោក Anis Chowdhury នាយកផ្នែកស្ថិតិនៃអង្គការ UNESCAP កំពុងធ្វើការអំពាវនាវឲ្យបណ្តាញព័ត៌មានក្នុងប្រទេសកំពុងអភិវឌ្ឍន៍នានា ជួយផ្សព្វផ្សាយព័ត៌មាននេះ។
«មានមនុស្សជាច្រើនមិនដឹងថា គេមានសិទ្ធិក្នុងការចុះបញ្ជីទេ។ នេះជាបញ្ហាដែលបណ្តាញព័ត៌មានអាចជួយយើងបង្កើនការយល់ដឹង»។
មានប្រទេសកំពុងអភិវឌ្ឍន៍ជាង១០០នៅទូទាំងពិភពលោកនៅតែមិនទាន់មានប្រព័ន្ធប្រតិបត្តិការដើម្បីគាំទ្រដល់ការចុះបញ្ជីអត្រាកំណើតមនុស្សឲ្យបានគ្រប់គ្រាន់ និងចងក្រងនឹងព្រឹត្តិការណ៍សំខាន់ៗផ្សេងៗទៀតក្នុងជីវិតរបស់គេ។ ព្រឹត្តិការណ៍នេះសំខាន់ណាស់នៅតំបន់អាស៊ី ដែលមានតួលេខខ្ពស់ក្នុងចំណោមមនុស្ស១៥លាននាក់ដែលមិនមានឈ្មោះក្នុងបញ្ជីរបស់រដ្ឋណាមួយ នៅទូទាំងពិភពលោក។
អស់ពេលជាយូរមកហើយ ដែលប្រជាជនទាំងនេះត្រូវគេមិនយកចិត្តទុកដាក់ ហើយបំភ្លេចចោល នេះបើយោងតាមលោក Hatai Limprayoonyong ធ្វើការនៅអង្គការក្រៅរដ្ឋាភិបាលឈ្មោះ Plan International ដែលជាដៃគូក្នុងសន្និសីទរួមជាមួយមន្ត្រីរដ្ឋាភិបាលដែលរៀបចំដោយ UNESCAP ក្នុងពេលខាងមុខនេះ។
ដៃគូផ្សេងទៀតមានធនាគារអភិវឌ្ឍន៍អាស៊ី អង្គការអន្តោប្រវេសន៍អន្តរជាតិ អង្គការកម្មវិធីអភិវឌ្ឍន៍អ.ស.ប. អង្គការ Unicef និងអង្គការសុខភាពពិភពលោក WHO។
មន្ត្រីអ.ស.ប.ម្នាក់ដែលថ្លែងប្រាប់អ្នកយកព័ត៌មាននៅក្រុងបាងកកកាលពីថ្ងៃព្រហស្បតិ៍ បានទទួលស្គាល់ថា មានកន្លែងច្រើនណាស់ ដែលអំពើពុករលួយ កង្វះប្រព័ន្ធសមស្រប ហើយនឹងកង្វះបុគ្គលិកបានបន្តរារាំងមិនឲ្យមនុស្សជាច្រើនចុះឈ្មោះរបស់គេ និងកូនចៅរបស់គេទេ។
កិច្ចប្រជុំរយៈពេល៤ថ្ងៃរបស់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ស្តីអំពីការចុះបញ្ជីជនស៊ីវិល និងស្ថិតិអ្នកស្លាប់នេះ នឹងត្រូវធ្វើឡើងនៅក្រុងបាងកក ដោយចាប់ផ្តើមនៅថ្ងៃទី២៤ ខែវិច្ឆិកា ហើយមានបំណងជំរុញឲ្យមានការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ននេះ៕
ប្រែសម្រួលដោយលោក ពិន ស៊ីសុវណ្ណ