«អាកាសធាតុប្រែប្រួល ជីវិតតំបន់ឆ្នេរសមុទ្រប្រែប្រួល»៖ ភាគទី ២
រាយការណ៍ដោយ ស៊ុន ណារិន និង លាស់ លីបលីប
កំណត់និពន្ធ៖ សម្រាប់ភាគទី ២ នៃសេចក្តីរាយការណ៍លម្អិត «អាកាសធាតុប្រែប្រួល ជីវិតតំបន់ឆ្នេរសមុទ្រប្រែប្រួល» ដែលមាន៣ភាគ អ្នករាយការណ៍ព័ត៌មានវីអូអេ ពិនិត្យមើលថាតើភាពមិនប្រក្រតីនៃអាកាសធាតុ និងគម្រោងអភិវឌ្ឍតាមតំបន់ឆ្នេរនៅទូទាំងប្រទេសកម្ពុជា បង្កផលប៉ះពាល់អ្វីខ្លះដល់ប្រជានេសាទ។
ជាក់ស្តែង ប្រជានេសាទនៅតាមតំបន់ឆ្នេរក្នុងខេត្តកំពត បានឲ្យដឹងថា ខ្យល់បក់ក្នុងសន្ទុះខ្លាំងបាននិងកំពុងកើតឡើងកាន់តែញឹកញាប់ និងមិនអាចស្មានដឹងទុកមុន។ ការណ៍នេះនាំឲ្យប៉ះពាល់ដល់ការនេសាទរបស់ពួកគេ។ ហើយការនេសាទកាន់តែលំបាក នៅពេលដែលគម្រោងអភិវឌ្ឍនៅតំបន់សមុទ្របានរីកដុសដាល ដែលកំពុងវាតទីជម្រករបស់ជលផលសមុទ្រ ហើយជាលទ្ធផល កំពុងប៉ះពាល់ដល់ទិន្នផលនេសាទរបស់ពួកគេ។
តំបន់ក្នុងស្រុកទឹកឈូ ខេត្តកំពត ដែលត្រូវបានចាក់ដីលុបសមុទ្រ ហើយពលរដ្ឋថា គម្រោងអភិវឌ្ឍមួយនេះបង្កផលប៉ះពាល់ដល់កន្លែងនេសាទរបស់ពួកគេ កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/VOA Khmer)
ភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត — លោក ម៉ើត យ៉ូប ជាអ្នកនេសាទសមុទ្រជាង ២០ ឆ្នាំមកហើយក្នុងភូមិសាស្រ្តស្រុកទឹកឈូ ខេត្តកំពត។ បើទោះលោកមានបទពិសោធន៍ច្រើននៅក្នុងជីវិតជាអ្នកនេសាទក្តី ក៏លោកមិនចង់ឲ្យកូនប្រុសអាយុ ១៤ឆ្នាំ និងកំពុងសិក្សាថ្នាក់ទី ៧ ធ្វើជាអ្នកនេសាទ ដូចរូបលោកឡើយ។
លោក យ៉ូប អាយុ ៤១ឆ្នាំ ដែលមានកូន ២នាក់ ប្រុសម្នាក់ ស្រីម្នាក់ បានរៀបរាប់ថា វាជារឿងគ្រោះថ្នាក់មួយសម្រាប់អ្នកនេសាទតាមសមុទ្រ ក្នុងនោះរួមមានបញ្ហាអាកាសធាតុ ដូចជាខ្យល់ធំ និងជម្លោះជាមួយអ្នកនេសាទខុសច្បាប់និងអ្នកនេសាទជនជាតិវៀតណាម ដែលមានឧបករណ៍នេសាទធំៗ។
លោកប្រាប់វីអូអេ កាលពីពេលថ្មីៗថា៖ «ខ្ញុំគិតថា ទោះបីការរកស៊ីរបស់ខ្ញុំព្យាយាមខំប្រឹងប្រែងយ៉ាងណាក៏ដោយ ខ្ញុំព្យាយាមថាមិនអាចឲ្យកូនខ្ញុំក្លាយជាមនុស្សម្នាក់ដែលដូចខ្ញុំបានទេ។ ចង់ឲ្យគាត់មានចំណេះដឹង ចង់ឲ្យគាត់ក្លាយជាគ្រូបង្រៀន ឬការងារផ្សេងៗ។ ដោយឡែក ខ្ញុំគិតថា សមុទ្រនេះអាចជួបហានិភ័យខ្លាំងទៅថ្ងៃមុខទៅ»។
បញ្ហាខ្យល់សមុទ្រខ្លាំងខុសពីធម្មតា ដែលជាវិបត្តិនៃបម្រែបម្រួលអាកាសធាតុនៅតាមតំបន់សមុទ្រ ត្រូវបានអ្នកនេសាទដែលរស់នៅក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត រូបនោះ អះអាងថា កើតមានឡើងកាន់តែញឹកញាប់ ហើយកាន់តែខ្លាំងឡើងៗ ដែលនាំឲ្យពិបាកនេសាទ ហើយការនេសាទម្តងៗកាន់តែប្រថុយប្រថានគ្រោះថ្នាក់ជាងមុន។
លោកប្រាប់វីអូអេថា៖ «ពាក់ព័ន្ធនឹងខ្យល់អាកាសហ្នឹង គឺវាប្រែពីមុនស្រឡះហ្មង។ ពីមុនឡើយ ក៏មានខ្យល់ធំៗអ៊ីចឹងដែរ ប៉ុន្តែវាមានពេលវេលារបស់វា។ ដល់ពេលឥឡូវហ្នឹង វាអត់មានពេលវេលាទេ មានន័យថា វាប្រែប្រួល។ វាខ្យល់ធំៗមកអ៊ីចឹងទៅ វាអត់មានពេលវេលា។ ជួនកាលយើងកំពុងទម្លាក់មងអូសៗ ឡើងរលកមកបណ្តោយ រហូតដល់ធ្វើឲ្យយើងពិបាកយកឧបករណ៍ឡើងទូក…វាខុសពីអ្វីដែលយើងចំណាំពីមុនមក។ វាមានការប្រែប្រួលច្រើន»។
កម្ពុជាជាប្រទេសងាយរងគ្រោះបំផុតដោយសារវិបត្តិបម្រែបម្រួលអាកាសធាតុ ហើយតំបន់ឆ្នេរក៏រងគ្រោះខ្លាំងដែរ ក្នុងនោះមានទឹកប្រៃជ្រៀតចូលស្រែ ទឹកជំនន់ និងបញ្ហាខ្យល់ព្យុះជាដើម។
លោក ម៉ើត យ៉ូប ជាអ្នកនេសាទខ្មែរអ៊ីស្លាមម្នាក់ នៅតែព្រួយបារម្ភដដែលអំពីសម្ពាធខ្យល់កាន់តែខ្លាំងនាពេលអនាគត។
លោកថ្លែងថា៖ «ខ្ញុំគិតថាវានឹងខ្លាំងជាងហ្នឹងទៅទៀត។ វានឹងអាចកើតឡើងខ្លាំងជាងហ្នឹងទៅទៀតដោយសារយើងមើលទៅលើព្រៃព្រឹក្សាអត់មាន អត់មានអីបាំងខ្យល់ ជាពិសេសនៅជុំវិញខ្លួន។ វាមានដើមឈើអីបាំងអ៊ីចឹង វាអាចទប់លំនឹងបានខ្លះៗពីខ្យល់អ៊ីចឹងណា។ ហើយដោយឡែកយើងមើលទៅស្ថានភាពរាល់ថ្ងៃហ្នឹង គឺមានន័យថា អត់មានព្រៃឈើទេ កាន់តែបាត់បង់ច្រើនមែនទែន។ រហូតអ៊ីចឹងទៅ យើងគិតថា ទៅមុខទៅ វាកាន់តែកំណើនក្តៅ វាកាន់តែខ្លាំងហើយខ្យល់ក៏អាចខ្លាំងដោយសារវាអត់មានអីទ្រទ្រង់វា»។
លោក ម៉ើត យ៉ូប អ្នកនេសាទសមុទ្រក្នុងស្រុកទឹកឈូ ខេត្តកំពត ផ្តល់បទសម្ភាសន៍ដល់វីអូអេ កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១។ (លាស់ លីបលីប/VOA Khmer)
ជាទម្លាប់ ប្រសិនបើមិនមានខ្យល់ខ្លាំង លោក យ៉ូប ចាប់ផ្តើមចេញទៅនេសាទចាប់ពីម៉ោង ៥ល្ងាចហើយត្រឡប់មកដល់ផ្ទះវិញនៅម៉ោងប្រមាណ ៤ទៀបភ្លឺ។ ធ្វើដំណើរជាងមួយម៉ោង លោកទៅដល់កន្លែងនេសាទ ហើយចាប់ផ្តើមរាយមង ដោយលោកត្រូវចំណាយពេលប្រមាណ ៨ម៉ោង នៅសមុទ្រ ដើម្បីរកក្តាមបង្គា និងត្រី។
លោកបានរៀបរាប់បន្ថែមទៀតថា លោករកក្តាមបាន ៥គីឡូក្រាម បង្គាប្រមាណ ១៣គីឡូក្រាម មឹក ៥គីឡូក្រាម និងកូនត្រីប្រមាណ ១០គីឡូក្រាម។
ដោយផាត់ថ្លៃចំណាយលើប្រេង និងកម្មករដែលទៅនេសាទជាមួយរូបលោក លោកថា លោកអាចចំណេញបានប្រមាណ ១០ម៉ឺនរៀល។
ក្រៅពីបញ្ហាអាកាសធាតុ ការនេសាទខុសច្បាប់ និងការនេសាទទ្រង់ទ្រាយធំរបស់វៀតណាម ដែលហៅថា ការ «អូសគូ» តាមកប៉ាល់ក៏ជាក្តីកង្វល់របស់ប្រជានេសាទរូបនោះផងដែរ។
លោកបញ្ជាក់ថា៖ «ទីមួយបញ្ហាខ្យល់ ទីពីរបញ្ហាទូកអូសឆក់ ទីបី បញ្ហាអូសគូ ប៉ុន្តែអាអ្វីយើងរាប់ទីបីហ្នឹង ជាបញ្ហាដែលចម្បងជាងគេ អូសគូហ្នឹង។ ខ្លាចតែជាប់អូសគូ តែយើងជាប់អូសគូ គឺយើងជួបការលំបាកហើយ។ គាត់អូសយើងតាំងពីមងជាប់ទាំងអស់ហ្នឹង វាអាចធ្វើឲ្យខូចខាតរបស់យើងទាំងអស់ហ្នឹង»។
លោកបន្ថែមថា កាលពីឆ្នាំ ២០១៥ អ្នកនេសាទខ្មែរម្នាក់ត្រូវបានវាយសម្លាប់ ដោយសារមានជម្លោះជាមួយអ្នកនេសាទជនជាតិវៀតណាម។
ចំណែកអ្នកនេសាទម្នាក់ទៀត លោក ឡែស កើត អាយុ ៤៨ឆ្នាំ ក៏បានបង្ហាញក្តីបារម្ភដូចលោក យ៉ូប ដែរ អំពីខ្យល់ខ្លាំងនៅតាមសមុទ្រ។ បន្ថែមពីនេះ លោកក៏មានក្តីកង្វល់អំពីការអភិវឌ្ឍតាមព្រែកសមុទ្របច្ចុប្បន្ននេះ ដូចជាការចាក់ដីលុបសមុទ្រ ដែលនាំឲ្យប៉ះពាល់ជម្រកត្រីក្តាមបង្គាដែលលោកធ្លាប់នេសាទ។
លោកប្រាប់វីអូអេថា៖ «សត្វតែអស់ទីលំនៅវា វាឈប់នៅហើយ។ អស់ដីកំណើតវា ឈប់នៅ វារត់។ ចង់ថាឈប់មួយជីវិត ប៉ុនយើងអស់ដីកំណើត អាចរកទិញរម៉ករត់នៅកៀនៗហ្នឹងបាន»។
តំបន់ក្នុងស្រុកទឹកឈូ ខេត្តកំពត ដែលត្រូវបានចាក់ដីលុបសមុទ្រ ហើយពលរដ្ឋថា គម្រោងអភិវឌ្ឍមួយនេះបង្កផលប៉ះពាល់ដល់កន្លែងនេសាទរបស់ពួកគេ កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/វីអូអេ)
កន្លែងចតទូកនេសាទរបស់ប្រជាពលរដ្ឋក្នុងឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/VOA Khmer)
ក្រោយមានការចាក់ដីជាច្រើនឆ្នាំនៅតំបន់របស់លោក អ្នកនេសាទរូបនោះនិងភរិយារបស់លោក គឺអ្នកស្រី ហ៊ីម អាស អាយុ ៤៤ឆ្នាំ បង្ខំចិត្តទៅនេសាទនៅតំបន់ឆ្ងាយ ក្បែរកោះត្រងោល ដែលវាអាចជាការប្រឈមគ្រោះថ្នាក់មួយ។
លោកបញ្ជាក់ថា៖ «និយាយទៀត និយាយមិនរួច ដល់អ៊ីចឹង វាពិបាកដែរ វាពិបាក ផុតពីពិបាកហើយ។ និយាយម៉េចចេញ បើកាយម៉ត់មីខ្ទេចខ្ទីអស់ហើយ ប្រជាជនរកស៊ីម៉េចបាន រកអត់បានទេ។ កាលមុន ខ្ញុំរកតែនៅព្រែកហ្នឹង រកបានមួយថ្ងៃ ជាង ១០ម៉ឺន ២០ម៉ឺន ក៏មានដែរ។ ខ្ញុំទៅឆ្ងាយ ទៅធ្លាយដល់កោះនោះ ហើយឥឡូវគេហៅកោះត្រងោលក្រៅ រកស៊ីនៅព្រែកនេះអត់បាន ធ្លាយដល់កោះក្រៅ។ ទូកប៉ុននេះ ខ្ញុំទៅក្រៅ ពីរនាក់យាយតា កាត់ភ្លៀង កាត់ខ្យល់។ កាលមុន ខ្ញុំរកស៊ីនៅក្នុងឥឡូវរកស៊ីនៅក្រៅ។ បើមានខ្យល់ មានភ្លៀងផង ជីវិតផ្ញើលើទូកហ្នឹងហើយ»។
អ្នកនេសាទរូបនោះក៏មានកូនប្រុសម្នាក់អាយុ ១៥ឆ្នាំ ដែលឈប់រៀនថ្នាក់ទី ៧ ហើយបានធ្វើជាកម្មករនេសាទឲ្យគេ ដែលអាចរកបាន ៣ ទៅ ៤ម៉ឺនរៀល ក្នុងមួយថ្ងៃ។ លោកបន្ថែមថា លោកមិនចង់ឲ្យកូនប្រុសឈប់រៀននោះឡើយ ប៉ុន្តែកូនប្រុសឃើញឪពុកម្តាយមានការលំបាកហើយចង់រកលុយខ្លះ ខណៈខ្លួនក៏« ណាយ» ពីការសិក្សា ដោយសារបញ្ហាជំងឺកូវីដ១៩។
លោកបញ្ជាក់ថា៖ «អត់[ចង់ឲ្យកូន]នេសាទ ព្រោះអីវាពិបាក រកមួយថ្ងៃ ស៊ីមួយថ្ងៃ អត់ទៅមុខទេ»។
នៅពេលចេញទៅនេសាទម្តងៗ លោក កើត អាចរកត្រីសមុទ្របានប្រមាណ ៣០គីឡូក្រាម ហើយក្នុងមួយគីឡូ លោកអាចលក់បាន ៣ពាន់រៀល។ កាត់ថ្លៃចំណាយលើប្រេង លោកអាចនៅសល់ប្រាក់ប្រមាណ ៧ម៉ឺនរៀល។
បទល្មើសនេសាទកាន់តែច្រើន និងការអភិវឌ្ឍនៅតាមព្រែក
យោងតាមរបាយការណ៍នៃការសិក្សាលើកទី ៣ ស្តីពី «ការស្វែងយល់ពីទស្សនៈសាធារណជនចំពោះការប្រែប្រួលអាកាសធាតុនៅកម្ពុជា៖ ចំណេះដឹង ឥរិយាបថ និងការអនុវត្ត» ដែលធ្វើឡើងដោយក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ប្រជាជនរស់នៅតំបន់សមុទ្រ «ងាយរងគ្រោះជាពិសេសពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ»។
ការសិក្សាដែលស្ទង់មតិក្នុងចំណោមប្រជាពលរដ្ឋជិត ១៦០០នាក់ ចេញផ្សាយកាលពីខែឧសភា ឆ្នាំ២០២១ ឲ្យដឹងថា ប្រជាពលរដ្ឋនៅតាមតំបន់សមុទ្រភាគច្រើនមិនមានទំនុកចិត្តអំពីការរៀបចំសម្រាប់បម្រែបម្រួលអាកាសធាតុអាក្រក់ឡើយ ហើយពួកគេប្រមាណ ៧០% នៃអ្នកដែលចូលរួមក្នុងការស្ទង់មតិនោះឆ្លើយថា ពួកគេត្រូវការការគាំទ្រពីរដ្ឋាភិបាល ដើម្បីដោះស្រាយបម្រែបម្រួលអាកាសធាតុដែលពួកគេជួបប្រទះ។
លោក សឹម ហ៊ីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ ដែលបច្ចុប្បន្នជាតំបន់ទេសចរណ៍មួយ បានថ្លែងថា លោកសង្កេតឃើញថាបម្រែបម្រួលអាកាសធាតុកាន់តែខ្លាំងឡើងៗ ក្នុងនោះមានការឡើងកម្ពស់ទឹកសមុទ្រ ការកើនឡើងកម្តៅ និងខ្យល់កាន់តែធ្ងន់ធ្ងរ ដែលប៉ះពាល់ជីវៈចម្រុះក្នុងសមុទ្រ។
លោកប្រាប់វីអូអេកាលពីពេលថ្មីៗថា៖ «បើនិយាយពីរឿងជីវៈចម្រុះដែលសំបូរនៅសមុទ្រសម្បូរ[គឺ]នៅពេលត្រជាក់ ចង់និយាយថា ខែវស្សានិងខែកក្តិក ប៉ុន្តែសព្វថ្ងៃនេះ យើងមើលទៅ ការកើនឡើងនៃកម្តៅ គឺខ្លាំង។ អ៊ីចឹងអ្នកនេសាទបាត់បង់ប្រាក់ចំណូលមួយចំនួនដែរ ទាក់ទងនឹងបញ្ហាប្រឈមការបម្រែបម្រួលអាកាសធាតុ»។
បន្ថែមលើវិបត្តិបម្រែបម្រួលអាកាសធាតុ ប្រធានសហគមន៍រូបនោះបានថ្លែងថា ប្រជានេសាទក៏ប្រឈមនឹងបទល្មើសនេសាទកាន់តែច្រើន និងការអភិវឌ្ឍនៅតាមព្រែក ដែលនឹងបំផ្លាញព្រៃកោង។ លោកឲ្យដឹងថា បច្ចុប្បន្ននេះ សហគមន៍របស់លោកក៏កំពុងប្រឈមនឹងការចង់បានដីសហគមន៍ដែលលោកបារម្ភអំពីការបាត់បង់នៅថ្ងៃណាមួយ។
លោកបន្ថែមថា៖ «មានការប៉ុនប៉ងមួយចង់បានដីសហគមន៍ គេគិតថាជាដីរបស់គេ។ ខ្ញុំគិតថា បើមានការទន្រ្ទានបានមែន យើងនឹងមានការទន្រ្ទានជាបន្តបន្ទាប់ ចុងក្រោយសហគមន៍នឹងបាត់បង់ នឹងរលាយ»។
ព្រៃកោងកាងស្ថិតក្នុងព្រែកក្នុងស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១។ (ស៊ុន ណារិន/VOA Khmer)
លោក សឹម ហ៊ីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ ក្នុងស្រុកទឹកឈូ ខេត្តកំពត ផ្តល់បទសម្ភាសន៍ដល់វីអូអេ កាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២១។ (លាស់ លីបលីប/VOA Khmer)
លោក ម៉ូវ ឈាង មេឃុំត្រពាំងសង្កែ ខេត្តកំពត មានប្រសាសន៍ថា រដ្ឋបាលឃុំបានយកចិត្តទុកដាក់លើបញ្ហាបម្រែបម្រួលអាកាសធាតុ ដោយបញ្ចូលក្នុងផែនការអភិវឌ្ឍន៍ឃុំ ៥ឆ្នាំ ក្នុងនោះមានការចុះជួយប្រជាពលរដ្ឋដែលរងគ្រោះ ដូចជាខ្យល់ព្យុះជាដើម និងអប់រំពួកគេអំពីបម្រែបម្រួលអាកាសធាតុ។ ទាក់ទងនឹងផលនេសាទធ្លាក់ចុះវិញ លោកមានប្រសាសន៍ថា មួយផ្នែកបង្កឡើងដោយសារកំណើនតម្រូវការរបស់ប្រជាជន។
លោកប្រាប់វីអូអេថា៖ «ខ្ញុំយល់ថា កំណើនប្រជាពលរដ្ឋ ឬតម្រូវការប្រជាពលរដ្ឋដែលហូបចុក។ ពីមុនយើងមាន ៦លាន បើគិតកំណើន បច្ចុប្បន្ននេះ យើងមានជាង ១០លាន។ អ៊ីចឹងបើផលថយចុះ គឺការប្រឹងប្រែងរកនេសាទរបស់បងប្អូន ដើម្បីតម្រូវទីផ្សារអ៊ីចឹង គឺថា បើយើងគិតថាកម្រិតនៃការហូបពីមុនអស់តែមួយតោន។ បច្ចុប្បន្ន ហូប ១០តោន អ៊ីចឹងទៅ ឃើញថាផលដែលរកមក យើងឃើញខ្សត់ជាងមុនបន្តិចហើយ»។
លោក ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុនៃក្រសួងបរិស្ថាន ប្រាប់វីអូអេកាលពីពេលថ្មីៗថា ប្រទេសកម្ពុជាងាយរងគ្រោះពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ ដោយសារកត្តាសេដ្ឋកិច្ច សមត្ថភាពឆ្លើយតប ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ និងការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងការត្រៀមខ្លួនឆ្លើយតបទៅនឹងវិបត្តិអាកាសធាតុ នៅមានកម្រិតនៅឡើយ។
លោកបន្ថែមថា តំបន់ឆ្នេរក៏ទទួលរងពីផលប៉ះពាល់បម្រែបម្រួលអាកាសធាតុធ្ងន់ធ្ងរផងដែរ ក្នុងនោះមានការជ្រៀតចូលទឹកប្រៃ ការកើនឡើងនាវ៉ូទឹកសមុទ្រ ខ្យល់ព្យុះ ទឹកជំនន់ញឹកញាប់ និងធ្ងន់ធ្ងរជាងមុន ការហូរច្រោះ និងការបាក់ដីជាដើម។
លោកបន្ថែមថា៖ «យើងគ្រាន់តែឃើញថាបញ្ហាខ្យល់ព្យុះនេះ វាមានបញ្ហាធ្ងន់ធ្ងរខ្លាំងដោយសារតែវាមានភាពញឹកញាប់ជាងទឹកជំនន់ ឬក៏អី។ អ៊ីចឹងយើងអាចសន្និដ្ឋានបានថា ប្រជាពលរដ្ឋនៅតំបន់ហ្នឹង អាចទទួលរងផលប៉ះពាល់ដោយសារខ្យល់ព្យុះអាចច្រើនជាងកត្តាផ្សេងៗ ប៉ុន្តែយើងមិនអាចបញ្ជាក់ថា វាប្រាកដខ្ពស់ប៉ុនណាទេ ដោយសារតែយើងមិនទាន់មានតួលេខច្បាស់លាស់បង្ហាញ»។
សំណល់ផ្ទះរបស់ពលរដ្ឋក្នុងសង្កាត់អូរក្រសារ ខេត្តកែប ដែលត្រូវបានព្យុះវាយកម្ទេច កាលពីខែកក្កដា ឆ្នាំ២០២១។ (ស៊ុន ណារិន/VOA Khmer)
លោក គីម ខុន ពលរដ្ឋក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ដែលរងគ្រោះដោយសារខ្យល់ព្យុះកាលពីខែកក្កដា ឆ្នាំ២០២១។ (លាស់ លីបលីប/VOA Khmer)
លោក ហាក់ ម៉ៅ បន្ថែមថា រដ្ឋាភិបាលក៏មានគម្រោងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ដូចជាអ្នកនេសាទ ដែលរងផលប៉ះពាល់ដោយផ្តល់ជម្រើសមុខរបរផ្សេងទៀត។
ទាក់ទងនឹងបញ្ហាខ្យល់ខ្លាំងនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់សមុទ្រក៏រងគ្រោះផងដែរ ដោយសារខ្យល់ព្យុះវាយកម្ទេចផ្ទះរបស់ពួកគេ។
កាលពីខែកក្កដា ឆ្នាំ ២០២១ លោក គីម ខុន អាយុ ៥៦ឆ្នាំ រស់នៅក្នុងសង្កាត់អូរក្រសារ ខេត្តកែប បានរងគ្រោះដោយសារខ្យល់ព្យុះវាយបំផ្លាញផ្ទះរបស់លោក ហើយលោកត្រូវបានសង្កត់រហូតដល់របួសធ្ងន់។ លោកថ្លែងថា ពេលនោះ លោកកំពុងកាត់ស្មៅឲ្យគោ នៅម៉ោងជិត ២រសៀល ហើយមេឃរកភ្លៀង ដូច្នេះលោកចូលជ្រកក្នុងផ្ទះ។
លោកថ្លែងថា៖ «កាលពីមុន អត់មានអ៊ីចឹង អាកាសធាតុត្រឹមត្រូវ។ ឥឡូវប្រែប្រួល។ មិនដឹងរាំង មិនដឹងវស្សា ខែណាក៏ខ្យល់ដែរ។ ឲ្យតែងងឹតមកហើយ។ អត់ទេ ឥឡូវខ្យល់ អត់ដូចពីមុន ខុសមុន»។
លោកបន្ថែមថា៖ «ដោយសារតែព្រៃឈើវាអស់ហើយតាមមើល។ កាលមុន ព្រៃភ្នំមាន វាមកប៉ះព្រៃប៉ះអី ឥឡូវវាលអស់ហើយ ត្រូវជន់ៗ ត្រូវភ្លៀងៗ។ អត់ដូចមុនទេឥឡូវ»៕
កំណត់និពន្ធ៖ ភាគទី ៣ ដែលជាសេចក្តីរាយការណ៍ចុងក្រោយនៃសេចក្តីរាយការណ៍លម្អិត «អាកាសធាតុប្រែប្រួល ជីវិតតំបន់ឆ្នេរសមុទ្រប្រែប្រួល» រៀបរាប់អំពីគ្រោះទឹកជំនន់ដែលកំពុងកើតមានឡើងកាន់តែញឹកញាប់ជាងមុន នៅខេត្តព្រះសីហនុ។
អាន «អាកាសធាតុប្រែប្រួល ជីវិតតំបន់ឆ្នេរសមុទ្រប្រែប្រួល» | ភាគទី ១
អាន «អាកាសធាតុប្រែប្រួល ជីវិតតំបន់ឆ្នេរសមុទ្រប្រែប្រួល» | ភាគទី ៣