ខណៈពេលអ្នកបោះឆ្នោតអាមេរិកនៅទូទាំងប្រទេស ឈរតម្រង់ជួររង់ចាំចូលរួមការបោះឆ្នោតដែលមានការប្រកួតប្រជែងដ៏តឹងតែងមួយកាលថ្ងៃអង្គារនោះ ប្រទេសអាមេរិកទាំងមូល បានរាយការណ៍អំពីចំនួនអ្នកឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃដ៏ច្រើនបំផុតមួយ។
តាមស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins បានបង្ហាញថា ក្នុងថ្ងៃបោះឆ្នោតនោះ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី សរុបចំនួនជាង៩១.៥៣០ នាក់ និងអ្នកស្លាប់ចំនួន១.១៣០នាក់។
បន្ថែមពីលើនេះ មានអ្នកចូលព្យាបាលក្នុងមន្ទីរពេទ្យកាលពីថ្ងៃអង្គារ ដែលជាថ្ងៃបោះឆ្នោតនោះ ចំនួនជាង៥០.០០០នាក់ផងដែរ នេះបើតាមទិន្នន័យបង្ហាញដាច់ដោយឡែកមួយ របស់គម្រោងតាមដានជំងឺកូវីដ ដែលធ្វើឡើងដោយទស្សនាវដ្តី The Atlantic។
សហរដ្ឋអាមេរិកបន្តមានអ្នកឆ្លងជំងឺកូវីដ១៩ច្រើនជាងគេបំផុតនៅក្នុងពិភពលោក ដោយគិតត្រឹមថ្ងៃពុធ មានអ្នកឆ្លងសរុបជាង៩,៣ លាននាក់ និងមានអ្នកស្លាប់ដោយសារជំងឺនេះចំនួនជាង២៣២.០០០ នាក់៕