អ្នកជំនាញ​ខ្មែរ​និង​អាមេរិកាំ​ង​នឹង​ពិភាក្សា​ពី​សមិទ្ធិ​ផល​២៥ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស

វិទ្យាស្ថាន​សន្តិភាព​របស់​សហរដ្ឋ​អាមេរិក​ (USIP) ​រៀបចំ​កិច្ច​ប្រជុំ​មួយ​ថ្ងៃ​ដែល​វាគ្មិន​ជា​ច្រើន​នាក់​ពិភាក្សា​អំពី​សមិទ្ធិផល​នៃ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ក្នុង​រយៈពេល​២៥ឆ្នាំ​កន្លង​ទៅ​ នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៦។

កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​២៣ ខែ​តុលា ​ឆ្នាំ​១៩៩១​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង។

វាគ្មិន​សំខាន់ៗ​មកពី​ប្រទេស​កម្ពុជា​ និង​សហរដ្ឋ​អាមេរិក ​នឹង​ពិភាក្សាគ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ អំពី​សមិទ្ធិផល​នៃ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ក្នុង​រយៈពេល​២៥ឆ្នាំ​កន្លង​មក​នេះ។

កិច្ច​ព្រមព្រៀង​សន្តិភាព​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​២៣ ខែ​តុលា ​ឆ្នាំ​១៩៩១​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង។ កិច្ច​ព្រមព្រៀង​នេះ​គឺជា​ការ​បញ្ចប់​នូវ​ការ​ឈប់​បាញ់​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ ​ការ​ចូលរួម​ថែ​រក្សា​សន្តិភាព​ដោយ​កម្លាំង​អង្គការ​សហប្រជាជាតិ​ និង​កសាង​ប្រទេស​កម្ពុជា​ឡើងវិញ។ ប៉ុន្តែ​ វា​បាន​បន្សល់​នូវ​របួស​ដ៏ជ្រៅ​ដែល​នៅ​មិន​ទាន់​ផ្សះផ្សារ​បាន​នៅឡើយ​ ដែល​ជា​សំណល់​នៃ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម​និង​សង្គ្រាម​ស៊ីវិល​ជាច្រើន​ទសវត្សរ៍។​

វិទ្យាស្ថាន​សន្តិភាព​របស់​សហរដ្ឋ​អាមេរិក​ (USIP) ​គឺ​ជា​អ្នក​រៀបចំ​កិច្ច​ប្រជុំ​មួយ​ថ្ងៃ​នេះ​ហើយ​មាន​ការ​ចូលរួម​ពី​លោក​ Mark Storella ​ឧបការីរង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ទទួល​បន្ទុក​ពលរដ្ឋ ជន​ភៀសខ្លួន ​និង​ចំណាកស្រុក ​លោកស្រី​ជូឡុង សូម៉ូរ៉ា អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះជាតិ លោក​ធន់ សារ៉ាយ ​ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​និង​លោក​ប្រែត អាដាម (Brad Adams) ​នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ជាដើម។

វាគ្មិន​ក៏​នឹង​ផ្តោត​ការ​ពិភាក្សា​លើ​ភាព​តានតឹង​នយោបាយ​ មេរៀន​ដែល​អាច​ដកស្រង់​ពី​ប្រទេស​កម្ពុជា​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ដំណើរការ​សន្តិភាព​នៅ​ប្រទេស​ដទៃ​ទៀត​ និង​តួនាទី​ដែល​សហគមន៍​អន្តរជាតិ​អាច​ចូលរួម​បាន​ ក្នុង​ការ​ថែរក្សា​សន្តិភាព​ និង​ជំរុញ​ឱ្យ​បាន​តាម​អ្វី​ដែល​កិច្ច​ព្រមព្រៀង​បាន​ចែង។​

វិទ្យាស្ថាន​សន្តិភាព​របស់​សហរដ្ឋ​អាមេរិក​ (USIP)​ បាន​បន្ថែម​ថា៖

«ចាប់​តាំងពី​វិបត្តិ​នយោបាយ​ក្នុង​ឆ្នាំ​២០១៣​និង​២០១៤ ​លើ​បញ្ហា​លទ្ធផល​ឆ្នោត​ ក្រុម​អ្នក​វិភាគ​បាន​ពិភាក្សា​ដេញ​ដោល​ថា​ តើ​ប្រទេស​មួយ​អាច​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​និង​ជំរុញ​ការ​ផ្សះផ្សារ​ជាតិ​បាន​ដោយ​របៀប​ណា​ នៅ​មុន​ពេល​ការ​បោះឆ្នោត​ជាតិ​ដែល​នឹង​ត្រូវ​មក​ដល់​ក្នុង​រយៈពេល​២០ខែ​ខាង​មុខ​ទៀត‍»៕