នៅក្នុងសន្និសីទអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ ដែលរៀបចំឡើងនៅទីក្រុងប៉ារីស អ្នកចូលរួមអាចប៉ះប៉ូវនូវបរិមាណឧស្ម័នផ្ទះកញ្ចក់ ដែលពួកគេបានបញ្ចេញ តាមរយៈការផ្ដល់ជាថវិកាដល់រោងចក្រផលិតថាមពលមួយកន្លែងនៅក្នុងប្រទេសឈីលី។ ការផ្តល់ជាសំណងរបៀបនេះស្ដាប់ទៅហាក់ដូចជាចម្លែក តែវាជាផ្នែកមួយនៃប្រព័ន្ធដែលគាំទ្រដោយអង្គការសហប្រជាជាតិ ក្នុងគោលដៅជួយដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។
អ្នករៀបចំសន្និសីទ បានធ្វើការយ៉ាងស្វិតស្វាញដើម្បីកាត់បន្ថយការបញ្ចេញកាបូនដែលបង្កឡើងដោយសកម្មភាពនានានៃសន្និសីទនេះ ដូចជា មានការប្រើប្រាស់ឈើដែលត្រូវបានកែច្នៃឡើងវិញគ្រប់ទីកន្លែង និងរថយន្តក្រុងដែលប្រើប្រាស់ថាមពលអគ្គិសនីផងនិងសាំងផង ដែលហៅថារថយន្តក្រុងHybrid សម្រាប់ដឹកភ្ញៀវដែលចូលរួមក្នុងកិច្ចប្រជុំនោះទៅវិញទៅមក។
អ្នកជំនាញផ្នែកនិរន្តភាពនៃអគ្គលេខាធិការដ្ឋានអង្គការសហប្រជាជាតិទទួលបន្ទុកលើការប្រែប្រួលអាកាសធាតុ លោក Niclas Svenningsen បានកត់សម្គាល់ថា មនុស្សចំនួន៤០.០០០នាក់ បានធ្វើដំណើរមកកាន់ទីក្រុងប៉ារីស ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះ ហើយភាគច្រើននៃអ្នកទាំងនោះធ្វើដំណើរតាមជើងហោះហើរដែលប្រើប្រាស់ថាមពលឥន្ធនៈផូស៊ីលដែលបំលែងទៅជាឧស្ម័នកាបូនិច។
លោក Svenningsen បានមានប្រសាសន៍ថា «វាគឺជារឿងដ៏គួរឱ្យហួសចិត្តក្នុងការដែលយើងរៀបចំសន្និសីទស្ដីពីការប្រែប្រួលអាកាសធាតុដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័ន ប៉ុន្តែជាក់ស្តែងអ្វីដែលអ្នកទាំងនោះកំពុងតែធ្វើនោះគឺជាការបង្កើនការបញ្ចេញឧស្ម័ននោះទៅវិញ»។
ដូច្នេះហើយ អ្នកដែលចូលរួមកិច្ចប្រជុំនោះត្រូវបានគេលើកទឹកចិត្តឱ្យចូលទៅកាន់គេហទំព័រ Climate Neutral Now។ នៅលើគេហទំព័រនោះ ពួកគេអាចធ្វើការគណនា នូវបរិមាណឧស្ម័នកាបូនិចដែលពួកគេបានបញ្ចេញ តាមរយៈការធ្វើដំណើរតាមយន្តហោះនោះ។ បន្ទាប់មក ពួកគេអាចចូលទៅទូទាត់ថវិកានឹងចំនួនកាបូនដែលពួកគេបញ្ចេញនៅលើប្រព័ន្ធអ៊ីនធឺណិត។
ប្រព័ន្ធនេះផ្អែកទៅលើគំនិតដ៏ចម្រូងចម្រាស់មួយ។ គំនិតនេះមានន័យថា អ្នកដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស អាចបង់ប្រាក់ទៅឲ្យអ្នកដែលស្ថិតនៅកន្លែងផ្សេងទៀត ដើម្បីឲ្យពួកគេជួយបំផ្លាញឧស្ម័នដែលបានបញ្ចេញទាំងនោះ ឬដើម្បីជួយកុំឲ្យឧស្ម័នទាំងនោះបញ្ចេញទៅក្នុងបរិយាកាសបាន។
ឧទាហរណ៍ជាក់ស្តែងមួយដែលសាមញ្ញបំផុតនោះ គឺការដាំដើមឈើដើម្បីស្រូបយកឧស្ម័នកាបូនិច។
លោក Svenningsen មានប្រសាសន៍ថា អ្នកប្រើប្រាស់គេហទំព័រ Climate Neutral Now អាចជ្រើសយកវិធីខាងលើនិងវិធីផ្សេងៗជាច្រើនទៀត។
លោក Svenningsen ថ្លែងថា «អ្នកមានអ្វីៗគ្រប់យ៉ាងដូចជា ការប្រើប្រាស់អំពូលដែលស៊ីភ្លើងតិច មធ្យោបាយធ្វើដំណើរដែលប្រកបដោយនិរន្តភាព ថាមពលដែលអាចប្រើឡើងវិញបាន បចេ្ចកវិទ្យាឧស្សាហកម្មដែលមានប្រសិទ្ធភាព និងការទាញយកសារធាតុមេតានចេញពីកាកសំណល់»។
វិធីសាស្ត្រទាំងនេះ សុទ្ធតែអាចការពារនិងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។
ជាឧទាហរណ៍ លោក Svenningsen ថ្លែងថា រោងចក្រផលិតថាមពលជីវសាស្ត្រចំរុះ Nueva Aldea នឹងមិនអាចសាងសង់បាននោះទេបើគ្មានថវិកាដែលបានពីការទូទាត់កាបូននោះ។
លោក Svenningsen បានបន្តថា «វាអាចជារោងចក្រថាមពលដែលប្រើប្រាស់ធ្យូងដុតជំនួសវិញ។ អ្វីដែលអ្នកទទួលបាននោះវាមានលក្ខណៈខុសគ្នាត្រង់ថា ពួកគេនឹងទទួលបានរោងចក្រថាមពលដែលប្រើប្រាស់ថាមពលស្អាត ជាជាងរោងចក្រថាមពលដែលប្រើប្រាស់ផូស៊ីល»។
ដូច្នេះអ្នកអាចជ្រើសរើសគម្រោងមួយ ដាក់បរិមាណឧស្ម័នកាបូនិចចំនួនពីរឬបីតោននៅក្នុងរទេះទំនិញរបស់អ្នក ហើយទូទាត់ជាមួយនឹងប័ណ្ណឥណទានឬគណនី Paypal របស់អ្នក បន្ទាប់មកឧស្ម័នផ្ទះកញ្ចក់ដែលអ្នកបញ្ចេញនឹងត្រូវបានទូទាត់។
ទឹកប្រាក់ទូទាត់លើការធ្វើដំណើរតាមជើងហោះហើរទៅវិញទៅមកពីរដ្ឋធានីវ៉ាស៊ីនតោនមកកាន់ទីក្រុងប៉ារីសអស់ត្រឹម ៣.៥ ដុល្លារអាមេរិកតែប៉ុណ្ណោះ។
ក៏ប៉ុន្តែក្រុមអ្នករិះគន់បាននិយាយថា វាមានការលំបាកក្នុងការគណនាឱ្យប្រាកដថា តើ កម្មវិធីទូទាត់កាបូនខាងលើ ពិតជាបានធ្វើដូចអ្វីដែលពួកគេបានផ្សព្វផ្សាយឬយ៉ាងណា។ គេមើលឃើញថា ការទូទាត់នេះមានបញ្ហាដោយសារតែគណនេយ្យមានភាពមិនច្បាស់លាស់។
ក្រុមអ្នកប្រឆាំងនឹងគម្រោងខាងលើបានថ្លែងថា ថវិកាជំនួយរបស់ អ.ស.ប.ពេលខ្លះ ត្រូវបានផ្តល់ដល់ឧស្សាហកម្មដែលបំពុលខ្លាំងក្លា ហើយគម្រោងខ្លះផ្ដល់ផលអាក្រក់ច្រើនជាងល្អ ដូចជាការដាំដើមឈើ ដែលត្រូវបណ្ដេញប្រជាជនចេញពីលំនៅដ្ឋានរបស់ពួកគេ។
ទោះជាយ៉ាងនេះក្ដី លោកស្រី Janet Peace ដែលជាអនុប្រធានមជ្ឈមណ្ឌលដោះស្រាយបញ្ហាអាកាសធាតុនិងថាមពលបានថ្លែងថា អ.ស.ប. កំពុងតែរៀនពីកំហុសរបស់ខ្លួន។
លោកស្រី Peace បាននិយាយថា «រហូតមកទល់ពេលនេះ ពួកគេបានដឹងថា អ្នកត្រូវធ្វើឲ្យបានច្រើនជាងនេះ។ អ្នកត្រូវតែធ្វើឱ្យបានច្រើនជាងនេះក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នពុលនោះ ហើយអ្នកត្រូវធ្វើឲ្យប្រាកដថា អ្នកមិនបញ្ចេញឧស្ម័នកាបូនិចនោះទេ ហើយអ្នកត្រូវមាននរណាម្នាក់ផ្សេងទៀតធ្វើការត្រួតពិនិត្យ»។
លោកស្រីបានថ្លែងថា បច្ចុប្បន្ននេះកម្មវិធីទូទាត់ប្រាក់ជាមួយនឹងការបញ្ចេញកាបូននានារបស់អ.ស.ប ស្ថិតក្នុងចំណោមកម្មវិធីដ៏ល្អបំផុតដែលមាន។
ក៏ប៉ុន្តែអ្នកផ្សេងទៀតបានប្រៀបធៀបការទូទាត់ថវិកាជាមួយនឹងការបញ្ចេញកាបូននេះ ទៅនឹងព្រះដែលលក់ការលើកលែងទោសក្នុងតម្លៃមួយដើម្បីលុបលាងអំពើបាបរបស់អ្នក។ ក្រុមអ្នករិះគន់ចាត់ទុកថា ការទូទាត់ថវិកាជាមួយនឹងការបញ្ចេញកាបូន បានធ្វើឲ្យពួកគេងាកចេញពីគោលដៅពិតប្រាកដរបស់ពួកគេ ដែលគោលដៅនោះគឺជាការកាត់បន្ថយការបញ្ចេញឧស្ម័ន។
សាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Imperial លោក Niall MacDowell យល់ឃើញផ្សេងពីនេះ។
លោក MacDowell មានប្រសាសន៍ថា «ប្រសិនបើអ្នកពិតជាអាចសាងអំពើបាប បន្ទាប់មកអ្នកអាចធ្វើការបរិច្ចាគ ហើយអ្នកអាចលុបលាងនូវអំពើបាបនោះវិញបាន នោះអ្នកនឹងលែងមានបាបកម្មទៀតហើយ? ដូច្នេះ តើនេះមិនមែនជាការល្អទេឬ?»
លោក Svenningsen បានបន្ថែមថា ការទូទាត់ថវិកាជាមួយនឹងការបញ្ចេញកាបូន គួរតែជាដំណោះស្រាយចុងក្រោយហើយ បន្ទាប់ពីអ្នកដែលបំពុលបរិស្ថាននោះបានធ្វើតាមលទ្ធភាពរបស់ពួកគេដែលអាចធ្វើទៅបានក្នុងការកាត់បន្ថយការបំពុលបរិស្ថាននោះ៕
ប្រែសម្រួលដោយ អូន ឆេងប៉រ