ក្រុមសហជីពចំនួនប្រាំបីបានដាក់ផែនការធ្វើយុទ្ធនាការទាមទារដំឡើងប្រាក់ខែកម្មកររោងចក្រឲ្យបានរហូតដល់១៧៧ដុល្លារអាមេរិកក្នុងមួយខែនៅថ្ងៃពុធទី១៧ខែកញ្ញា ស្របពេលដែលកិច្ចប្រជុំបន្តអំពីដំណោះស្រាយប្រាក់ខែនឹងប្រព្រឹត្តទៅនៅថ្ងៃដដែលនោះដែរ។
លោកអាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ថាCCAWDU បានឲ្យដឹងនៅថ្ងៃច័ន្ទនេះថា ក្រុមកម្មករនឹងជួបជុំគ្នាដោយសន្តិវិធីនៅតាមររោងចក្រ ប្រមាណ៣០០ក្នុងទីក្រុងភ្នំពេញដើម្បីបង្ហាញការទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមាឲ្យកើនដល់១៧៧ដុល្លារស្របតាមតម្លៃទំនិញនៅតាមទីផ្សារ។
លោកបន្ថែមថា៖ «ជួបជុំគ្នារយៈពេលមួយម៉ោងនៅម៉ោង១២ថ្ងៃទី១៧ហ្នឹង។ ហើយយើងបង្ហាញនូវចំណុចទាមទាររបស់យើងទៅរោងចក្រ ទៅអ្នកបញ្ជាទិញ ទៅរដ្ឋាភិបាលនិងអ្នកពាក់ព័ន្ធឲ្យឡើងប្រាក់ខែកម្មករតាមការទាមទារឲ្យបាន១៧៧ដុល្លារក្នុងមួយខែ។ហើយយើងយកសាររបស់យើងហ្នឹងដាក់តាមអ្នកបញ្ជាទិញ តាមអង្គទូត អង្គការ»។
សហជីពទាំងប្រាំបីរួមមានដូចជាសហជីព CCAWDU សហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភណ្ឌកាត់ដេរកម្ពុជា របស់លោកស្រី ម៉ម ញឹម សហភាពសហជីពកម្ពុជារបស់លោក រ៉ុង ឈុន ជាដើម ធ្លាប់បានទាមទារដំឡើងប្រាក់ខែអប្បបរមាសម្រាប់កម្មករចំនួន១៦០ដុល្លារចាប់តាំងពីចុងខែធ្នូឆ្នាំ២០១៣មកម្ល៉េះ។ ប៉ុន្តែក្រុមសហជីពបានដំឡើងការទាមទារប្រាក់ខែគោលឲ្យដល់១៧៧ដុល្លារក្នុងរយៈពេលចុងក្រោយនេះដោយសារតម្រូវការកើនឡើងរបស់ក្រុមកម្មករ។ នេះបើយោងតាមក្រុមតំណាងសហជីព។
ក្នុងយុទ្ធនាការតវ៉ាដើម្បីដំឡើងប្រាក់ខែនេះក្រុមកម្មករនឹងពាក់អាវយឺតនិងលើកបដាទាមទារដែលមានសរសេរអក្សរទាមទារប្រាក់ឈ្នួលនៅក្នុងរោងចក្ររៀងៗខ្លួននៅពេលម៉ោងសម្រាកអាហារថ្ងៃត្រង់និងពេលល្ងាចម៉ោងប្រាំមុនពេលពួកគេត្រឡប់មកផ្ទះវិញ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាបញ្ជាក់បន្ថែមថា ការតវ៉ានឹងត្រូវផ្អាកនៅក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌបន្ទាប់មកក្រុមសហជីពអាចនឹងបើកការតវ៉ាឡើងវិញ។
«យើងអត់មានផែនការប្រមូលផ្តុំអ្វីធំដុំទេ។ បន្ទាប់ពីភ្ជុំហើយយើងនឹងធ្វើការប្រមូលផ្តុំមនុស្សរាប់ម៉ឺននាក់។ ហើយយើងនឹងរើសយកកន្លែងទីលានប្រជាធិបតេយ្យ»។
កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់និងរោងចក្រស្បែកជើងនៅក្នុងប្រទេសកម្ពុជាបានកើនដល់ប្រមាណ៦០០.០០០នាក់។ ហើយការចរចាដើម្បីដំឡើងប្រាក់ខែអប្បបរមាដល់ពួកគេបានចាប់ផ្តើមចាប់តាំងពីចុងខែធ្នូឆ្នាំ២០១៣មកម្ល៉េះ។ កម្មករមួយចំនួនត្រូវបានបាញ់សម្លាប់ក្នុងអំឡុងពេលតវ៉ាដើម្បីការដំឡើងប្រាក់ខែនេះ។
ហើយរហូតមកទល់ពេលនេះសមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅថា GMAC យល់ព្រមដំឡើងប្រាក់ខែដល់កម្មករត្រឹមតែ១១០ដុល្លារក្នុងមួយខែតែប៉ុណ្ណោះ។ ប៉ុន្តែគ្រោងនឹងដំឡើងប្រាក់ខែទាបបំផុតនេះឲ្យដល់១៦០ដុល្លារក្នុងមួយខែនៅឆ្នាំ២០១៨។
លោក ខេន លូ (Ken Loo) អគ្គលេខាធិការGMACឲ្យដឹងថា រោងចក្រភាគច្រើនមានលទ្ធភាពផ្តល់ប្រាក់ឈ្នួលកម្មករត្រឹម១១០ដុល្លារក្នុងមួយខែហើយលោកព្រមានថា ការទាមទារលើសពីនេះគឺជាការគំរាមដល់ឧស្សាហកម្មវាយនភណ្ឌនៅកម្ពុជា។
«រោងចក្រភាគច្រើនមានលទ្ធភាពអាចដំឡើងប្រាក់ខែដល់១១០ដុល្លារ។ តែកម្មករឬសហជីពគេមានសិទ្ធិទាមទារ។ ទារប៉ុន្មានទារទៅ។ សំខាន់យើងត្រូវតែគោរពតាមក្រុមប្រឹក្សាការងារវាយតម្លៃ។ យើងអត់បដិសេធទេ។ ឲ្យសម្រេច១០៥ ១១០ ១៥០ ១៦០ ១៧៧ ២៥០ ឬ២៥០០(ដុល្លារ)ក៏បាន។ ប៉ុន្តែដាក់កាន់តែខ្ពស់រោងចក្រកាន់តែច្រើននឹងត្រូវបិទ»។
ដោយឡែកលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ប្រហាក់ប្រហែលលោកខេន លូ ដែរ។
«អ្វីដែលជាការព្រួយបារម្ភបំផុតរបស់យើងថា តើគាត់មានបានគិតពីផលអវិជ្ជមាននៃការធ្វើយុទ្ធនាការនេះដែរឬទេ។ ចំពោះវិស័យកាត់ដេរយើងយ៉ាងណានោះតើថ្នាក់ដឹកនាំសហជីពនឹងទទួលខុសត្រូវចំពោះកម្មករដែលជាសមាជិកសហជីពគាត់ដែរឬទេ។ចំណុចនេះខ្ញុំសង្ឃឹមថាបងប្អូនកម្មករដែលជាសមាជិកសហជីពទាំងប្រាំបីលោកគួរតែពិចារណាឡើងវិញបន្តិចដែរ»។
យ៉ាងណាក៏ដោយការចរចារប្រាក់ឈ្នួលសម្រាប់កម្មករមិនទាន់សម្រេចជាចុងក្រោយនៅឡើយទេ។ ក្រុមប្រឹក្សាការងារនឹងធ្វើការសម្រេចជាចុងក្រោយនៅក្នុងខែតុលាខាងមុខនេះ។ ហើយប្រាក់ខែដែលត្រូវសម្រេចនឹងចូលជាធរមានសម្រាប់ការដំឡើងប្រាក់ខែដល់កម្មករចាប់ពីឆ្នាំ២០១៥តទៅ។
នៅថ្ងៃទី១៧ខែកញ្ញាដដែលនេះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងរៀបចំសិក្ខាសាលាត្រីភាគីរវាងសហជីពកម្មករជាមួយនឹងសមាគមនិយោជក ឬ GMAC ដើម្បីពិភាក្សាអំពីប្រាក់ឈ្នួលកម្មករហើយនឹងមានកិច្ចពិភាក្សាម្តងទៀតនៅថ្ងៃទី២៦ខែកញ្ញា។
សូមបញ្ជាក់ថាក្នុងដំណើរការឆ្ពោះទៅរកការចរចារនេះមេដឹកនាំសហជីពចំនួនប្រាំមួយរូបត្រូវកោះហៅឲ្យទៅបំភ្លឺនៅតុលាការអំពីអំពើហិង្សាកាលពីខែមករាលើផ្លូវវ៉េងស្រេង។ព្រឹត្តិការណ៍នោះមានសេចក្តីរាយការណ៍នានាថាក្រុមប្រដាប់អាវុធរបស់រដ្ឋាភិបាលបានបាញ់សម្លាប់កម្មករអ្នកតវ៉ា។
ការកោះហៅមេដឹកនាំសហជីពទាំងនោះដែលមន្ត្រីសង្គមស៊ីវិលគិតថា គឺជាការដាក់សម្ពាធសម្រាប់ការចរចាលើក្រុមអ្នកតំណាងផលប្រយោជន៍កម្មករ៕