ក្រុម​សហជីព​ប្រាប់​អ្នករាយការណ៍​ពិសេស​អ.ស.ប ថា​ លំហ​សេរីភាព​ក្នុង​កិច្ច​ការពារ​សិទ្ធិ​កម្មករ​កាន់​តែ​រួម​តូច​ទៅៗ

រូបឯកសារ៖ លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិថ្លែងការណ៍ក្នុងសន្និសីទសារព័ត៌មានអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជានាឱកាសចុងបញ្ចប់បេសកកម្មនៅការិយាល័យទីភ្នាក់ងារអ.ស.ប.ទទួលបន្ទុកសិទ្ធិមនុស្សហៅកាត់ថា OHCHR នាទីក្រុងភ្នំពេញ នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦។ (ឡេង ឡែន/VOA)

លោក​ អាត់​ ធន់​ ​ប្រធាន​សហ​ភាព​ការ​ងារ​កម្ពុជា តាម​លក្ខខណ្ឌ​បច្ចុប្បន្ន​នេះ​ បើ​ទោះ​ជា​កម្មករ​បង្កើត​បាន​សហជីព​ក្ដី​ តែ​បើ​សហជីព​នោះ​គ្មាន​ភាព​ជា​តំណាង​ទេ​ សហជីព​នោះ​នឹង​មិន​អាច​ចូលរួម​ដោះស្រាយ​វិវាទ​របស់​កម្មករ​បាន​ដែរ។

​មេដឹកនាំ​សហជីព​ជាង​២០​ បាន​លើក​ពី​ក្ដី​កង្វល់​ជា​ច្រើន​ ពាក់​ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិ​កម្មករ​ និង​កុមារ​ ក្នុង​កិច្ច​ពិភាក្សា​ជា​មួយ​ អ្នកស្រី​ រ៉ូណា​ ស្មីត​ (Rhona Smith)​ ​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ដែល​កំពុង​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​ ១០​ថ្ងៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពីប្រធាន​សហជីព​មួយ​ចំនួន​ដែល​ធ្វើការ​បម្រើ​ប្រយោជន៍​កម្មករ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​នា​ថ្ងៃ​ពុធ។​

​ក្រោយ​ពី​កិច្ច​ជំនួប​រវាង​អ្នករាយការណ៍​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ ​លោក​ អាត់​ ធន់​ ​ប្រធាន​សហ​ភាព​ការ​ងារ​កម្ពុជា​ថ្លែង​ប្រាប់​ VOA ​ថា ​ក្រុម​សហជីព​បាន​លើក​ឡើង​ថា​ ច្បាប់​សហ​ជីព​ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ​នរោត្តម សីហមុនី​ ឡាយ​ព្រះ​ហត្ថលេខា​ ​ដាក់​ឲ្យប្រើប្រាស់​កាល​ពី​ឆ្នាំ​ ២០១៦​ បាន​រំខាន​ដល់​កិច្ច​ចុះ​បញ្ជី​សហជីព​ និង​រារាំង​មិន​ឲ្យ​មាន​ការ​ធ្វើ​ជា​តំណាង​កម្មករ​ក្នុង​ការ​តស៊ូ​មតិ។

​លោក​ អាត់​ ធន់​ ​ប្រធាន​សហ​ភាព​ការ​ងារ​កម្ពុជា​ថ្លែង​ប្រាប់​ VOA ​នា​ថ្ងៃ​ពុធ​នេះ​ថា៖​

«របៀប​ចុះ​បញ្ជី​ការ​សហជីព​ហ្នឹង​គឺ​ យើង​នៅ​មាន​លក្ខខណ្ឌ​ស្មុគស្មាញ​ ដែល​ពិបាក​នៅ​ក្នុង​ការ​ចុះ​បញ្ជី​ ហើយ​អាការ​ចុះ​បញ្ជី​ហ្នឹង​ទៀត​សោត​ ច្បាប់​តម្រូវ​ហើយ​ ប៉ុន្តែ​លក្ខខណ្ឌ​តម្រូវ​ក្រៅ​ពី​ច្បាប់​ហ្នឹង​មាន​ទៀត​ ដូច​ជា​តម្រូវ​ឲ្យ​មាន​សៀវភៅ​ការងារ​ និង​តម្រូវ​ឲ្យ​មាន​ លេខ​បេឡាជាតិ​របប​សន្តិ​សុខ​សង្គម​នៅ​ក្នុង​ហ្នឹង​ជាដើម​ ហើយ​រួម​ទាំង​ សហជីព​ កាល​មុន​គឺ​យើង​តំណាង​កម្មករ​បាន​ ឥឡូវ​យើង​មិន​អាច​តំណាង​បាន​ទេ​ បើ​យើង​តំណាង​គេ​ថា​ យើង​ខុសច្បាប់»។​

​លោក​បាន​ពន្យល់​បន្ថែម​ថា​ តាម​លក្ខខណ្ឌ​បច្ចុប្បន្ន​នេះ​ បើ​ទោះ​ជា​កម្មករ​បង្កើត​បាន​សហជីព​ក្ដី​ តែ​បើ​សហជីព​នោះ​គ្មាន​ភាព​ជា​តំណាង​ទេ​ សហជីព​នោះ​នឹង​មិន​អាច​ចូលរួម​ដោះស្រាយ​វិវាទ​របស់​កម្មករ​បាន​ដែរ។

លោក អាត់​ ធន់​ ​ឲ្យដឹង​បន្ត​ថា​ ការ​ប្ដឹងផ្ដល់​នានា​មក​លើ​រូបលោក​ ​និង​សមាជិក​សហជីព​របស់​លោក​ បាន​ធ្វើ​ឲ្យ​សហជីព​លោក​ ខកខានមិនបាន​ធ្វើ​សកម្មភាព​តស៊ូ​មតិ​ ដើម្បី​ជួយ​កម្មករ ​ដែល​នៅ​ប្រឈម​ការ​ខ្វះខាត​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។​

លោក​ អាត់​ ធន់​ ​មានប្រសាសន៍ថា៖

«បាទ រឿង​បណ្ដឹង​ ភាគច្រើន​នៃ​បណ្ដឹង​ដូចជា​ករណី​ ខ្ញុំ​ហ្នឹង​ ៧​បណ្ដឹង រឿង​ធ្វើការ​ជាមួយ​នឹង​កម្មករ​ហ្នឹង​ឯង។ កន្លែង​ខ្លះ​ យើង​មិន​ទាំង​បាន​ចូលរួម​តវ៉ា​កូដកម្ម​ផង​ ក៏​គេ​ចោទ​ប្រកាន់​យើង​ហ្នឹង​បង្ក​អំពើ​ហិង្សា​អី​ដែរ។ វា​រឿង​ហ្នឹង​ចង់​និយាយ​ថា​ រឿង​ហ្នឹង​វា​អយុត្តិធម៌​ វា​អត់​មាន​អី​ពាក់ព័ន្ធ​គ្នា​សោះ​ ហើយ​មាន​អ្នកខ្លះ​ទៀត​ហ្នឹង​គឺ​ ក៏​អត់​មាន​ពាក់​ព័ន្ធ​ ក៏​ចោទ​ប្រកាន់​ស្អី​អញ្ចឹង។ វា​មាន​ន័យ​ថា​ តុលាការ​ហ្នឹង​ ហាក់​បី​ដូច​ជា​ មិនបាន​ស៊ើប​អង្កេត​ មិន​បាន​ធ្វើ​អី ធ្វើ​ទៅតាម​បណ្ដឹង​របស់​ ក្រុមហ៊ុន​ ឬក៏​តាម​របាយ​ការណ៍​របស់​ប៉ូលិស​អីចឹង​ ដែល​ដាក់​ទៅ​ហ្នឹង។ អញ្ចឹង​រឿង​វា​ ជា​រឿង​អយុត្តិធម៌​ ហើយ​ដាក់​ក្រោម​ពិនិត្យ​មិន​ឲ្យ​យើង​ ដូចជា​ធ្វើ​សកម្មភាព​ កូដកម្ម​ បាតុកម្ម​ ឬក៏​អី​ធំៗ​បាន​ទៀត​ អញ្ចឹង​បានន័យ​ថា​ យើង​មាន​ការ​លំបាក»។​

រូបឯកសារ៖ លោក អាត់ ធន់ និង​អ្នកស្រី យ៉ាង សោភ័ណ ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​រួមគ្នា​អំពី​គោលជំហរ​សហជីព​ក្រោយពី​កិច្ចបញ្ចប់​ការប្រជុំ​ត្រីភាគី​ចរចា​ការដំឡើង​ប្រាក់ឈ្នួល​កម្មករ​រោងចក្រ​សម្រាប់​ឆ្នាំ​២០១៧ នៅ​ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០១៦។ (ខាន់ សុគុំមនោ/VOA)

អ្នកស្រី ស្មីត​ ​អ្នក​ជំនាញ​ការ​របស់​ អ.ស.ប.​ ស្ដីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​ចាប់​ផ្ដើម​ទស្សនកិច្ច​របស់​អ្នកស្រី​កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​បាន​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ទទួល​បន្ទុក​សិទ្ធិមនុស្សនៅ​កម្ពុជា​។ ទស្សនកិច្ច​របស់​អ្នកស្រី​ដែល​នឹង​ពិនិត្យ​មើល​សិទ្ធិ​កុមារ​ និង​ស្ថានភាព​សិទ្ធិមនុស្ស​ទូទៅ​ នឹង​បញ្ចប់​ទៅ​នៅថ្ងៃ​ទី​១៨​ ខែ​សីហា​ ខាងមុខនេះ។​ ​អ្នកស្រី ស្មីត​ ​គ្រោង​នឹង​ជួប​ជាមួយ​នឹង​មន្ត្រី​សំខាន់ៗ​របស់​រដ្ឋាភិបាល​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​នៅ​កម្ពុជា​ជា​លើក​ទី​បួន​នេះ។​

អ្នកស្រី​ ​យ៉ាង សោភ័ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ ​ដែល​បាន​ជួប​ជាមួយ​លោកស្រី​ ​ស្មីត​ផង​នោះ​ បាន​ថ្លែង​ប្រាប់​ VOA ​ថា​ ការ​អនុវត្ត​ច្បាប់​សហជីព​ គឺ​ជា​របាំង​ធ្ងន់ធ្ងរ​មួយ​ដល់​ក្រុម​កម្មករ​ ដែល​ចង់​បាន​បរិយាកាស​ និង​លក្ខខណ្ឌ​ការ​ងារ​ល្អ​ប្រសើរ​នៅ​តាម​សហគ្រាស​ និង​រោងចក្រ​ ដែល​ពួកគេ​កំពុង​ធ្វើការ​រក​ប្រាក់​កម្រៃ។​

«ឧទាហរណ៍​ថា​ បន្ទប់​ទឹក​ខូច​អី​អញ្ចឹង​ទៅ​ គាត់​ចង់​ស្នើ​ឲ្យ​មាន​ការ​កែប្រែ​ ចុះបើ​អា​សហជីព​ដែល​ គាំទ្រ​ អត់​គាំទ្រ​ ដល់​រោងចក្រដែល​មាន​ភាព​ជា​តំណាង​បំផុត​ ដែល​គាត់​អត់​ចង់​កែប្រែ​អា​ហ្នឹង​ គាត់​អត់​ធ្វើការ​ទាមទារ។ អ្ហា​ចំណុច​ អស់​ហ្នឹង​ អីចឹង​អា​ចំណុច​ព្រួយបារម្ភ​របស់​កម្មករ ដែល​ជា​ទុក្ខ​លំបាក​របស់​កម្មករ​ នៅតែ​ជា​ទុក្ខ​លំបាក​របស់​កម្មករ។ ដដែល​ត្រង់​នេះ​ ​ជា​បញ្ហា»។​

អ្នក​ការពារ​សិទ្ធិ​កម្មករ​រូប​នេះ​ ​បន្ថែម​ថា​ ​មេដឹកនាំ​សហជីព​ខ្លះ​ទៀត​ ក៏បាន​លើក​ពី​បញ្ហា​កង្វះ​កន្លែង​ ថែរក្សា​ទារក​របស់​កម្មករ​នៅ​តាម​បណ្ដាសហគ្រាស​ រោងចក្រ ដែល​បាន​បង្ក​ការ​លំបាក​ដល់​ឪពុកម្ដាយ​ របស់​កម្មករ​ក្នុង​ការ​ថែទាំ​ គ្រា​ដែល​កម្មករ​ទាំង​នោះជាប់​បំពេញ​ការ​ងារ។​

អ្នកស្រី​បន្ត​ថា​ ការ​លើកឡើង​ពី​បញ្ហា​នេះ​ គឺ​ដោយសារ​តែ​គោល​បំណង​ចម្បង​នៃ​ទស្សនកិច្ច​របស់​អ្នកស្រី ស្មីត​ ផ្ដោត​សំខាន់លើ​បញ្ហា​កុមារ។

អ្នកស្រី​ ​យ៉ាង សោភ័ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ថ្លែង​ថា៖​

«នៅ​គ្រប់​សហគ្រាស​ រោង​ចក្រ​ជាទូទៅ​ហ្នឹង​ យើង​តម្រូវ​ឲ្យ​មាន​ការ​បង្កើត​ជា​ទារកដ្ឋាន​ អីចឹង​ទៅ​ ប៉ុន្តែ​ នៅ​រោងចក្រ​មួយ​ចំនួន​ បង្កើត​ជា​ទារកដ្ឋាន​ហ្នឹង​ ​បង្កើត​គ្រាន់តែ​ជា​គោលៗ​ អីចឹង​ទៅ​ណា៎​ មិន​អាច​ជួយ​ទៅ​ដល់​ពួកគាត់​នៅ​ក្នុង​ការ​ដែល​ឲ្យ​គាត់​យក​កូន​ទៅ​ផ្ញើ​ទេ​ អញ្ចឹង​កូន​របស់​គាត់​មួយ​ចំនួន​ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​ឪពុកម្ដាយ​របស់​គាត់​ ដើម្បី​ជួយ​ចិញ្ចឹម​ជំនួស។​ កន្លែង​ហ្នឹង​មួយ​ វា​អត់​មាន​ជា​ដំណោះស្រាយ​ហ្នឹង​ សម្រាប់​ពួកគាត់​អីចឹង​ទៅ​ណា៎»។

VOA ​ព្យាយាម​ទាក់​ទង​សុំ​ការ​អធិប្បាយ​តាម​សារ​អេឡិចត្រូនិក​ ឬ Email​ ​ ពី​មន្ត្រី​ទំនាក់​ទំនងរបស់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ ​ទាក់​ទិន​ជំនួប​អ្នកស្រី​ ​ស្មីត​ និង​ក្រុម​សហជីព​ ​តែ​មិន​ទាន់​មាន​ការ​ឆ្លើយតប​មក​ទល់​ល្ងាច​ថ្ងៃ​ពុធ​នេះ។ ​

VOA ​ក៏​ព្យាយាម​សុំ​ការ​អធិប្បាយ​ពី​លោក​ ហេង សួរ​ អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ តែ​មិន​អាច​ទាក់​ទង​បាន​ ដោយ​ទូរស័ព្ទ​របស់​លោក​រោទ៍ តែ​គ្មាន​អ្នកទទួល។​

លោក​ ​អាត់ ធន់​ ​បាន​ឲ្យ​ដឹង​បន្ថែម​ថា​ មេ​ដឹកនាំ​សហជីព​មួយ​ចំនួន​ ក៏​បាន​លើក​ឡើង​ពី​បញ្ហា​ពលកម្ម​កុមារ​ដែល​នៅ​កើតមាន​នៅ​ក្នុង​ប្រទេស។ ​លោក​ថា មេ​ដឹកនាំ​សហជីព​ទាំង​នេះ ក៏​បាន​ស្នើ​ដល់​អ្នកស្រី​ ស្មីត​ ​ឲ្យ​ប្រាប់​ទៅ​រដ្ឋាភិបាល​ បន្ត​កិច្ច​ស៊ើប​អង្កេត​លើ​ការ​បាញ់​សម្លាប់​អ្នករិះគន់​រដ្ឋាភិបាល​មួយ​ចំនួន​ ក្នុងនោះ​មាន​លោក​ ជា វិជ្ជា​ មេដឹកនាំ​សហជីព​សេរី​កម្មករ​ដ៏​ល្បីល្បាញ​ ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​ស្លាប់​ក្នុង​ថ្លុក​ឈាម នៅ​តូប​លក់​កាសែត​មួយ​កន្លែង​ នៅ​កណ្ដាល​រាជធានី​ភ្នំ​ពេញ​ កាលពី​១៣​ឆ្នាំមុន។​

ក្នុង​សំណុំ​រឿង​នៃ​ការ​បាញ់​សម្លាប់​លោក​ ​ជា វិជ្ជា​នេះ​ ​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​លោក​ ប៊ន​ សំណាង​ និង​លោក​ សុខ សំអឿន​ ​ដាក់​ពន្ធនាគារ​រយៈពេល​ជិត​៥ឆ្នាំ​ ក៏ប៉ុន្តែ​ក្រោយ​មក​ដោយ​មាន​ការ​រិះ​គន់​ថា​ ជា​ឃាតក​សិប្បនិម្មិត​ ទើប​តុលាការ​សម្រេច​ដោះ​លែង​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

រហូត​មកទល់​នឹង​ពេល​បច្ចុប្បន្ន​ មេដឹកនាំ​សហជីព​មួយ​ចំនួន ក៏​នៅ​តែ​មិន​ជឿ​ថា​ ​ឃាតក​ដែល​អាជ្ញាធរ​ចាប់​បាន​នោះ​ គឺ​ជា​ឃាតក​ពិត​ តែ​វា​គ្រាន់​ជា​ការ​ប្រឌិត​បំបិទ​ការណ៍​ពិត​ប៉ុណ្ណោះ៕​