ក្រុម​សហជីព​នៅ​កាស៊ីណូ​ Naga​ រៀបចំ​បណ្តឹង​ប្រឆាំង​ការ​រំលោភ​សិទ្ធិ​ការងារ

រូបឯកសារ៖ ទិដ្ឋភាពនៅ​ខាង​ក្រៅ​កាស៊ីណូ​ណាហ្គាវើលដ៍ ក្នុង​អំឡុងពេល​​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ក្នុង​រាជធានីភ្នំពញ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។

ក្រុម​ថ្នាក់​ដឹកនាំ​និង​សមាជិកសហជីព​នៅ​កាស៊ីណូ​ណាហ្គា​វើល​ដ៍​(Naga​World)​អះអាង​ថា​ ពួក​គេ​កំពុង​រៀប​ចំ​ពាក្យ​បណ្តឹង​ប្តឹង​ក្រុមហ៊ុន​មួយ​នេះ ពាក់​ព័ន្ធ​នឹង​ការ​កាត់​ការងារ​របស់​បុគ្គលិក​ជាង​១​ពាន់​នាក់​ក្នុង​ពេល​ប្រទេស​កំពុង​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូវីដ​១៩។

នៅ​ចន្លោះ​ថ្ងៃ​ទី​២៦​ និង​២៧ ខែ​ឧសភា ថ្នាក់​ដឹក​នាំ​សហជីព​មួយ​ចំនួន​បាន​ទទួល​ការ​ជូន​ដំណឹង​ពី​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​អំពី​សំណើ​ឲ្យ​ចាក​ចេញ​ពី​ការងារ​ដោយ​មាន​កញ្ចប់​សំណង​សម្រាប់​ការ​ចាក​ចេញ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មេដឹកនាំ​សហជីព​មួយ​រូប​នៅ​កាស៊ីណូ​ណាហ្គាវើលដ៍​ដែល​ជា​សាខា​របស់​ក្រុមហ៊ុន ​NagaCorp។

អ្នកស្រី ឈឹម ស៊ីថរ​ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​រដ្ឋាភិបាលគួរ​ឈប់​អនុញ្ញាត​ឲ្យ​មាន​ការ​លេង​ល្បែង​ស៊ី​សង​នៅ​កណ្តាល​ក្រុង​ទៀត ដោយ​អ្នកស្រី​ចោទ​ថាក្រុម​ហ៊ុន​ណា​ហ្គារំលោភ​សិទ្ធិ​និយោជិត​និង​សហជីព។ អ្នកស្រី​បន្ថែម​ថា​បុគ្គលិក​កម្មករទាំង​អស់​មិន​អាចទទួល​យក​បាន​ទេ​នូវ​ការ​បញ្ឈប់​ការងារ​របស់​ពួកគេ។

អ្នកស្រី​ថ្លែង​ថា៖ «​អីចឹង​ សឹង​តែ​អាច​និយាយ​បាន​ថា​បើ​សិន​ជា​គ្មាន​ការ​ងារ​សម​រម្យ​ក្នុង​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​ទេ​ កម្ពុជា​មិន​គួរ​ណា​មាន​វត្ត​មាន​ក្រុម​ហ៊ុន​ល្បែង​ស៊ីសង​ ស្ថិត​នៅ​កណ្តាល​ក្រុង​ទេ»។

បើ​តាម​អ្នកស្រី​ ឈឹម ស៊ីថរ ក្នុង​ចំណោម​បុគ្គលិក​ជាង​១.៣០០​នាក់​ ដែល​ត្រូវ​ក្រុម​ហ៊ុន​ជូន​ដំណឹង​ឲ្យ​លា​ឈប់​ពី​ការងារ​នោះ​ មាន​បុគ្គលិក​ជាង​៣០០​នាក់​បាន​ទទួល​យក​កញ្ចប់​របស់​ក្រុមហ៊ុន​ ហើយ​បុគ្គលិក​ជាង​៦០០​នាក់​ទៀត​ នៅ​បន្ត​តវ៉ា​ទាម​ទារ​រក្សា​ការងារ​នៅ​កាស៊ីណូ​ណា​ហ្គាវើល​ដ៍​ដដែល។

បើ​តាម​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ដែល​ក្រុម​សហជីព​នៅ​ក្រុមហ៊ុន​កាស៊ីណូ​ណា​ហ្គាវើលដ៍​គ្រោង​លើក​ឡើង​ក្នុង​ពាក្យ​បណ្តឹង​របស់​ខ្លួន​នោះ គឺ​«ទី​១​ក្រុមហ៊ុន​នេះ​ត្រូវ​បញ្ឈប់​គម្រោង​កាត់​បុគ្គលិក​ចំនួន​១៣២៩​នាក់​ រួម​ទាំង​ប្រធាន​សហជីព​ អនុប្រធាន​ និង​សកម្មជន​សហជីព​ទាំង​អស់​ផង​ដែរ។​ ទី២​ ផ្តល់​ប្រាក់​ឈ្នួល​យ៉ាង​ហោច​ណាស់​៥០​ភាគរយ​ក្នុង​អំឡុង​ពេល​បិទ​រហូត​ដល់​ក្រុម​ហ៊ុន​ដំណើរ​ការ​ឡើង​វិញ។ ទី​៣​បើក​ប្រាក់​អតីតភាព​ដែល​ពន្យារ​ពេល​កន្លង​មក​ដល់​បុគ្គលិក»។ ​

អ្នកស្រី​ គឹម ម៉ាលី ​អាយុ​៣៧ឆ្នាំ​ ដែល​កំពុង​មាន​ផ្ទៃ​ពោះ ហើយ​មាន​ឈ្មោះ​ត្រូវ​កាត់​ចេញ​ពី​ការ​ងារ​នោះ ប្រាប់​វីអូអេថា ​ក្រុមហ៊ុន​កំពុង​បង្ហាញ​ចេតនា​មិន​ល្អ ដើម្បី​បញ្ឈប់​ការងារ​របស់​សមាជិក​សហជីព ដោយសារ​ភាគ​ច្រើន​នៃ​ឈ្មោះ​ដែល​ត្រូវ​កាត់​ចេញ​ពី​ការងារ​នោះ​ គឺ​ជា​ថ្នាក់​ដឹកនាំ​សកម្មជន និង​សមាជិក​សហជីព។

អ្នកស្រី​ថា​ការ​ស្នើ​របស់​ក្រុមហ៊ុន​ឲ្យ​បុគ្គលិក​ឈប់​ពី​ការងារ​នេះ​ ដោយ​យក​លេស​ថា​រង​ផល​ប៉ះ​ពាល់​ពី​ជំងឺ​កូវីដ​១៩​នោះ គឺ​មិន​អាច​ទទួល​យក​បាន​ទេ ព្រោះ​ក្រុមហ៊ុន​នៅ​មាន​លទ្ធភាព​រក​បាន​ប្រាក់​ចំណេញ​នៅ​ឡើយ​ ហើយ​នៅ​ពេល​នេះ​ ជា​កាលៈទេសៈ​លំបាក​បំផុត​ក្នុង​ការ​រក​ការងារ​ថ្មី។​

«នៅ​ណាហ្គា​ ភាគ​ច្រើន​គឺ​បុគ្គលិក​ជាមនុស្ស​ស្រី​ អ្នក​មាន​ផ្ទៃពោះ​ក៏​មាន​ អ្នក​អត់​ក៏​មាន។​ អ្នក​ខ្លះ​ជិត​សម្រាល​ទៀត​ អ្នក​ខ្លះ​ក៏សម្រាល​កូន​ហើយ​ក៏​ក្រុម​ហ៊ុន​នៅ​តែ​កាត់​ដែរ​ ហើយ​សួរ​ថា​អី​ចេះ​ នៅ​សរសៃ​ខ្ចី​ អ្នក​ជិត​ឆ្លង​ទន្លេ​ សួរ​ថា​ឲ្យ​ទៅ​រក​ការងារ​ណា​បាន​ធ្វើ ដើម្បី​រក​លុយ​មក​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ​នែ៎!»។

បើ​តាម​អ្នកស្រី ​គឹម ម៉ាលី ដែល​ធ្វើ​ការ​នៅ​កាស៊ីណូ​ណា​ហ្គា​វើល​ដ៍​ប្រមាណ១៥​ឆ្នាំ​មក​ហើយ​បុគ្គ​លិក​ក្រុម​ហ៊ុន​ណាហ្គាវើល​ដ៍​ស្ទើរ​គ្រប់​ផ្នែក​ រាប់​តាំង​ពី​ខាង​សណ្ឋាគារ​ និង​អ្នក​បម្រើការ​នៅ​តុ​ល្បែង​ស៊ី​សង​ ឬ​អ្នក​ទទួល​ភ្ញៀវ​ផ្សេង​ទៀត​ក្នុង​កាស៊ីណូ ត្រូវ​បាន​ក្រុមហ៊ុន​ផ្ញើ​សារ​តាម​ទូរស័ព្ទ​អំពី​សំណើ​ឲ្យ​ឈប់​ពី​ការងារ​ ដោយ​មាន​ការ​ព្រម​ព្រៀង​គ្នា គិត​ចាប់​តាំង​ពី​ខែ​មេសា​មក។

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​ពី​ប្រធាន​ផ្នែក​ធនធាន​មនុស្ស​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ លោកHein Dames តាម​ទូរស័ព្ទ​បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។ លោក​ក៏​មិន​ឆ្លើយ​សំណួរ​ដែល​វីអូអេ​បាន​ផ្ញើ​តាម​សារ​អ៊ីមែល​ដែរ។

យោង​តាម​សារជូន​ដំណឹង​របស់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដែលបុគ្គលិក​មួយ​ចំនួន​ទទួល​បាននោះ​ គឺ​កាល​ពី​ថ្ងៃទី​៨ ខែ​មេសា​ ឆ្នាំ​២០២១​ ក្រុម​ហ៊ុន​ចាប់​ផ្តើម​ផែនការ​រៀបចំ​ រចនាសម្ព័ន្ធ​ផ្ទៃក្នុង​ដែល​ពាក់​ព័ន្ធ​នឹង​ជំហាន​មួយ​ចំនួន ដែល​រួមមានផែន​ការ​កាត់​បន្ថយ​បុគ្គលិក​តាម​រយៈ​ការ​បញ្ចប់​កិច្ច​សន្យា​ការងារ​ ដោយ​ការ​ព្រម​ព្រៀង​គ្នា​។

សារ​ជូន​ដំណឹង​នោះ​មាន​ន័យ​ដើម​ថា៖ «ប្រសិន​បើ​អ្នក​ជ្រើស​រើស​ទទួល​យក​គម្រោង​ក្នុង​ការ​បញ្ចប់​កិច្ច​សន្យា​ដោយ​ការ​ព្រម​ព្រៀង​នេះ​ យើង​នឹង​ផ្តល់​ប្រាក់​បំណាច់​បញ្ចប់​កិច្ច​សន្យា​ការងារ​ដែល​ខ្ពស់​បំផុត​តាម​ច្បាប់​ស្តីពី​ការងារ​ជា​ធរមាន​ ដោយ​រាប់​បញ្ចូល​ទាំង​ប្រាក់​បំណាច់​អតីតភាព​ការងារ​ទាំង​អស់​ ប្រាក់​សោហ៊ុយ​ជំងឺ​ចិត្ត​ អត្ថ​ប្រយោជន៍​ទៅ​តាម​កិច្ចសន្យា​ការងារ​ និង​អត្ថ​ប្រយោជន៍​នានា»។

មន្ត្រី​កម្មវិធី​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​សង់​ត្រាល់​ លោក ​ឃុន​ ​ថារ៉ូ​ លើក​ទឹក​ចិត្ត​ឲ្យ​គូ​ភាគី​ក្នុង​វិវាទ​ការងារ​ទ្រង់​ទ្រាយ​ធំ​នេះ រក​ដំណោះ​ស្រាយ​ស្រប​តាម​ផ្លូវ​ច្បាប់​ដែល​មាន​ជា​ធរ​មាន។

«ផ្លូវ​ច្បាប់​ ក្រុម​ហ៊ុន​មាន​សិទ្ធិ​នៅ​ក្នុង​ការ​បញ្ឈប់ ប៉ុន្តែ​កម្មករ​និយោជិត​គាត់​មាន​សិទ្ធិ​នៅ​ក្នុង​ការ​ទាម​ទារ​ឲ្យ​មាន​ការ​ទូទាត់​ត្រឹម​ត្រូវ​ទៅ​តាម​ផ្លូវ​ច្បាប់​ អាហ្នឹង​វា​ជា​សិទ្ធិ​របស់​ភាគី​ទាំង​សង​ខាង​ ខណៈ​ពេល​ដែល​ក្រុម​ហ៊ុន​ មិន​មាន​ឆន្ទៈ​នៅ​ក្នុង​ការ​ទូទាត់​នូវ​រូប​មន្ត​ត្រឹម​ត្រូវ​ទៅ​តាម​ផ្លូវ​ច្បាប់។​ អីចឹង​អាហ្នឹង​វា​បើក​សិទ្ធិ​កម្មករ​និយោជិត​នៅ​ក្នុង​ការ​ទាម​ទារ​ហើយ»។

លោក​បន្ថែម​ថា​រដ្ឋាភិបាល​គួរ​ពិចារណា​អន្តរាគមន៍​បញ្ចប់​វិវាទ​នេះ​ ដើម្បី​ធានា​ថា​កម្ពុជា​មិន​មែន​ជា​ទី​កន្លែង​ដែល​រើស​អើង​ក្រុម​សហជីព​ឬ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​របស់​ក្រុម​និយោជិត​ដែល​ភាគ​ច្រើន​ជា​សមាជិក​សហជីព​ ហើយ​ត្រូវ​បាន​ស្នើ​ឲ្យ​ឈប់​ពី​ការងារ។

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​ពីលោក​ ហេង សួរ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​បាន​ទេនៅ​ថ្ងៃ​អង្គារ​នេះ។

បើ​តាម​របាយ​ការណ៍​ហិរញ្ញវត្ថុចុង​ក្រោយ​ដែល​ចេញផ្សាយ​កាល​ពី​កន្លង​ទៅ ក្រុមហ៊ុន​ណាហ្គា​ដែល​ចុះ​បញ្ជី​ក្នុង​ទីក្រុង​ហុងកុង​ បាន​រក​ប្រាក់​ចំណេញ​ប្រមាណ​១០២​លាន​ដុល្លារ​អាមេរិក​ក្នុងឆ្នាំ​២០២​០ ទោះ​បី​ប្រទេស​កម្ពុជា​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩​ក៏​ដោយ៕