បទចំរៀងនេះដែលរាយរ៉ាប់អំពីការវាយដំដ៏ហិង្សាមកលើអ្នកតវ៉ាទាមទារការដំឡើងប្រាក់ឈ្នួលក្នុងឧស្សាហកម្មកាត់ដេរកាលពីប្រាំឆ្នាំមុននឹងត្រូវចាក់ក្នុងកម្មវិធី ដែលមានឈ្មោះថា «យើងមិនភ្លេច៣មករា២០១៤» ដែលនឹងរៀបចំឡើងនៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការបញ្ជាក់របស់លោកវន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ជាភាសាអង់គ្លេសថា IDEA និងជាតំណាងកម្មករដែលត្រូវបានកងកម្លាំងទ័ពឆ័ត្រយោង៩១១វាយយ៉ាងដំណំនាដើមឆ្នាំ២០១៤នោះ។
លោកវន់ ពៅបានប្រាប់ពីបំណងនៃការរៀបចំកម្មវិធី «យើងមិនភ្លេចថ្ងៃ៣មករា២០១៤» យ៉ាងដូច្នេះថា៖
«ធ្វើដើម្បីរំឭកនូវការបង្រ្កាបទៅលើកម្មករនៅមុខរោងចក្រយ៉ាកជីង និងផ្លូវវេង ស្រេង ហើយនិងរំឭកអំពីអ្វីដែលការធ្វើទារុណកម្មមកលើរូបខ្ញុំ នៅពេលដែលចាប់ខ្លួនខ្ញុំ មុនចាប់ខ្លួនខ្ញុំ។ នៅពេលដែលគេយកខ្ញុំទៅដាក់ពន្ធនាគារ វាលំបាកយ៉ាងណា។ នេះគ្រាន់តែជាការរំឭកព្រឹត្តការណ៍ហ្នឹង ដែលកើតឡើងកាលពីឆ្នាំ២០១៤»។
លោក វន់ ពៅ និងក្រុមកម្មករ ព្រមទាំងសកម្មជនការពារសិទ្ធិមនុស្ស២២នាក់ទៀត ត្រូវចាប់ខ្លួន កាលពីដើមខែមករា ឆ្នាំ២០១៤ ក្រោមការចោទប្រកាន់ពីបទពាក់ព័ន្ធនឹងអំពើហិង្សាដោយចេតនា ការបង្កការខូចខាតទ្រព្យសម្បត្តិសាធារណៈ និងការធ្វើឲ្យមានបញ្ហាអសន្តិសុខ និងអសណ្ដាប់ធ្នាប់សង្គម។
លោក វន់ ពៅបានឲ្យដឹងថា លោកបានដាក់ពាក្យបណ្តឹងទៅក្រសួងការងារ ដែលកំពុងធ្វើការពិនិត្យលើរាល់សំណុំរឿងប្តឹងផ្តល់ប្រឆាំងនឹងក្រុមមេដឹនាំសហជីព ដើម្បីឈានដល់ការបញ្ចប់សំណុំរឿងទាំងនោះ នៅតុលាការ។ លោកថា ពាក្យបណ្តឹងរបស់លោកបានស្នើសុំឲ្យមានការទម្លាក់ចោលបទចោទប្រកាន់មកលើរូបលោក។
កងទ័ពពិសេសនៃកងពល៩១១ ដែលគេដឹងថា ជំនិតលោកហ៊ុន សែន បានបើកការបង្ក្រាបយ៉ាងហិង្សាលើក្រុមបាតុករនៅថ្ងៃទី២ខែមករាឆ្នាំ២០១៤។
មួយថ្ងៃក្រោយមក គឺថ្ងៃទី៣ខែមករាឆ្នាំ២០១៤ មានមនុស្សបួននាក់បានស្លាប់ ម្នាក់បាត់ខ្លួន ហើយ២៤នាក់ផ្សេងទៀតបានរងរបួសនៅក្នុងព្រឹត្តិការណ៍បង្ក្រាបបាតុកម្មនោះ ដោយក្នុងថ្ងៃនោះ ការបាញ់រះមួយបានកើតឡើងពីក្រុមសមត្ថកិច្ចនៅតំបន់សួនឧស្សាហកម្មកាត់ដេរកាណាឌីយ៉ាក្នុងរាជធានីភ្នំពេញ លើកំណាត់ផ្លូវវេងស្រេង។
លោកថេង សាវឿន អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា ដែលជាអ្នករងគ្រោះមួយរូបស្ថិតក្នុងចំណោមជនរងគ្រោះ២៣នាក់ដែលមានលោកវន់ ពៅ ដែរនោះ បានប្រាប់ VOA នៅថ្ងៃពុធនេះថា ការរំឭកឡើងវិញនូវព្រឹត្តិការណ៍វាយបង្រ្កាបនេះគឺចង់ឲ្យអាជ្ញាធរចងចាំនូវសកម្មភាពហិង្សា ដែលលោកយល់ថា មិនគួរកើតមានឡើងនោះទេ។
«សម្រាប់ខ្ញុំ យើងគិតថា ព្រឹត្តិការណ៍ដែលកើតមានឡើងនេះ វាមិនគួរត្រូវតែកើតឡើងនោះទេ។ ហើយការតវ៉ារបស់កម្មករអីហ្នឹង កាលពីពេលនោះគឺដើម្បីទាមទារក្នុងការដំឡើងប្រាក់ខែឲ្យ ជីវភាពពលរដ្ឋសមរម្យ ថ្លៃថ្នូរ ហើយវាគួរណាស់តែពេលហ្នឹង រដ្ឋាភិបាលត្រូវតែរកពិធីសាស្ត្រដោះស្រាយ ដោយសន្តិវិធី មិនគួរណាប្រើពិធីសាស្ដ្រក្នុងការបង្ក្រាប ប្រើកម្លាំង អាជ្ញាធរទៅធ្វើការបង្ក្រាបទៅលើនេះហ្នឹងទេ ទៅលើប្រជាពលរដ្ឋ ឬក៏កម្មករដែលគាត់ដៃទទេនោះទេ។ ហើយវាគឺជារឿងមួយដែលគួរឲ្យសោកស្តាយផងដែរនៃការបង្ក្រាប ការប្រើប្រាស់អំពើហិង្សា ព្រៃផ្សៃ ដែលយើងចងចាំ មិនអាចបំភ្លេចបាននៅពេលនោះផងដែរ»។
ក្នុងសំណុំរឿងវាយបង្រ្កាបរបស់អាជ្ញាធរមានសមត្ថកិច្ចមកលើក្រុមអ្នកតវ៉ានៅចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤នេះមានការឆ្លើយដាក់គ្នារវាងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងអនុប្រធានគណបក្សសង្គ្រោះជាតិ ចំពោះអ្នកដែលត្រូវទទួលខុសត្រូវក្នុងហេតុការណ៍ដ៏ហិង្សានេះ។
នាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចោទក្រុមតំណាងរាស្ត្រគណបក្សជំទាស់ពីររូបថា ជាអ្នកចេញបញ្ជាពីទីលានប្រជាធិបតេយ្យចាស់ ឲ្យក្រុមកម្មករធ្វើកុបកម្ម ដែលមានចរិតជាបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ ក៏ប៉ុន្តែអ្នកស្រីមូរ សុខហួរ អនុប្រធានគណបក្សជំទាស់ ដែលរងការចោទពីលោកខៀវ សុភ័គនោះ បានច្រានចោលការចោទប្រកាន់នេះនិងទាមទារឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបើកការស៊ើបអង្កេតឯករាជ្យមួយ។
នាយឧត្តមសេនីយ៍ខៀវ សុភ័គ អះអាងថា គ្មានការស៊ើបអង្កេតណាផ្សេងទៀត អាចធ្វើបាននោះឡើយ ប្រសិនបើគ្មានការបង្គាប់ពីតុលាការកម្ពុជា៕