សហជីពរោងចក្រកាត់ដេររបស់ប្រទេសកម្ពុជាកំពុងត្រៀមខ្លួនជំរុញឲ្យមានការបង្កើនប្រាក់ខែអប្បរមាដល់កម្មកររោងចក្រនៅក្នុងប្រទេសកម្ពុជា។
មេដឹកនាំសហជីពបាននិយាយថា កម្មករ ដែលធ្វើការនៅក្នុងរោងចក្រកាត់ដេរ ត្រូវការប្រាក់ខែអប្បរមាយ៉ាងហោចណាស់១៧៧ដុល្លារក្នុងមួយខែ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃដើម្បីទប់ទល់នឹងការកើនឡើងនូវតម្លៃម្ហូបអាហារ និងរបស់របរប្រើប្រាស់ផ្សេងៗទៀត ដែលត្រូវការជាចាំបាច់ប្រចាំថ្ងៃ។ ឧស្សាហកម្មរោងចក្រមានកម្មករចំនួនប្រមាណ៦០០.០០០នាក់ ដែលវិស័យនេះផ្តល់ការងារច្រើនជាងគេបំផុតនៅក្នុងប្រទេស ប្រៀបធៀបនឹងវិស័យដទៃៗទៀត។
តំណាងសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាបានជួបប្រជុំជាមួយនឹងសមាគមអន្ដរជាតិ និងអ្នកបញ្ជាទិញអន្តរជាតិធំៗ ដើម្បីបញ្ចុះបញ្ចូលឲ្យពួកគេគាំទ្រការដំឡើងប្រាក់ខែនេះ។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពនេះ បានប្រាប់វីអូអេខ្មែរថា គាត់ និងអ្នករួមការងាររបស់គាត់ផ្សេងទៀតបានធ្វើដំណើរនៅអាស៊ី អឺរ៉ុប និងអាមេរិកខាងត្បូង នៅប៉ុន្មានខែចុងក្រោយនេះ ដើម្បីស្វែងរកការគាំទ្រសម្រាប់ការដំឡើងប្រាក់ឈ្នួលនេះ។
បាតុកម្មនានាកាលពីឆ្នាំ២០១៣ ដែលទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលនោះបាននាំឱ្យមានការបង្រ្កាបយ៉ាងឃោរឃៅទៅលើអ្នកតវ៉ា ហើយនៅក្នុងការតវ៉ាកាលពីខែមករាឆ្នាំ២០១៤ មានមនុស្សប្រាំនាក់បានស្លាប់ និងច្រើននាក់ផ្សេងទៀតរងរបួស។ ព្រមទាំងមានការចាប់ខ្លួនរាប់សិបនាក់ទៀតផង។
ការតវ៉ាជាហូរហែជាប់គ្នានេះក៏បាននាំឱ្យមានការដំឡើងប្រាក់ខែទៅដល់១២៨ដុល្លារក្នុងមួយខែដែរ។ ទោះបីជាមានការដំឡើងប្រាក់ខែដូច្នេះក៏ដោយ ក៏លោក អាត់ ធន់និងក្រុមអ្នកដឹកនាំសហជីពដទៃៗទៀត និងកម្មករបាននិយាយថា ចំនួននេះនៅតែមិនគ្រប់គ្រាន់នៅឡើយ ដើម្បីឲ្យពួកគាត់អាចរស់នៅសមរម្យ។
លោក អាត់ ធន់ បាននិយាយថា៖ «១៧៧ដុល្លារនៅតែជាតួលេខ» ដែលមានន័យថា គ្រាន់តែជាចំនួន ដែលបានកំណត់តែមិនទាន់ចេញជាលទ្ធផលជាក់ស្តែងនៅឡើយ។
កាលពីខែមុន លោក អាត់ ធន់ និងសហការីរបស់លោកបានទៅប្រទេសជប៉ុន ប្រ៊េហ្សីល ន័រវែស និងប្រទេសស៊ុយអែត ដើម្បីជួបជាមួយសមាគមអន្តរជាតិ និងអ្នកបញ្ជាទិញធំៗក្នុងពិភពលោក។
លោក អាត់ ធន់ បាននិយាយថា៖ «នៅក្នុងទីក្រុងអូស្លូ យើងបានជួបជាមួយអ្នកបញ្ជាទិញជាង១០០»។
សហជីពបាននិយាយថា ពួកគេចង់ឃើញការដំឡើងប្រាក់ខែអប្បរមាសម្រាប់កម្មកររោងចក្រ ហើយប្រសិនបើមិនមានការដំឡើងប្រាក់ខែគោលនោះទេ ពួកគេនឹងចាប់ផ្តើមប្រមូលផ្តុំគ្នានៅទីកន្លែងសាធារណៈ ដើម្បីទាមទារឱ្យមានការដំឡើងប្រាក់ខែ។ លោកបានបន្ថែមថា ការតវ៉ាគឺជាជម្រើសចុងក្រោយបង្អស់។
លោកបាននិយាយថា៖ «ចរចាដោយសន្តិភាព។ បើចរចាមិនបាន យើងនឹងជួបជុំនៅមុខរដ្ឋសភាដើម្បីបង្ហាញជំហរ។ ហើយបើចាំបាច់យើងនឹងធ្វើកូដកម្ម»។
អង្គការពលកម្មអន្តរជាតិ ILO បាននិយាយថា អង្គការនេះបានទទួលសំណើពីក្រុមសហជីព ដែលសុំឲ្យជួយពួកគេក្នុងការប្រមូលទិន្នន័យរួមសម្រាប់ការចរចាដំឡើងប្រាក់ឈ្នួល។ ទិន្នន័យទាំងនោះរួមមាន ការគណនាចំណាយសម្រាប់ការរស់នៅក្នុងប្រទេសកម្ពុជា។
អង្គការ ILO បាននិយាយនៅក្នុងអ៊ីមែលមួយកាលពីម្សិលមិញថា៖ «យើងសង្ឃឹមថា សហជីពអាចប្រើប្រាស់ទិន្នន័យទាំងនេះ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការចរចាដំឡើងប្រាក់ឈ្នួលអប្បបរមានៅឆ្នាំ២០១៦»។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បាននិយាយថា អ្នកស្រីបានជួបជាមួយសមាជិក ហើយបាននិយាយអំពីអ្វីដែលជាក្តីបារម្ភ និងអ្វីដែលពួកគេត្រូវការសម្រាប់ឲ្យពួកគេអាចរស់នៅបានសមរម្យ។
អ្នកស្រី យ៉ាង សុភ័ណ្ឌ បាននិយាយថា៖ «យើងបានជួបជាមួយសមាជិក និងកម្មកររបស់យើង ដែលបានលើកឡើងពីការព្រួយបារម្ភរបស់ពួកគេ។ ពួកគេបានលើកឡើងពីការដំឡើងប្រាក់របស់ពួកគេ»។
អ្នកស្រីបានបន្ថែមទៀតថា ប្រសិនបើការចរចាមិនមានផ្លែផ្កាទេនោះ សហជីពរបស់អ្នកស្រីអាចនឹងធ្វើការតវ៉ា។
បន្ទាប់ពីមានអំពើហិង្សាកាលពីឆ្នាំមុន មេដឹកនាំសហជីពមួយចំនួនត្រូវបានគេឲ្យដាក់នៅក្រោមការត្រួតពិនិត្យរបស់តុលាការ ក្រោមការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើស បំផ្លាញទ្រសម្បតិ្តអ្នកដទៃ និងធ្វើការរំខានដល់សមត្ថកិច្ចក្នុងអំឡុងពេល ដែលមានការធ្វើកូដកម្មកាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤។
លោកស្រី យ៉ាង សុភ័ណ្ឌ លោក អាត់ ធន់ លោក ប៉ាវ ស៊ីណា លោក ជា មុនី ប្រធានសហជីពសេរីកម្មករ និងលោក រ៉ុង ឈុន ពេលនៅជាប្រធានសហភាពសហជីពកម្ពុជា ត្រូវបានព្រមានមិនឲ្យធ្វើការជួបប្រជុំជាមួយសហជីពផ្សេងទៀត ឬចូលរួមក្នុងការជួបជុំជាសាធារណៈទេ។
មេដឹកនាំសហជីពទាំងនេះបានបដិសេធការចោទប្រកាន់នេះ ដោយនិយាយថា ពួកគាត់គ្មានទោសទេ ហើយថា ការហាមប្រាមនេះគឺជាល្បិចមួយដើម្បីធ្វើឱ្យពួកគាត់បញ្ឈប់ការទាមទារ ឬការតវ៉ា ដែលនាំឲ្យមានការដំឡើងប្រាក់ខែ។ ពួកគេនិយាយថា ប្រាក់ឈ្នួលសមរម្យ និងលក្ខខណ្ឌការងារល្អគឺកត្តាសំខាន់សម្រាប់សុខុមាលភាពរបស់សមាជិកពួកគេ។
ជារៀងរាល់ឆ្នាំ កម្មកររោងចក្ររាប់រយនាក់ដួលសន្លប់ ដោយសារតែធ្វើការអស់កម្លាំងដែលបណ្តាលមកពីបរិយាកាសរោងចក្រមិនល្អ ឬការបរិភោគមិនបានគ្រប់គ្រាន់។ ការដួលបាក់រោងចក្រនៅប៉ុន្មានឆ្នាំចុងក្រោយនេះបានបណ្តាលឲ្យកម្មករស្លាប់ និងរងរបួស។ កាលពីសប្តាហ៍មុន កម្មករកាត់ដេរ១៩នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅនៅក្នុងខេត្តស្វាយរៀងនៅតាមផ្លូវពីផ្ទះទៅរោងចក្រ ដោយសារការត្បិតត្បៀតប្រាក់ចំណាយលើការធ្វើដំណើរទៅធ្វើការ។
លោក ប៉ាវ ស៊ីណា បាននិយាយថា ក្រុមសហជីពបានស្នើសុំឱ្យប្រទេសអឺរ៉ុបដែលទទួលទិញសម្លៀកបំពាក់ច្រើនជាងគេនោះ ជួយគាំទ្រ និងជ្រោងជ្រែងក្នុងការស្នើសូមដំឡើងប្រាក់ឈ្នួលរបស់កម្មករ ដើម្បីឲ្យគេអាចរស់នៅបានសមរម្យ និងដើម្បីសុវត្ថភាពរបស់កម្មករ។
លោក ប៉ាវ ស៊ីណា បាននិយាយថា៖«ពួកគេអាចបង់ប្រាក់សម្រាប់រថយន្តដែលដឹកមនុស្សតិចជាងនេះ»។
កម្មករដូចជា ម៉ន សាវ៉េន ដែលធ្វើការនៅទីក្រុងបាវិត ខេត្តស្វាយរៀង បាននិយាយថា ពួកគេត្រូវការឲ្យមានការដំឡើងប្រាក់ខែគោលនេះ។ ប្រាក់ខែរបស់គាត់ឥឡូវគឺ១២៩ដុល្លារក្នុងមួយខែ។ ប្រាក់ខែនេះត្រូវយកទៅចំណាយសម្រាប់ការរស់នៅប្រចាំថ្ងៃ ដូចជាថ្លៃសិក្សារបស់កូនៗរបស់គាត់ ការចំណាយទៅលើម្ហូបអាហារ និងការធ្វើដំណើរទៅវិញទៅមកពីការងារទៅផ្ទះ និងពីផ្ទះទៅកន្លែងធ្វើការដែលត្រូវចំណាយពេលពីរម៉ោងពេលទៅធ្វើការ និងចំណាយពេលពីរម៉ោងទៀតពេលត្រឡប់មកផ្ទះវិញ។
ម៉ន សាវ៉េន បាននិយាយថា៖«ខ្ញុំចំណាយ២០ដុល្លារក្នុងមួយខែនៅលើថ្លៃជិះឡាន»។
ម៉ន សាវ៉េន បានបាត់បង់ប្អូនស្រីរបស់គាត់ឈ្មោះ ម៉ន សាវ៉ុន ដែលបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរនៅខេត្តស្វាយរៀង កាលពីសប្តាហ៍មុន។ គាត់បាននិយាយថា ប្រសិនបើប្រាក់ខែច្រើនជាងនេះ វាប្រហែលជាអាចជួយបង្ការមិនឲ្យប្អូនស្រីរបស់គាត់ស្លាប់ទេ៕