មេដឹក​នាំ​សហជីព​ជំទាស់​នឹង​សំណើ​ថៅកែ​រោងចក្រ​សុំ​ផ្អាក​ចរចា​ប្រាក់​ឈ្នួល​កម្មករ

រូបឯកសារ៖ កម្មកររោងចក្រ​កាត់ដេរ​កំពុង​ដេរ​សម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន​សម្លៀកបំពាក់​ម៉ាក H&M ខេត្ត​កណ្ដាល ថ្ងៃ​ទី១២ ខែធ្នូ ឆ្នាំ​២០១៨។ REUTERS/Samrang Pring/File Photo

តំណាង​កម្មករ​និង​ថៅកែ​រោងចក្រ​ក្នុង​វិស័យ​កាត់​ដេរ​ខ្វែង​គំនិត​គ្នា ​ក្នុង​ដំណើរ​ការ​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​អប្បរមា​ សម្រាប់​ឆ្នាំ​២០២១។​ ខាង​តំណាង​រោងចក្រ​និយាយ​ថា​ ដំណើរ​ការ​ចរចា​នេះ​គួរ​តែ​ផ្អាក​សិន​ដើម្បី​រក្សា​ដង្ហើម​ផលិត​កម្ម​នៅ​ក្នុង​ឧស្សាហ​កម្ម​ ដែល​ផ្តល់​ការ​ងារ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៨០​ម៉ឺន​នាក់។​

ប្រាក់​ឈ្នួល​អប្បបរមា​ដែល​ត្រូវ​បាន​កំណត់​សម្រាប់​ឆ្នាំ​២០២០​ គឺ​មាន​ចំនួន​ ១៩០ ​ដុល្លារ​សហរ​ដ្ឋ​អាមេរិក​ដែល​កើន​ពី ​១៧០ ​ដុល្លារ​ ក្នុង​ឆ្នាំ​២០១៩។​

លោក ​ប៉ាវ ស៊ីណា​ ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ កិច្ច​ពិភាក្សា​ត្រីភាគី​មួយ​ គួរ​តែ​ត្រូវ​ធ្វើ​ឡើង​ ដើម្បី​បើក​ផ្លូវ​ឲ្យ​ភាគី​និយោជក​ តំណាង​កម្មករ​និង​រដ្ឋាភិបាល​ស្វែង​យល់​ពី​ស្ថានភាព​ជាក់​ស្តែង​នៅ​ក្នុង​ឧស្សាហ​កម្ម​កាត់ដេរ ​ក៏​ដូច​ជា​ផល​វិបាក​របស់​កម្មករ​ក្នុង​ស្ថាន​ការណ៍​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​វិបត្តិ​ជំងឺ​កូវីដ១៩។​

លោក​និយាយ​ថា​ ភាគី​រោងចក្រ​ត្រូវ​បង្ហាញ​ភាព​ស្មោះ​ត្រង់​របស់​ខ្លួន​អំពី​ផល​វិបាក​នានា ​ដែល​កើត​ឡើង​ក្នុង​សង្វាក់​ផលិត​កម្ម​និង​ការ​បញ្ជា​ទិញ​ពី​ក្រៅ​ប្រទេស។​

«យើង​ឃើញ​ថា​ មាន​រោងចក្រ​ខ្លះ ​មាន​ការ​ងារ​ធ្វើ​ ប៉ុន្តែ​គាត់​យក​ឱកាស​ហ្នឹងជា​ឱកាស​នៃ​ការ​កាត់​បន្ថយ​កម្មករ​ ជា​ឱកាស​ដែល​គាត់​ត្រូវ​បញ្ឈប់​កម្មករ​ដើម្បី​បង្កើន​ផលិត​ភាព​គាត់។​ មានន័យ​ថា​ គាត់​កាត់​បន្ថយ​កម្លាំង​ពលកម្ម​ ប៉ុន្តែ​គាត់​បង្ខំ​ឲ្យ​កម្មករ​ផលិត​ឲ្យ​បាន​ច្រើន​ទៅ​វិញ។ ​ដូច្នេះ​អា​ទាំង​អស់​ហ្នឹង​ដែល​យើង​មើល​ឃើញ​ថា​ វា​អាស្រ័យ​ទៅ​លើ​ភាព​ស្មោះ​ត្រង់​របស់​និយោជក»។​

លិខិត​របស់​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា ​(Garment Manufacturers Association in Cambodia ​ឬហៅ​ថា ​GMAC)​ ចុះ​ថ្ងៃ​ទី​២៣​ ខែ​មិថុនា​ ឲ្យ​ដឹង​ថា ​តំណាង​និយោជក​ និយាយ​ថា ​វិបត្តិ​ជំងឺ​កូវដី​បង្ខំ​ឲ្យ​រោងចក្រ​សហគ្រាស​ជាច្រើន ​ផ្អាក​ដំណើរការ​បណ្តោះ​អាសន្ន​ ឬ​ក៏​បិទ​ទ្វារ​តែ​ម្តង​ហើយ​រោងចក្រ​ជាច្រើន​បាន​ព្យួរ​ការងារ​ ដោយសារ​អ្នក​បញ្ជា​ទិញ​លុប​ចោល​ការ​បញ្ជា​ទិញ​ និង​បដិសេធ​មិន​ទទួល​យក​ទំនិញ​ដែល​បាន​ផលិត​រួច​ជាដើម។​

តំណាង​និយោជក​អះអាង​ថា​ ផ្អែក​លើ​ស្ថានភាព​នេះ ​វិស័យ​វាយនភណ្ឌ​កាត់​ដេរ​និង​ផលិត​ស្បែក​ជើង​«កំពុង​មាន​ភាព​ផុយ​ស្រួយ ​និង​មាន​ភាព​មិន​ច្បាស់លាស់​ក្នុង​ការ​វិល​ត្រឡប់​មក​រក​សភាព​ដើម​វិញ»​ ហើយ​អាច​ត្រូវ​ប្រើ​ពេល​យូរ​ ដើម្បី​ធ្វើ​ឲ្យ​ឧស្សាហ​កម្ម​នេះ​ប្រសើរ​ឡើង​វិញ។​

លិខិត​របស់ ​GMAC ​ឲ្យ​ដឹង​ថា៖ ​«ការ​បង្អង់​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​នឹង​ជា​យន្តការ​មួយ​ក្នុង​ការ​គាំទ្រ​ឲ្យ​វិស័យ​នេះ​នៅ​បន្ត​មាន​ជីវិត​រស់​នៅ​ ក៏ដូច​ជា​ការ​រក្សា​ការ​ងារ​សម្រាប់​បងប្អូន​កម្មករ​និយោជិត​យ៉ាង​ដូច្នេះ​ដែរ»។​

ជាធម្មតា​ ដំណើរ​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​តែង​តែធ្វើ​ឡើង​ ចាប់​ពី​ខែ​កក្កដា​ដល់​ខែ​សីហា​ជា​រៀង​រាល់​ឆ្នាំ គិត​ចាប់​តាំង​ពី​ឆ្នាំ​២០២១៤​ មក។​ GMAC ​បន្ថែម​ថា​ ពេល​គ្មាន​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២១​ នោះ​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​បាន​កំណត់​សម្រាប់​ឆ្នាំ​២០២០​ គួរ​បន្ត​សុពល​ភាព​អនុវត្ត​រហូត​ដល់​វិស័យ​កាត់ដេរ​ អាច​ត្រឡប់​ទៅ​រក​សភាព​ដើម​វិញ។​

លោក​ស្រី​ យ៉ាង សោភ័ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​បាន​ជំទាស់​នឹង​ការ​ស្នើ​របស់​ភាគី​និយោជក​ដែល​សុំ​ឲ្យ​មាន​ការ​ផ្អាក​ដំណើរ​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ សម្រាប់​ឆ្នាំ​២០២១។ ​លោកស្រី​និយាយ​ថា​ ភាគី​រដ្ឋាភិបាល​ត្រូវ​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​អំពី​ផលវិបាក​ទាំង​ឡាយ​ ដែល​ធ្វើ​ឲ្យ​ខូច​ខាត​កំណើន​ក្នុង​ឧស្សាហ​កម្ម​កាត់​ដេរ។​

«បើ​សិន​ណា​យើង​មិន​ចង់​ដំឡើង​ឲ្យ​កម្មករ​ ឬ​ក៏​យើង​ចង់​ផ្អាកទាល់​តែ​យើង​មាន​ការ​សិក្សា​ស្រាវជ្រាវ​ឲ្យ​ពិត​ប្រាកដ​ ឲ្យ​ច្បាស់​លាស់​សិន​ ទើប​អាហ្នឹង​ខ្ញុំ​ជឿ​ថា​ កម្មករ​ប្រហែល​ជា​គាត់​អាច​ទទួល​យក​បាន។ ​ ហើយ​បើ​មិន​មាន​អី​ផង​យោង​ទៅ​លើ​សំណើ​របស់​និយោជក​តែម្ខាង​ ហើយ​យើង​បម្រុង​ផ្អាក​ទៅ​តាម​សំណើ​របស់​គេ ​ឬ​ក៏​យើង​មិន​ចរចា​យើង​មិន​អាច​ដំឡើង​បាន ខ្ញុំ​គិត​ថា​មិន​គួរ​ទេ»។​

មេ​ដឹកនាំ​សហជីព​រូប​នេះ​បន្ថែម​ថា​ រដ្ឋាភិបាល​ហាក់​ដូច​ជា​ផ្គាប់​ផ្គុន​អ្នក​វិនិយោគ​ទុន​ក្នុង​ឧស្សាហ​កម្ម​កាត់​ដេរ​ ជា​ជាង​គិត​ពី​ប្រយោជន៍​កម្មករ។​ លោកស្រី​សោភ័ណ្ឌ ​កត់​សម្គាល់​ថា​ ថៅកែ​រោងចក្រ​ទទួល​ការ​សម្រួល​ថ្លៃ​ដើម​ក្នុង​ការ​ផលិត​មួយ​ចំនួន​ពី​ខាង​រដ្ឋាភិបាល ដូច​ជា​ការ​សម្រួល​លក្ខខណ្ឌ​ប្រើប្រាស់​អគ្គិសនី​ ប៉ុន្តែ​រដ្ឋាភិបាល​បែរ​ជា​ធ្វើ​ឲ្យ​ខូច​ខាត​ប្រយោជន៍​កម្មករ​ តាម​រយៈ​ការ​ពន្យារ​ពេល​បើក​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ទៅ​វិញ។​

ក៏ប៉ុន្តែ​លោក ​ខេន លូ​ អគ្គ​លេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ (GMAC) ​និយាយ​ថា​ បើ​តាម​កាលៈទេសៈ​សេដ្ឋកិច្ច​និង​សង្គម​បច្ចុប្បន្ន​នេះ​ការ​ផ្អាក​ដំណើរ​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ជា​ជម្រើស​ចាំបាច់។ ​

លោក​បាន​សួរ​ទៅ​ខាង​ភាគី​សហជីព​វិញ​យ៉ាង​ដូច្នេះ៖ «ឥឡូវ​យើង​ត្រូវ​ដាក់​សំណួរ​ទៅ​ខាង​សហជីព​ សួរ​ថា​ ប៉ះពាល់​ផល​ប្រយោជន៍​កម្មករ​យ៉ាង​ម៉េច? ​ឬ​ក៏​គាត់​យល់​ឃើញ​ថា​ ប្រាក់​ឈ្នួល​អាច​កើន​ឡើង​ត​ទៅ​ទៀត​នៅ​ឆ្នាំ​ក្រោយ?​ ​ខ្ញុំ​យល់​ឃើញ​ថា​ អត់​អាច​កើន​ឡើង​ទេ។​បើ​មើល​តាម​រូបមន្ត​៧ ​អាច​ថយ​ចុះ»។​

កម្មករ​រោងចក្រ​កាត់ដេរ​មួយកន្លែង​ជិះ​រ៉ឺម៉ក​ជាក្រុម​ពេលចេញ​ពី​ធ្វើការ​ ​នៅ​ល្ងាច​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ២០២០ រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​។ (ទុំ ម្លិះ/VOA)

តំណាង​ថៅកែ​រោងចក្រ​រូប​នេះ​ចង់​សំដៅ​ដល់​លក្ខណៈ​វិនិច្ឆ័យ​បែប​សង្គម​និង​សេដ្ឋកិច្ច​ ដែល​ជា​ផ្នែក​មួយ​នៃ​រូប​មន្ត​៧​នោះ។​

លោក​ ខេន លូ​ មិន​អាច​ផ្តល់​តួលេខ​នៃ​រោងចក្រ​ដែល​ឈប់​ដំណើរ​ការ​ ឬ​ព្យួរ​ការងារ​ហើយ​និង​ការ​បាត់​បង់​ការងារ​របស់​កម្មករ​ទេ។​ លោក​ស្នើឲ្យ​សួរ​ទៅ​ក្រសួង​ការងារ។​លោក​ថា​ រហូត​មក​ដល់​ពេល​នេះការ​បញ្ជា​ទិញ​ទំនិញ​មុនៗ​ គឺ​ជិត​អស់​ហើយ​ តែ​លោក​មិន​អាច​បញ្ជាក់​តួលេខ​បាន​ទេ។ ​លោក​ក៏មិន​អាច​ឲ្យ​ដឹង​ថាមាន​ការ​បញ្ជា​ទិញ​ថ្មី​ទៀត​ឬ​យ៉ាង​ណា​នោះ​ដែរ។​

មេដឹកនាំ​សហភាព​ការងារ​កម្ពុជា​លោក ​អាត់ ធន់​ និយាយ​ថា​ ភាគី​ថៅកែ​រោងចក្រ​មិន​អាច​សន្មត​នៅ​ពេល​នេះ​បាន​ទេ​ថា​ ខ្លួន​មិន​អាច​ដំឡើង​ឬ​ក៏​អាច​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​ក្នុង​ឆ្នាំ​២០២១​នោះ។​ លោក​ថា​ ការ​ចរចា​គួរ​តែ​ធ្វើ​ឡើង​តាម​ការ​គ្រោង​ទុក។​ លោក​បន្ថែម​ថា​ តាម​ការ​សិក្សា​ស្រាវជ្រាវ​អំពី​ស្ថានភាព​រស់​នៅ​របស់​កម្មករ​នៅ​ឆ្នាំ​២០១៩​ ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ ​គួរត្រូវ​បាន​ដំឡើង​ដល់​ចន្លោះ​ពី​ ២៥០​ដុល្លារ​ទៅ​៣០០​ដុល្លារ​ ទើប​អាច​រស់​បាន​សមរម្យ។​

បើ​តាម​លោក ​អាត់ ធន់​ ការ​អនុវត្ត​ប្រាក់​ឈ្នួល​ឆ្នាំ​២០២០​ នេះ​ធ្វើ​ឡើង​បាន​តែ​ពីរ​ខែ​ប៉ុណ្ណោះ​ ក្នុង​ពេល​ប្រទេស​កម្ពុជា​ទទួល​រងគ្រោះ​ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ១៩។ ​លោក​ថា​ កម្មករ​ដែល​កំពុង​ធ្វើ​ការ​បច្ចុប្បន្ន​នេះ​ អាច​ទទួល​បាន​ប្រាក់​ឈ្នួល​ជាង​ ២០០​ដុល្លារ​ ទៅ​តាម​ពេល​ម៉ោង​ធ្វើ​ការ​ និង​ផលិត​ភាព។​

ក្រុម​មេ​ដឹកនាំ​សហជីព​និយាយ​ថា​ ​ក្រុមហ៊ុន​យីហោ​ល្បីៗ​ ដូច​ជា ​Adidas​ និង​ H&M​ បន្ត​បញ្ជា​ទិញ​ទំនិញ​ពី​ប្រទេស​កម្ពុជា​ដដែល​ ទោះ​បីស្ថានភាព​នៃ​ការ​ឆ្លង​ជំងឺកូវីដ​១៩​ មិន​ទាន់​បាន​ធូរស្រាល​ក៏​ដោយ។​

លោក ​ហេង សួរ ​អ្នក​នាំពាក្យ​ក្រសួង​ការងារ​ បាន​ផ្តល់​ការ​អត្ថាធិប្បាយ​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម ​WhatsApp​ ថា​ការ​ជួប​ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​អំពី​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​នឹង​ត្រូវ​ធ្វើ​ទៅ​តាម​ការ​កំណត់​របស់​ច្បាប់។​

លោក​សរសេរ​ក្នុង​ន័យ​ដើម​ថា៖ ​«ច្បាប់​តម្រូវ​ឱ្យ​មាន​ការ​ជួប​ប្រជុំ​គ្នា​ ដូច្នេះ​យើង​ត្រូវ​តែ​ជួប​ប្រជុំ​គ្នា។​ច្បាប់​មិន​បាន​និយាយ​ថា​ប្រាក់​ឈ្នួល​ត្រូវ​តែ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នោះ​ទេ​ គឺ​វា​អាច​ឡើង​ អាច​នៅ​ដដែល​ឬ​អាច​ថយ​ អាស្រ័យ​លើ​បម្រែ​បម្រួល​នៃ​លក្ខណៈ​វិនិច្ឆ័យ​ទាំង​៧ ​នៃ​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បរមា»។​

លោក​បន្ថែម​ថា ​ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​នេះ ​រោង​ចក្រ​ដែល​បាន​ដាក់​ពាក្យ​ព្យួរ​សរុប​មាន​ចំនួន​ជាង​៤១០។ ​ប៉ុន្តែ​មាន​រោងចក្រ​ខ្លះ​បាន​ដំណើរ​ការ​វិញ​ដោយ​ផ្នែក។​

លោកស្រី ​Ulrika Isaksson​ អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​ H&M​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​តាម​សារអ៊ីម៉េល​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២១​នេះ ​មាន​ភាព​ចាំបាច់។

​លោកស្រី​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​ «វា​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ ​ដែល​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​រវាង​កម្មករ​ និយោជក​និង​រដ្ឋាភិបាល​ប្រកប​ដោយ​ភាព​ទៀង​ទាត់ ​និង​តម្លាភាព​ត្រូវ​បាន​រៀបចំ​ឡើង​ ជា​ពិសេស​នៅ​ក្នុង​កាលៈទេសៈ​ដែល​មិន​អាច​ស្មាន​ទុក​ជា​មុន​នេះ»។​

វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​និង​ស្បែក​ជើង​ គឺ​ជា​ក្បាល​ម៉ាស៊ីន​នៃ​ការ​នាំ​ចេញ​ធំ​បំផុត​លំដាប់​ទី​មួយ​របស់​កម្ពុជា។​ វិស័យ​នេះ​បាន​ស្រូប​យក​កម្លាំង​ពល​កម្ម​ប្រមាណ​ជា​ ៨០​ម៉ឺន​នាក់ ​ដែល​ភាគ​ច្រើន​គឺ​ជា​ប្រជា​ពលរដ្ឋ​មក​ពី​បណ្តា​ខេត្ត​និង​ជនបទ៕