អង្គការ UNICEF បានឲ្យដឹងកាលពីថ្ងៃពុធថា មនុស្សវ័យក្មេងចំនួនជិត៦០លាននាក់ ដែលរស់នៅក្នុងប្រទេសនានាដែលរងគ្រោះដោយសារសង្គ្រាម ឬគ្រោះធម្មជាតិ គឺជាអនក្ខរជន ហើយថាថវិកាបន្ថែមទៀតត្រូវការចាំបាច់ដើម្បីជួយដល់វិស័យអប់រំ ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិទាំងនេះ។
អង្គការ UNICEF បានរកឃើញថាជិត៣០ភាគរយក្នុងចំណោមមនុស្សដែលមានអាយុចន្លោះពី១៥ ទៅ១៩ឆ្នាំ ដែលកំពុងរស់នៅក្នុងប្រទេសមានគ្រោះអាសន្ន គឺជាអនក្ខរជន ហើយពួកគេទាំងនោះគឺជាមនុស្សប្រុសស្រីវ័យក្មេង។ អង្គការនេះបានឲ្យដឹងទៀតថា ៣៣ភាគរយនៃក្មេងស្រីទាំងនោះ មិនបានចូលរៀនតាំងពីថ្នាក់បឋមសិក្សា បើធៀបទៅនឹងក្មេងប្រុសមានចំនួន២៤ភាគរយ។
នាយកអង្គការ UNICEF លោកស្រី Henrietta Fore ថ្លែងថាស្ថិតិដែលបានរកឃើញនេះ
«គឺជាការក្រើនរំឭកពីផលប៉ះពាល់នៃសោកនាដកម្មទៅលើការសិក្សារបស់កុមារ អនាគតរបស់ពួកគេ ស្ថិរភាព និងការរីកចម្រើននៃសេដ្ឋកិច្ចរបស់ពួកគេ និងសង្គម»។
ទីភ្នាក់តស៊ូមតិដើម្បីកុមារអំពាវនាវស្វែងរកថវិកាបន្ថែម សម្រាប់ជួយដល់កម្មវិធីអប់រំ ជាពិសេសនៅអំឡុងពេលមានវិបត្តិមនុស្សធម៌នេះ។ ទីភ្នាក់ងារនេះបានឲ្យដឹងថា ៣.៦ភាគរយនៃមូលនិធិជំនួយមនុស្សធម៌ ត្រូវបានទុកបម្រុងសម្រាប់កម្មវិធីអប់រំដល់មនុស្សវ័យក្មេងដែលកំពុងរស់នៅក្នុងស្ថានភាពអាសន្ន។
នៅក្នុងវេទិកាប្រចាំឆ្នាំអំពាវនាវរកថវិកាជំនួយមនុស្សធម៌សម្រាប់កុមារ ដែលបានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃអង្គារ អង្គការ UNICEF បានអំពាវនាវរកថវិកា
ចំនួន៩រយលានដុល្លារ ដើម្បីជួយដល់ប្រទេសដែលរងគ្រោះដោយសារសង្គ្រាម និងគ្រោះធម្មជាតិ។ អង្គការ UNICEF ក៏បានស្នើទៅរដ្ឋាភិបាលឲ្យផ្តល់ឱកាសដល់កុមារឲ្យចូលរៀន និងជួយបង្កើតកម្មវិធីសិក្សាពិសេសសម្រាប់អនក្ខរជន៕