របាយការណ៍ថ្មីមួយរបស់អង្គការយូនីសេហ្វ (Unicef) ដែលធ្វើការទាក់ទងនឹងកុមារ បង្ហាញថាកុមារកម្ពុជា«ប្រឈមនឹងហានិភ័យខ្ពស់»នៃវិបត្តិអាកាសធាតុ ស្របពេលដែលកម្ពុជាជាប្រទេសដែលងាយរងគ្រោះបំផុតមួយដោយសារបម្រែបម្រួលអាកាសធាតុនេះ។
នេះជាលើកទី១ដែលអង្គការយូនីសេហ្វដាក់ចំណាត់ថ្នាក់ប្រទេសនានា រួមមានកម្ពុជាផងដែរ ទៅតាមការប្រឈម និងភាពងាយរងគ្រោះរបស់កុមារ ដោយសារវិបត្តិអាកាសធាតុ និងបរិស្ថាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ ដែលផ្សព្វផ្សាយអំពីរបាយការណ៍នេះ កាលពីថ្ងៃអាទិត្យ ក្រោមចំណងជើងថា«វិបត្តិអាកាសធាតុ គឺជាវិបត្តិនៃសិទ្ធិកុមារ»។
សេចក្តីប្រកាសឲ្យដឹងថាកុមារនៅកម្ពុជាត្រូវបានដាក់ចំណាត់ថ្នាក់ថា«ងាយរងហានិភ័យជាងគេ»លំដាប់ទី៤៦ក្នុងចំណោម១៦៣ប្រទេសលើពិភពលោក ដែលប្រឈមហានិភ័យខ្ពស់ទៅនឹងការប្រែប្រួលអាកាសធាតុ។
សេចក្តីប្រកាសបញ្ជាក់ថា៖ «មនុស្សវ័យក្មេង ដែលរស់នៅក្នុងប្រទេសកម្ពុជា ស្ថិតនៅក្នុងចំណោមក្រុមដែលប្រឈមនឹងហានិភ័យខ្ពស់ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលបង្កការគំរាមកំហែងដល់សុខភាព ការអប់រំ និងការទទួលបានការការពារ»។
បើតាមរបាយការណ៍ សន្ទស្សន៍នៃការដាក់ចំណាត់ថ្នាក់ប្រទេសនានា ផ្អែកតាមការប្រឈមរបស់កុមារទៅនឹងវិបត្តិអាកាសធាតុ និងបរិស្ថាន ព្រមទាំងភាពងាយរងគ្រោះរបស់ពួកគេ ដោយសារវិបត្តិទាំងនេះ ដែលត្រូវបានកំណត់ទៅតាមលទ្ធភាពរបស់ពួកគេ ក្នុងការទទួលបានសេវាចំាបាច់សំខាន់ៗ។
អង្គការនេះបញ្ជាក់ថាផលប៉ះពាល់ បង្កឡើងដោយសារការប្រែប្រួលអាកាសធាតុ «កាន់តែមានសភាពធ្ងន់ធ្ងរ»។
របាយការណ៍នេះបានរកឃើញថា កុមារនៅកម្ពុជាប្រឈមមុខខ្ពស់នឹងបញ្ហាខ្វះទឹក គ្រោះទឹកជំនន់តាមដងទន្លេ និងជំងឺឆ្លងតាមមេរោគចម្លង។
អង្គការយូនីសេហ្វជំរុញឲ្យមានការវិនិយោគលើសេវាសង្គម ជាពិសេសលើការបង្កើនលទ្ធភាពទទួលបានទឹកស្អាតនិងអនាម័យ សេវាសុខភាព និងអាហារូបត្ថម្ភ ការអប់រំ និងសេវាគាំពារសង្គម អាចនាំមកនូវការប្រែប្រួលគួរឲ្យកត់សម្គាល់ដល់លទ្ធភាពការពារអនាគតរបស់កុមារទាំងនេះ ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
របាយការណ៍បានបង្ហាញសន្ទស្សន៍ហានិភ័យអាកាសធាតុ លើទិដ្ឋភាពដូចជាកុមារប្រឈមនឹងហានិភ័យខ្ពស់ទៅនឹងគ្រោះទឹកជំនន់នៅតាមតំបន់ឆ្នេរ តាមមាត់ទន្លេ ហានិភ័យខ្យល់ព្យុះស៊ីក្លូន ការឆ្លងតាមមេរោគចម្លង ការបំពុលបរិយាកាសដោយសារធាតុសំណ រលកកម្តៅ ខ្វះទឹក និងការបំពុលខ្យល់។
របាយការណ៍បញ្ជាក់ទៀតថាជំងឺកូវីដ១៩ កើតឡើងផ្ទួនគ្នាជាមួយបម្រែបម្រួលអាកាសធាតុនេះ ដែលធ្វើឲ្យកុមារត្រូវរងសម្ពាធដ៏ច្រើនលើសលប់ ដោយសារវិបតិ្តដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ។
អ្នកស្រី Foroogh Foyouzat នាយិកាយូនីសេហ្វប្រចាំកម្ពុជា មានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «វិបត្តិអាកាសធាតុ គឺជាវិបត្តិសិទ្ធិកុមារព្រោះថាវិបត្តិនេះបង្កការគំរាមកំហែងដល់គ្រប់ទិដ្ឋភាពទាំងអស់នៃសុខភាព និងសុខុមាលភាពរបស់កុមារក្នុងកម្រិតដែលមនុស្សជាតិពុំធ្លាប់ជួបប្រទះកន្លងមក។ បម្រែបម្រួលអាកាសធាតុធ្វើឲ្យពិភពលោកក្លាយជាកន្លែងកាន់តែមានហានិភ័យសម្រាប់ការរស់នៅនិងការលូតលាស់ធំធាត់របស់កុមារប៉ុន្តែយើងអាចទប់ស្កាត់បញ្ហានេះមិនឲ្យក្លាយជាបញ្ហាកាន់តែធ្ងន់ធ្ងរបាន ប្រសិនបើយើងចាប់ផ្តើមចាត់វិធានការពីអំណេះតទៅ»។
អង្គការយូនីសេហ្វជំរុញឲ្យបង្កើនការវិនិយោគ ដើម្បីឲ្យសេវានានា ដែលសំខាន់សម្រាប់កុមារ កាន់តែបន្ស៉ាំ និងធន់ទៅនឹងអាកាសធាតុ។ អង្គការក៏ជំរុញឲ្យផ្តល់កុមារនូវការអប់រំអំពីអាកាសធាតុ និងជំនាញបៃតង(ការពារបរិស្ថាន) ដែលមានសារៈសំខាន់ ដើម្បីឲ្យពួកគេអាចបន្ស៉ាំខ្លួន និងត្រៀមខ្លួនទប់ទល់ផលប៉ះពាល់ដែលបង្កឡើងដោយសារបម្រែបម្រួលអាកាសធាតុ។
លោក Oskar Haq ប្រធានកម្មវិធីសេដ្ឋកិច្ចបៃតងប្រកបដោយបរិយាបន្ននៃអង្គការអុកស្វាម(Oxfam) បានប្រាប់វីអូអេតាមសារអ៊ីមែលនៅថ្ងៃចន្ទនេះថាប្រទេសកម្ពុជាស្ថិតក្នុងហានិភ័យធ្ងន់ធ្ងរ ដោយរងគ្រោះដោយសារបម្រែបម្រួលអាកាសធាតុ ដោយសារទីតាំងស្ថិតនៅតំបន់ដីសណ្តទន្លេមេគង្គ និងទន្លេសាប។
លោកបន្តថាវិស័យដែលងាយរងគ្រោះដោយបម្រែបម្រួលអាកាសធាតុនេះ គឺកសិកម្ម និងនេសាទ ដែលស្មើជាង៣០%នៃផលិតផលក្នុងស្រុកសរុប (GDP)របស់កម្ពុជា។
ដូច្នេះលោកបញ្ជាក់ថាការកើនឡើងញឹកញាប់ និងកាន់តែធ្ងន់ធ្ងរនៃទឹកជំនន់ និងភាពរាំងស្ងួត នឹងមានឥទ្ធិពលខ្លាំងលើកម្ពុជាដែលប៉ះពាល់ស្រែរបស់កសិករ សន្តិសុខស្បៀង គុណភាពទឹកសម្រាប់បរិភោគ និងការធ្វើស្រែការកើនឡើងនៃជំងឺតាមទឹក ការធ្លាក់ចុះការនេសាទត្រី និងបាត់បង់ដីសើមផងដែរ។
លោកបញ្ជាក់ថា៖ «ផលប៉ះពាល់មានទំហំធំទៅលើក្រុមដែលងាយរងគ្រោះ ដូចជាក្មេងៗ និងស្រ្តី និងក្រុមជនជាតិដើមភាគតិចដែលពឹងផ្អែកលើធនធានធម្មជាតិ ក៏ដូចជាអ្នកដែលរស់នៅក្រោម ឬក្បែរបន្ទាត់ភាពក្រីក្រី។ អ្នកដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ នឹងរងគ្រោះបន្ថែមលាយឡំគ្នា ដោយសារគ្រោះថ្នាក់អាកាសធាតុនេះ»។
លោក ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុនៃក្រសួងបរិស្ថាន បានប្រាប់វីអូអេថាប្រទេសកម្ពុជា«ងាយរងគ្រោះបំផុត»នៃការប្រែប្រួលអាកាសធាតុ ដោយសារជាប្រទេសក្រីក្រមួយ។ ហើយផលប៉ះពាល់នៃវិបត្តិនេះ បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដូចជាករណីទឹកជំនន់លិចទីក្រុងភ្នំពេញ និងតាមបណ្តាខេត្ត របាយទឹកភ្លៀងមិនទៀងទាត់ ភាពរាំងស្ងួត និងខ្យល់កន្រ្ទាក់ជាដើម។
លោកបន្តថាមិនមានតួលេខថាតើប្រជាពលរដ្ឋកម្ពុជាប៉ុន្មានរងគ្រោះដោយសារវិបត្តិអាកាសធាតុនេះទេ ប៉ុន្តែលោកបញ្ជាក់ថាភាគច្រើនប៉ះពាល់ធ្ងន់ធ្ងរលើប្រជាជនដែលប្រកបរបរក្នុងវិស័យកសិកម្ម និងនេសាទ។
លោកថ្លែងថា៖ «ទោះបីជាតួលេខរបស់យើង យើងមិនបានបញ្ហាច្បាស់ថាប្រជាជនជាក់ស្តែងប៉ុន្មានភាគរយ(ដែលរងផលប៉ះពាល់) ប៉ុន្តែជារួមយើងឃើញប្រជាជនយើងដែលប្រកបរបរកសិកម្មជាពិសេស និងការនេសាទ គឺទទួលរងផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុ»។
មន្រ្តីរូបនោះបន្តថារដ្ឋាភិបាលបានផ្តល់អាទិភាពខ្ពស់ក្នុងការដោះស្រាយវិបត្តិប្រែប្រួលអាកាសធាតុនេះ ហើយបានបង្កើតគោលនយោបាយទាំងថ្នាក់ជាតិ រហូតបញ្រ្ជាបដល់ថ្នាក់ក្រោមជាតិ។ លោកក៏ជំរុញឲ្យសហគមន៍អន្តរជាតិ ជាពិសេសប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ ផ្តល់ជំនួយទាំងធនធាន និងលក្ខណៈបច្ចេកទេសដល់ប្រទេសក្រីក្រ ក្នុងនោះក៏មានការទិញឥណទានកាបូនពីកម្ពុជាឲ្យបានច្រើន និងក្នុងតម្លៃខ្ពស់។
ប្រទេសកម្ពុជារងការរិះគន់ថាកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំ ដែលធ្វើឲ្យព្រៃឈើរងវិនាសកម្មរហូតមកដល់ពេលនេះ។ ប៉ុន្តែក្រសួងបរិស្ថានធ្លាប់អះអាងថាមិនមានបទល្មើសព្រៃឈើទ្រង់ទ្រាយធំក្នុងប្រទេសកម្ពុជានោះទេ។
កាលពីខែមិថុនា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានប្រកាសបញ្ចប់ជំនួយដល់ស្ថាប័នរដ្ឋាភិបាលកម្ពុជា ក្រោមគម្រោងព្រៃឡង់បៃតងដោយហេតុផលថា«បញ្ហាមិនត្រូវបានដោះស្រាយ» បើទោះមានការបង្ហាញក្តីព្រួយបារម្ភជាបន្តបន្ទាប់ពីអាមេរិក៕