ការិយាល័យ UNHCR៖ ជនភៀសខ្លួន​ដែល​ជា​ស្ត្រី​និង​កុមារី​ឥត​រដ្ឋ រង​ហានិភ័យ​កាន់តែ​ខ្លាំង​ក្នុង​ពេល​មាន​ជំងឺ​រាតត្បាត​កូវីដ​១៩

ស្ត្រី​ស៊ីរី​ដែល​រត់ភៀស​ខ្លួន​ដោយសារ​តែ​ប្រតិបត្តិការ​យោធា​របស់​តួកគី​តម្រង់​ជួរ​ដើម្បី​ទទួល​បាន​ជំនួយ និង​ស្បៀងអាហារ នៅ​ជំរំ​ជន​ភៀស​ខ្លួន Bardarash ក្នុង​ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។

ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន ​ឬ​ហៅ​កាត់​ថា ​UNHCR​ (United Nations High Commissioner for Refugees) បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថានៅ​ពេល​ដែល​ជំងឺ​ កូវីដ១៩​ កំពុង​តែ​ឆក់​យក​ជីវិត​មនុស្ស​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សហគមន៍​នានា​នៅ​ទូទាំង​ពិភពលោក​ស្ត្រី​ និង​កុមារី​ដែល​ត្រូវ​បាន​ផ្លាស់​ទី​លំនៅ ​និង​ឥត​មាន​រដ្ឋ​រស់នៅ​ដូច​គេ កំពុង​រង​ហានិភ័យ​កាន់​តែ​ខ្លាំង​ឡើង​ចំពោះ​អំពើហិង្សា​ដោយសារ​បញ្ហា​យេនឌ័រ។

ឧត្តមស្នងការ​រង​ទទួលបន្ទុក​ការពារ​ជនភៀស​ខ្លួន​នៃ​អង្គការសហប្រជាជាតិ​គឺ​អ្នក​ស្រី Gillian Triggs មាន​ប្រសាសន៍​ថា​ «យើង​ចាំបាច់​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​ជាបន្ទាន់​ចំពោះ​ការ​ការពារ​ស្ត្រី​ និង​កុមារី​ដែល​ជា​ជន​ភៀសខ្លួន​ឥត​រដ្ឋ​រស់នៅ ​និង​ត្រូវ​បាន​គេ​ផ្លាស់​ទី​លំនៅ ក្នុង​គ្រា​ដែល​មាន​ជំងឺ​រាតត្បាត​នេះ»។ អ្នក​ស្រី​បន្ត​ថា «ស្ត្រី​និង​កុមារី​ទាំង​នេះ​ស្ថិត​ក្នុង​ក្រុម​ងាយ​រងគ្រោះ​ជាង​គេ ហើយ​គេ​មិន​គួរ​បើក​ឱកាស​សម្រាប់​អ្នក​បំពារ​បំពានទៅ​លើ​ដែល​ស្ត្រី​ដែល​រួច​ផុត​ជីវិត​ពី​អំពើហិង្សា​និង​ការ​រំលោភបំពាន​នោះ​ទេ»។

អ្នក​ស្រី Triggs និយាយ​ថា ការ​បិទ​ប្រទេស​និង​ការ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ ដែល​វិធានការ​ទាំង​នេះ​ត្រូវ​បាន​ដាក់ចេញ​ ដើម្បី​គ្រប់គ្រង​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​ បាន​ឈាន​ទៅ​ធ្វើ​ឲ្យ​ស្ថានភាព​សេដ្ឋកិច្ច​សង្គម​កាន់​តែ​ដុនដាប​ជាង​មុន ដោយសារ​តែ​ការ​រឹតត្បិត​ការធ្វើ​ដំណើរ​និង​ការ​បិទ​សេវាកម្ម​នានា។

អ្នក​ស្រី Triggs បន្ថែម​ថា ក្នុង​កាលៈទេសៈ​បែប​នេះ ស្ត្រី​និង​កុមារី «អាច​ត្រូវ​គ្រួសារ​របស់​ពួកគេ​បង្ខំ​ឲ្យ​រៀបការ​ទាំង​មិន​ទាន់​គ្រប់​អាយុ​ ឬ​ប្រឡូក​ក្នុង​សកម្មភាព​ផ្លូវ​ភេទ​ដើម្បី​រស់»។

ទីភ្នាក់ងារ​ទទួលបន្ទុក​ការពារ​ជនភៀសខ្លួន​នៃ​អង្គការសហប្រជាជាតិ អំពាវនាវ​ដល់​រដ្ឋាភិបាល​នានា​ឲ្យ​ធានា​ថា​ពួកគេ​ចាត់ទុក ​«ហានិភ័យ​នៃ​អំពើ​ហិង្សា​កាន់​តែ​ខ្លាំង​ឡើង​ ចំពោះ​ស្ត្រី​ដែល​ជា​ជន​ភៀសខ្លួន» ជា​បញ្ហា​អាទិភាព​ក្នុង​ផែនការសកម្មភាព​របស់​រដ្ឋាភិបាលដើម្បី​ឆ្លើយតប​នឹង​ជំងឺ​រាតត្បាត​ថ្មី​នេះ៕