អង្គការ​យូណេស្កូ​ស្នើ​ទម្លាក់​បទចោទលើ​លោក ម៉ិច ដារ៉ា និង​ជំរុញ​ឱ្យ​ធានា​សេរីភាព​សារព័ត៌មាន

រូបឯកសរ៖ អ្នកសារព័ត៌មានលោក ម៉ិច ដារ៉ា ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយពីត្រូវបានដោះលែង​ឲ្យ​នៅ​ក្រៅឃុំ ពីពន្ធនាគារខេត្តកណ្តាល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។

តំណាង​អង្គការ​យូណេស្កូ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​ស្ថាប័ន​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​អំពាវ​នាវ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​លើ​អ្នក​កាសែត​ លោក ​ម៉ិច ដារ៉ា ​និង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ធានា​សេរីភាព​សារ​ព័ត៌​មាន​ និង​សុវត្ថិភាព​របស់​អ្នកសារ​ព័ត៌មាន ​តាម​រយៈ​ការ​បង្កើត​យន្តការ​ច្បាប់​ដែល​ការពារ​អ្នក​សារ​ព័ត៌មាន។​

ការណ៍​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​អបអរ​ខួប​លើក​ទី​១០​នៃ​ការ​បញ្ចប់​និទណ្ឌភាព​ចំពោះ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​អ្នក​សារ​ព័ត៌មាន​ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ ​ក្នុង​រាជធានី​ភ្នំពេញ។​

លោក​ សាដា ​អ៊ូម៉ា ​អាឡាម​ (Sardar Umar Alam) ​តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា ​ថ្លែង​ថា​ សារ​ព័ត៌មាន​សេរី​ជា​មូលដ្ឋាន​មួយ​សម្រាប់​សិទ្ធិ​មនុស្ស​ ប្រជា​ធិបតេយ្យ​និង​នីតិរដ្ឋ។​ លោក​ថា ​អ្នក​សារ​ព័ត៌មាន​នៅ​ជុំវិញ​ពិភពលោក​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ធ្វើ​ការងារ​របស់​ពួក​គេ ​ហើយ​ជា​ញឹក​ញាប់​ប្រឈម​នឹង​ហានិភ័យ ​ហិង្សា ​និង​ការ​សម្លាប់ ​ដោយសារ​តែ​បេសក​កម្ម​របស់​ពួកគេ​ក្នុង​ការ​បង្ហាញ​ការណ៍​ពិត​ទៅ​កាន់​សាធារណ​ជន​ និង​ធ្វើ​ឱ្យ​អ្នក​មាន​អំណាច​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្ម​ភាព​របស់​ពួកគេ។​

នៅ​ក្នុង​ករណី​ចាប់​ខ្លួន​លោក ​ម៉ិច ដារ៉ា​ លោក​ សាដា ​អ៊ូម៉ា ​អាឡាម​ ក៏​បាន​ជំរុញ​ឱ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​លើ​លោក ​ដារ៉ា​ផង​ដែរ ​ក្រោយ​លោក​ត្រូវ​បាន​ដោះលែង​ជា​បណ្តោះ​អាសន្ន​ ហើយ​ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ។​

លោក​ថ្លែង​ថា៖​ «ដោយ​សារ​តែ​មាន​កិច្ច​ប្រឹងប្រែង​រួមគ្នា​យ៉ាង​សន្ធឹក​សន្ធាប់​ពី​គ្រប់​ភាគី​ទាំងអស់ ​យើង​សប្បាយ​ចិត្ត​ដែល​ឃើញ​លោក​ ម៉ិច ដារ៉ា ​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​នា​ពេល​នេះ ​ហើយ​យើង​នឹង​បន្ត​អំពាវនាវ​ឱ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​ប្រឆាំង​នឹង​រូប​លោក»។​

លោក ​សាដា​ អ៊ូម៉ា ​អាឡាម​ ក៏​បាន​អំពាវនាវ​ឱ្យ​មាន​ស្ថាប័ន​ឯករាជ្យ​មួយ​ដែល​អាច​ការពារ​ផ្លូវ​ច្បាប់​ដល់​អ្នក​សារ​ព័ត៌មាន។ ​លោក​បន្ថែម​ថា​តួអង្គ​ផ្នែក​តុលាការ​ និង​កម្លាំង​សន្តិសុខ​មាន​តួនាទី​សំខាន់​មួយ​ក្នុង​ការ​ពង្រឹង​ការ​ស៊ើប​អង្កេត​ និង​ការ​កាត់​ទោស​ជនដៃ​ដល់​ ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​ប្រឆាំង​នឹង​អ្នក​សារ​ព័ត៌មាន។ ​លោក​បាន​កត់​សម្គាល់​ថា​ ផ្នែក​ហិរញ្ញ​វត្ថុ​សម្រាប់​ទ្រទ្រង់​ស្ថាប័ន​សារ​ព័ត៌មាន​ក៏​ជា​បញ្ហា​មួយ​ដែល​ធ្វើ​ឱ្យ​ស្ថាប័ន​សារ​ព័ត៌មាន​ងាយ​ទទួល​ឥទ្ធិពល​នយោបាយ ​និង​ផល​ប្រយោជន៍។​

លោក សាដា អ៊ូម៉ា អាឡាម តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ថ្លែងក្នុងពិធីអបអរខួបលើកទី១០នៃការបញ្ចប់និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាន ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។ (លាស់ លីបលីប)

អ្នកស្រី រួអេដា អិល ហាច តំណាងOHCHR ប្រចាំប្រទេសកម្ពុជា ថ្លែងក្នុងពិធីអបអរខួបទី១០នៃការបញ្ចប់និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាន ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។ (លាស់ លីបលីប)

អ្នកស្រី ​រួអេដា អិល ហាច ​(Roueida El Hage)​ តំណាង​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា ​ថ្លែង​ក្នុង​ទិវា​នោះ​ថា​ ការ​ទទួល​បាន​ព័ត៌មាន​ចម្រុះ​ដែល​អាចទុក​ចិត្ត​បាន​ ប្រព័ន្ធ​យុតិ្ត​ធម៌​ក្នុង​ស្រុក​ដែល​មាន​ប្រសិទ្ធ​ភាព ​និង​ការ​កាន់​ខ្ជាប់​និង​អនុលោម​តាម​ច្បាប់​ជាតិ​ និង​ការ​អនុវត្ត​បទ​ដ្ឋាន​ច្បាប់​អន្តរ​ជាតិ​ស្តីពី​សិទ្ធិ​មនុស្ស ​រាប់​បញ្ចូល​ទាំង​សេរី​ភាព​ខាង​សារ​ព័ត៌មាន ​គឺ​ជា​លក្ខ​ខណ្ឌ​ចាំ​បាច់​ក្នុង​ការ​លុប​បំបាត់​និទណ្ឌ​ភាព។ ​អ្នកស្រី​បនែ្ថម​ថា ​អ្នក​សារ​ព័ត៌មាន​ប្រឈម​នឹង​អំពើ​ហិង្សា ​និង​ការ​បំភិត​បំភ័យ​លើ​រាង​កាយ​ ជា​ពិសេស​ក្នុង​អំឡុង​ពេល​ប្រមូល​ផ្តុំ​តវ៉ា ​និង​អំឡុង​ពេល​មាន​ការ​បោះឆ្នោត ​និង​ជា​រឿយៗ​ទទួល​រង​ការ​បំភិត​បំភ័យ​តាម​រយៈ​មធ្យោបាយ​ផ្លូវ​ច្បាប់​ផង​ដែរ។​

អ្នកស្រី​បន្ថែម​ថា៖​ «អ្នក​សារ​ព័ត៌មាន​មាន​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សង្គម។​ ពួកគេ​ត្រូវ​ទទួល​បាន​នូវ​ការ​ដឹង​គុណ ​និង​ការ​ការពារ​ពី​យើង​គ្រប់​គ្នា»។​

លោក​ ស្រ៊ាង ចិន្តា ​អ្នកនាំ​ពាក្យ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល ​និង​បាន​ចូលរួម​ក្នុង​ទិវា​នោះ ​លើក​ឡើង​ថា ​នាពេល​បច្ចុប្បន្ន​នេះ ​មិន​មាន​អ្នក​សារ​ព័ត៌មាន​ដែល​ត្រូវ​បាន​គេ​សម្លាប់​នោះ​ទេ​ក្នុង​ប្រទេស​កម្ពុជា។ ​លោក​បន្ថែម​ថា​ ការ​បញ្ចប់​និទណ្ឌ​ភាព​ត្រូវ​ពឹង​ផ្អែក​លើ​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់។​

លោក​ថ្លែង​ថា៖ ​«យើង​និយាយ​អំពី​សេរីភាព​សារ​ព័ត៌មាន​នេះ ​ខ្ញុំ​គ្រាន់​ចង់​បើក​បន្តិច​ មានន័យ​ថា ​បើ​យើង​ចង់​និយាយ​អំពី​បញ្ចប់​និទណ្ឌ​ភាព​នៅ​ក្នុង​សង្គម​ប្រជា​ធិបតេយ្យ ​វា​អត់​មាន​អ្វី​ក្រៅ​ពី​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ទេ»។​

ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​ឱ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់​លើ​លោក​ ម៉ិច ដារ៉ា​នោះ ​អ្នកនាំ​ពាក្យ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ លោក​ ស្រ៊ាង ចិន្តា ​បញ្ជាក់​ថា ​ការ​លើក​ឡើង​នេះ​គឺ​ជា​សិទ្ធិ​បញ្ចេញ​មតិ​របស់​បុគ្គល។​ ប៉ុន្តែ​លោក​ថា ​អ្វីៗ​អាស្រ័យ​លើ​តុលាការ​កម្ពុជា។​

លោក​ប្រាប់​វីអូអេ​បន្ថែម​ថា៖ ​«តាម​ពិត​ទៅ ​នេះ​ជា​សិទ្ធិ​របស់​គាត់​ ប៉ុន្តែ​នេះ​ជា​ដំណើរ​ការ​និតិវិធី​ក្នុង​តុលាការ។​ អ៊ីចឹង​ពួក​ខ្ញុំ​ អត់​មាន​សិទ្ធិ​អី​ទេ។​ អ៊ីចឹង​គ្រាន់​តែ​ថា​ បើសិន​ជា​គាត់​ចង់ ​យើង​ចូល​រួម​ដំណើរ​ការ​និតិវីធី​ទៅ។​ យើង​អាច​ថា ​បើ​គាត់​ចង់​ឱ្យ​មាន​ការ​ដោះលែង ​ចង់​ឱ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​អីអ៊ីចឹង​ យើង​រក​ភស្តុតាង​ដោះ​បន្ទុក។​ យើង​រក​សាក្សី​ជួយ​ដោះ​បន្ទុក​ រក​មេធាវី​ទៅ​ការពារ​គាត់​ទៅ ​ព្រោះ​អាហ្នឹង​នីតិវីធី​ផ្លូវ​តុលាការ។​ យើង​បាន​លើក​ពី​ខាង​ដើម​ហើយ​ យើង​មិន​អាច​បញ្ចប់​ត្រឹមការ​ស្នើសុំ​អី​អ៊ីចឹង​ទេ»។​

មួយ​ខែ​មុន​សន្និសីទ​នេះ ​លោក​ ម៉ិច ដារ៉ា ​ដែល​គេ​ស្គាល់​ថា ​ជា​អ្នក​កាសែត​ ដែល​ហ៊ាន​រាយ​ការណ៍​ពី​អំពើ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ​និង​ការ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​ ត្រូវ​បាន​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​កាលពី​ថ្ងៃ​ទី ៣០ ​ខែ​កញ្ញា​ ឆ្នាំ ​២០២៤ ​ពី​បទ​ញុះញង់ ​ទាក់​ទង​នឹង​ការ​បង្ហោះ​ព័ត៌មាន ​និង​សារ​លើ​បណ្តាញ​សង្គម ​ដែល​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល ​២ ​ឆ្នាំ។ ​លោក​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ ប៉ុន្តែ​តុលាការ​បាន​ដាក់​បម្រាម​មិន​ឱ្យ​លោក​ចេញ​ទៅ​ក្រៅ​ប្រទេស។ ​ការ​ចាប់​ខ្លួន​នេះ​ត្រូវ​បាន​អង្គការ​អន្តរ​ជាតិ ​និង​សហ​រដ្ឋ​អាមេរិក​ចាត់​ទុក​ថា​ ជា​ការ​រឹតត្បិត​សេរីភាព​សារ​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា។​

វីអូអេ​មិន​ទាន់អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ រឹម បូរ៉ា ​មេធាវី​ការពារ​ក្តី​របស់​លោក​ម៉ិច ដារ៉ា ​បាន​នៅ​ឡើយ​ទេ។​ វីអូអេ​ក៏​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ​ លោក ​អ៊ី រិន្ទ ​បាន​ដែរ។​

លោក ​ម៉ិច ដារ៉ា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​ថា​ លោក​ស្នើ​សុំ​ឱ្យ​មាន​ការ​ពន្លឿន​ និង​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​រូប​លោក។​ លោក​ថា​ លោក​មិន​នឹក​ស្មាន​ថា ​រូបភាព ​និង​ខ្លឹមសារ​ដែល​លោក​បង្ហោះ​ទាំង​នោះ​ធ្វើ​ឲ្យ​លោក​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​នោះ​ទេ។​ លោក​ក៏​អំពាវនាវ​ឱ្យ​បញ្ចៀស​ការ​ផ្តន្ទា​ទោស​អ្នក​សារ​ព័ត៌មាន​ពី​បទ​ញុះញង់​ ដើម្បី​អាច​ឱ្យ​អ្នក​សារ​ព័ត៌មាន​អាច​បំពេញ​ការងារ​បម្រើ​ផល​ប្រយោជន៍​សាធារណៈ។​

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​ខ្ញុំសង្ឃឹម​ថា ​យើង​មិន​គួរ​ណា​ប្រើ​ច្បាប់​ពាក់ព័ន្ធ​ករណី​ញុះញង់​លើ​អ្នក​សារ​ព័ត៌មាន។​អ៊ីចឹង​ បើសិន​ជា​អាច​សុំ​អំពាវនាវ​ ដោយ​សារ​យើង​ដឹង​ហើយ​ថា ​អ្នក​សារ​ព័ត៌មាន ​គាត់​ធ្វើ​ការ​ដើម្បី​បម្រើ​ប្រជា​ពលរដ្ឋ​ ដើម្បី​បម្រើ​មនុស្ស​ជាតិ​ ដើម្បី​បំពេញ​ចន្លោះ​ខ្វះខាត ​ហើយ​ដើម្បី​ឱ្យ​រដ្ឋាភិបាល​បាន​ដឹង។​ អ៊ីចឹង​ខ្ញុំ​គិត​ថា​ នៅពេល​មាន​កំហុស​ណាមួយ​ចំពោះ​អ្នក​សារ​ព័ត៌មាន​ ចង់​មិន​ចង់ ​ឬ​អចេតនា ​ឬ​មិន​ចេតនា​ហ្នឹង​ យើង​អាច​ពិនិត្យ​មើល​ទៅ​ ហើយ​បន្ទាប់​មក​យើង​អាច​ថា​ យើង​គួរតែ​ប្រើ​ច្បាប់​សារ​ព័ត៌មាន ​ឬ​ច្បាប់​ស្រាល​ជាង​នេះ ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​អ្នក​សារ​ព័ត៌មាន​គាត់​បាន​បំពេញ​ការងារ​ដោយ​វិជ្ជាជីវៈ ​និង​ប្រក្រតី»។​

វាគ្មិនចែករំលែកអំពី«បទដ្ឋានអន្តរជាតិនានាស្តីពីសិទ្ធិមនុស្សដែលគ្រប់គ្រងលើសេរីភាពមូលដ្ឋាន» នៅក្នុងទិវាអន្តរជាតិបញ្ចប់និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាន ភ្នំពេញ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។ (លាស់ លីបលីប)

ទិវា​អន្តរជាតិ​ដើម្បី​អបអរ​ខួប​លើក​ទី ១០ ​នៃ​ការ​បញ្ចប់​និទណ្ឌភាព​ចំពោះ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​អ្នក​សារ​ព័ត៌មាន​ នេះ​ធ្វើ​ឡើង​ដើម្បី​ឱ្យ​រដ្ឋ​ជា​ភាគី​ចូលរួម​ទប់​ស្កាត់​នូវ​រាល់​អំពើ​ហិង្សា​លើ​អ្នក​សារ​ព័ត៌មាន ​និង​អ្នក​ដែល​ធ្វើ​ការ​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដោយ​ធានា​នូវ​គណនេយ្យ​ភាព ​និង​នាំ​ជន​ល្មើស​មក​កាត់​ទោស ​និង​ធានា​ថា ​ជន​រង​គ្រោះ​ទទួល​បាន​នូវ​សំណង​សមរម្យ។ ​ទិវា​នេះ​ក៏​ជា​ឱកាស​មួយ​ដើម្បី​អំពាវនាវ​ឱ្យ​រដ្ឋជា​ភាគី​ក្នុង​ការ​លើក​កម្ពស់​នូវ​សុវត្ថិ​ភាព​ និង​បង្ក​បរិយាកាស​ដែល​អ្នក​សារ​ព័ត៌មាន​អាច​បំពេញ​ការងារ​របស់​ខ្លួន​ដោយ​ឯករាជ្យ ​និង​មិន​មាន​ការ​ជ្រៀត​ជ្រែក។​

ក្នុង​ទិវា​អន្តរ​ជាតិ​ដើម្បី​បញ្ចប់​និទណ្ឌភាព​នៃ​ឧក្រិដ្ឋ​កម្ម​លើ​អ្នក​សារ​ព័ត៌មាន​ អង្គការ​សង្គម​ស៊ីវិល​ជាង​២០​ស្ថាប័ន​ក្នុង​ប្រទេស​កម្ពុជា​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​នា​ថ្ងៃ​សុក្រ ​ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធាន​ការ​ឱ្យ​បាន​ឆាប់​រហ័ស ​និង​ជាក់​លាក់​ដើម្បី​ធានា​នូវ​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ឯក​រាជ្យ ​និង​តម្លាភាព ​ចំពោះ​ឧក្រិដ្ឋ​កម្ម​លើ​អ្នក​សារ​ព័ត៌មាន ​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។​

អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ ​រួម​មាន​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌​មាន​កម្ពុជា​(ខេមបូចា) ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​និង​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ជាដើម។ ​ពួកគេ​បាន​លើក​ឡើង​ថា ​ការ​ដៅ​មុខ​សញ្ញា​លើ​អ្នក​សារ​ព័ត៌មាន​ ជា​ពិសេស​អ្នក​ដែល​កំពុង​រាយ​ការណ៍​លើ​ប្រធាន​បទ​សិទ្ធិ​មនុស្ស​ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ ​និង​សារ​ព័ត៌មាន ​បង្ក​ជា​ការ​គំរាម​កំហែង​ដល់​ការ​ទទួល​បាន​ព័ត៌មាន​របស់​សាធារណ​ជន។​

អង្គការ​ទាំង​នោះ​បាន​យោង​របាយ​ការណ៍​របស់​ខេមបូចា ​ដោយ​បញ្ជាក់​ថា ​ក្នុង​រយៈ​ពេល ​៩ ​ខែ ​ឆ្នាំ ​២០២៤​ អ្នក​សារ​ព័ត៌មាន​ចំនួន​៤៦​នាក់​រង​ការ​យាយី ​ក្នុង​នោះ ​៣៤ ​នាក់​ប្រឈម​នឹង​ការ​យាយី​តាម​ផ្លូវ​តុលាការ​ដែល​រួម​បញ្ចូល ​ការ​កោះ​ហៅ​មក​សាកសួរ ​ការ​កោះ​ហៅ​មក​បង្ហាញ​ខ្លួន​នៅ​តុលាការ ​និង​ការ​ឃាត់​ខ្លួន​ ហើយ​អ្នក​សារ​ព័ត៌មាន​ចំនួន​៧​នាក់​រង​ការ​បៀតបៀន​លើ​រាង​កាយ។​ អ្នក​សារ​ព័ត៌មាន​ចំនួន​៥​នាក់​ទៀត​ប្រឈម​នឹង​ការ​រឹតត្បិត​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន​ និង​អាជ្ញា​បណ្ណ​សារ​ព័ត៌មាន​ចំនួន​៣​ត្រូវ​បាន​ដកហូត៕​