អង្គការយូណេស្កូ (UNESCO) បានឱ្យដឹងថាខ្លួនកំពុងតាមដានយ៉ាងដិតដល់លើគម្រោងសង់រមណីយដ្ឋានសិប្បនិម្មិត្តតម្លៃប្រមាណ៣៥០លានដុល្លាររបស់ក្រុមហ៊ុនណាហ្គាខប (NagaCorp Ltd) ដោយបារម្ភថាគម្រោងនេះអាច «ប៉ះពាល់គុណតម្លៃ» ឧទ្យានបុរាណអង្គរ ក្នុងខេត្តសៀមរាប។
មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់យូណេស្កូបានទទួលសំណូមពរ «ជាច្រើន» ពីសំណាក់ភាគីទីបីនានា បង្ហាញពីការបារម្ភរបស់ពួកគេ។ នេះបើតាមសេចក្តីប្រកាសរបស់អង្គការយូណេស្កូ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។
កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមហ៊ុនណាហ្គាខប បានប្រកាសពីគម្រោងសាងសង់រមណីយដ្ឋានលើផ្ទៃដីទំហំ ៧៥ ហិកតា នៅទីតាំងដីជួលពីរដ្ឋរយៈពេល ៥០ ឆ្នាំ ដែលមានចម្ងាយ ៥០០ ម៉ែត្រខាងត្បូងតំបន់ពីរនៃឧទ្យានបុរាណអង្គរ ជាទីតាំងសម្បត្តិបេតិកភណ្ឌពិភពលោក ដែលចុះបញ្ជីជាមួយអង្គការយូណេស្កូ តាំងពីឆ្នាំ ១៩៩២ មក។
គម្រោងរមណីយដ្ឋានទេសចរណ៍កែច្នៃនេះរួមមានសណ្ឋាគារ ដែលមាន ៥០០ បន្ទប់ សួនទឹក ឆាយណាថោន (China Town) ប្រព័ន្ធកសិណទឹក សួនត្រូពិក និងភូមិវប្បធម៌ជាដើម។
ណាហ្គាខប បានប្រសិទ្ធនាមគម្រោងនេះថា បឹងអង្គរដ៏អច្ឆរិយ (Angkor Lake of Wonder)។ នេះបើយោងតាមឯកសារផ្លូវការរបស់ក្រុមហ៊ុនណាហ្គាខប ដែល VOA ទទួលបាន។
គម្រោងអភិវឌ្ឍន៍នេះគ្រោងនឹងធ្វើឲ្យរួចរាល់ ក្នុងឆ្នាំ ២០២៥។
ក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តរជាតិអង្គរ (ICC-Angkor) នៅចុងខែមករា គម្រោងនេះបានស្ថិតចំកណ្ដាលនៃការពិភាក្សា ហើយយូណេស្កូថា «យោបល់បច្ចេកទេសរបស់អ្នកជំនាញក្នុងវិស័យអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនោះ គឺមិនគាំទ្រយ៉ាងជាក់ច្បាស់»។
អង្គការយូណេស្កូ បន្ថែមក្នុងន័យដើមថា៖ «រយៈចម្ងាយនៃគម្រោងនេះទៅនឹងតំបន់ទ្រនាប់នៃទីស្ថានបេតិកភណ្ឌដែលត្រូវការពារ និងក៏ដូចជាទំហំ វិសាលភាព និងគោលគំនិតនៃគម្រោង អាចមានផលប៉ះពាល់ជាក់ស្ដែងដល់គុណតម្លៃជាសាកលដ៏ល្អឯក ដែលអង្គរត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់យូណេស្កូ»។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ដែលជាស្ថាប័នគ្រប់គ្រងតំបន់បេតិកភណ្ឌនៃឧទ្យានអង្គរទំហំប្រមាណ ៤០០ គីឡូម៉ែត្រការ៉េ បានប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលលើកទឹកចិត្តការវិនិយោគ តែខ្លួនក៏ស្ដាប់យោបល់របស់អង្គការយូណេស្កូផងដែរ។
យ៉ាងណាក៏ដោយ លោកមិនអាចបញ្ជាក់ច្បាស់នោះទេថា តើរដ្ឋាភិបាលនឹងបញ្ឈប់គម្រោងណាហ្គាខបឬអត់ បើគណៈកម្មាធិការសម្របសម្រួលអន្តរជាតិអង្គរ ឬ ICC ផ្ដល់អនុសាសន៍ដូច្នោះ។
លោកមានប្រសាសន៍ថា៖ «អ៊ីចឹងកិច្ចការងារអ្វីទាំងអស់ អាជ្ញាធរជាតិអប្សរា តែងតែឆ្លងយោបល់ទៅគណៈកម្មាធិការ ICC អង្គរ អ៊ីចឹងក្នុងករណីដែលគណៈកម្មាធិការបានផ្ដល់នូវអនុសាសន៍យ៉ាងដូច្នេះ នឹងមានការពិភាក្សាគ្នាឬយ៉ាងម៉េចទៀត ខ្ញុំក៏មិនដឹងដែរ។ តែប្រាកដណាស់ អាជ្ញាធរជាតិអប្សរា នឹងស្ដាប់យោបល់របស់គណៈកម្មាធិការ ICC អង្គរ»។
អ្នកនាំពាក្យមួយរូបនៃក្រុមហ៊ុនណាហ្គាខបបានបដិសេធធ្វើអត្ថាធិប្បាយ ពេល VOA ទាក់ទងស្នើសុំសម្ភាសន៍តាមទូរស័ព្ទ ដោយស្នើឱ្យផ្ញើជាសារអ៊ីមែលវិញ។ មកត្រឹមរសៀលថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុនមិនទាន់ឆ្លើយតបនឹងសំណួររបស់វីអូអេនៅឡើយទេ។
ក្នុងកំណត់ហេតុចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្ញើជូនម្ចាស់ភាគហ៊ុនខ្លួនក្រុមហ៊ុនណាហ្គាខបបានឱ្យដឹងថា គម្រោងបឹងអង្គរដ៏អច្ឆរិយ នេះទទួលបាន «ចំណាប់អារម្មណ៍ខ្លាំងមែនទែន» ពីសំណាក់ក្រុមហ៊ុនរដ្ឋចិនមួយដែលមិនបញ្ចេញឈ្មោះក្នុងការ«ផ្ដល់ហិរញ្ញប្បទានសាងសង់និងបញ្ចប់»។
ក្រុមហ៊ុនណាហ្គាខបបានត្រឹមបង្ហើបថាក្រុមហ៊ុនរដ្ឋចិននោះមាន«កេរ្តិ៍ឈ្មោះកសាងសួនកម្សាន្តធំៗនិងជាក្រុមហ៊ុនទទួលកិច្ចសន្យាខ្នាតធំដែលបានពាក់ព័ន្ធនឹងទីកម្សាន្ត Shanghai Disney Land»។
កំណត់ត្រារបស់ Shanghai Disneyland បង្ហាញថា ក្រុមហ៊ុនរដ្ឋចិនដែលជាម្ចាស់ភាគហ៊ុនវិនិយោគកសាងទីកម្សាន្តនោះមានឈ្មោះ ក្រុមហ៊ុន Shanghai Shendi Group ដែលចូលហ៊ុនជាមួយក្រុមហ៊ុន Walt Disney Company របស់សហរដ្ឋអាមេរិក។
ណាហ្គាខបក៏បានបរិយាយបឹងអង្គរដ៏អច្ឆរិយថាជា «គម្រោងរមណីយដ្ឋានប្រមូលផ្ដុំជាកញ្ចប់តែមួយគត់ ដែលមានរយៈចម្ងាយជិតនឹងប្រាសាទអង្គរវត្តនៅខេត្តសៀមរាបជាងគេ»។
ក្រុមហ៊ុននេះបន្ថែមថាខ្លួនបានសម្រេចកិច្ចព្រមព្រៀងជាមួយអាជ្ញាធរជាតិអប្សរា តាំងតែពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ក្នុងការទទួលបានទីតាំងដីជួលប្រមាណ ៧៥ ហិកតា ក្បែរតំបន់ការពារនៃឧទ្យានបុរាណអង្គរ។
នៅពេលត្រូវបានសួរអំពីការ «សម្រេចកិច្ចព្រមព្រៀង»ជាមួយក្រុមហ៊ុន ណាហ្គាខប នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នោះថាជាការណ៍ពិតដែរឬទេ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានប្រាប់វីអូអេថា៖ «ធម្មតា ការវិនិយោគតែងតែបានបញ្ជាក់ច្បាស់ ហើយការវិនិយោគជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញវិនិយោគពីបរទេស។ អ៊ីចឹងអានេះ វាអត់មានអីជាបញ្ហាអ្វីទេ ខ្ញុំអត់គិតថាមានអ្វីជាបញ្ហា»។
ខណៈលើកឡើងអំពីការពិគ្រោះយោបល់ជាមួយ ICC-Angkor នោះ លោក ឡុង កុសល ថា លោកក៏មិនដឹងដែរថា មុនពេល «សម្រេចកិច្ចព្រមព្រៀង» ផ្ដល់ដីជួលក្បែរឧទ្យានអង្គរទៅឱ្យក្រុមហ៊ុនណាហ្គាខបកាលពីឆ្នាំមុននោះ អាជ្ញាធរជាតិអប្សរាបានសួរយោបល់ ICC ឬក៏យ៉ាងណា៕