៤០​ឆ្នាំ​ក្រោយ​ឆ្នាំ​សូន្យ អ្នក​ស្រាវជ្រាវ​ស្នើ​ឲ្យ​មាន​ការ​សិក្សា​ស៊ីជម្រៅ​អំពី​របប​ខ្មែរក្រហម

សិស្ស​ស្រី​អាច​សៀវភៅ​«​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​‍»​នៅ​ស្រុក​អន្លង់វែង​ ខេត្ត​ឧត្តរមានជ័យ ដែល​ជា​អតីត​មូលដ្ឋាន​ចុង​ក្រោយ​មួយ​របស់​ខ្មែរ​ក្រហម​​ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១០។ (AP Photo/Heng Sinith)

ថ្វី​បើ​សព្វ​ថ្ងៃ​មាន​សាលាក្តី​ខ្មែរ​ក្រហម​កំពុង​ដំណើរការ​និង​មាន​ការ​បញ្ចូល​កម្មវិធី​សិក្សា​ខ្លះ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩​ក្តី ក៏​អ្នក​ស្រាវជ្រាវមួយ​រូប​យល់​ថា​ យុវជន​ខ្មែរ​ដែល​កើត​ក្រោយ​របប​ប្រល័យ​ពូជសាសន៍​នេះ​ មិន​ទាន់​មាន​ការ​យល់​ដឹង​ស៊ីជម្រៅ​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។ អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្ររូប​នេះនិយាយ​ថា នៅ​៤០​ឆ្នាំ​ក្រោយ​ថ្ងៃដែល​ខ្មែរ​ក្រហម​បាន​ឡើង​កាន់កាប់​អំណាច​នៅ​កម្ពុជា យុវជន​កម្ពុជា​ដែល​កើត​ក្រោយ​របប​នេះ គួរមាន​ការ​យល់​ដឹង​ច្បាស់​ជាង​មុន​អំពី​សម័យ​កាល​ប្រកបដោយ​សោកនាដកម្ម​មួយនៃ​ប្រវត្តិសាស្ត្រ​ខ្មែរ។

លោក ឌី ខាំបូលី នាយក​សាលា​ប្រល័យ​ពូជ​សាសន៍ ជម្លោះ​ និង សិទ្ធិ​មនុស្ស​នៃ​វិទ្យាស្ថាន​ស្លឹករឹត ​និង​ជា​អ្នក​និពន្ធ​សៀវភៅ​«ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) បាន​ថ្លែង​ក្នុង​កម្មវិធី​«សំឡេង​ជំនាន់​ថ្មី‍»​កាល​ពី​ថ្ងៃ​ច័ន្ទ ទី២០ ខែមេសា ​កន្លង​ទៅ​នេះ ​ថា ​ការ​បង្រៀន​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​អស់​ច្រើន​ទសវត្សរ៍មក​នេះ​មិន​បាន​ជួយ​ឲ្យ​សិស្ស​យល់​ដឹង​ច្រើន​ទេ​អំពីមូលហេតុ​ដែល​បាន​នាំ​ឲ្យ​មាន​ការ​កើត​របប​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា។

Your browser doesn’t support HTML5

ខួប​ទី​៤០៖ សារៈសំខាន់​នៃ​ការ​រៀន​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ

«យើង​ឃើញ​ថា ​ការ​រៀន​ប្រវត្តិសាស្ត្រកម្ពុជា​ប្រជាធិបតេយ្យ​គឺ​ស្ថិត​នៅ​ក្នុងកម្រិត​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ មិន​ទាន់​មាន​ការ​វិភាគ​ឲ្យ​បាន​ស៊ី​ជម្រៅ​ឲ្យ​បាន​ទូលំទូលាយ។ ​ហើយ​ការ​វិភាគ​ ការ​ស្រាវជ្រាវ​ ការ​វាយ​តម្លៃ​ឲ្យ​បាន​ស៊ី​ជម្រៅនិង​ទូលំទូលាយ​ទៅ​លើ​ប្រវត្តិសាស្ត្រ​នេះ​គឺ​មាន​សារៈសំខាន់»។

ការ​សិក្សា​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ជា​ប្រធានបទរសើប​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​សារវា​ជាប់​ទាក់ទង​នឹង​ប្រព័ន្ធ​នយោបាយ ហើយ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ​មិន​មាន​ការ​សិក្សា​ស៊ីជម្រៅ​ណា​មួយ​ត្រូវ​បាន​គេ​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​សិក្សា​តាម​សាលារៀន​ទេ។ នៅ​ក្រោយ​ការ​ដួល​រលំ​របប​ខ្មែរក្រហមនៅ​ឆ្នាំ​១៩៧៩​ភ្លាមៗ​ ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​ត្រូវ​បាន​បង្រៀន​ជា​លក្ខណៈនយោបាយ​ ហើយ​សៀវភៅ​ប្រវត្តិសាស្ត្រ​ដែលទើប​ត្រូវ​បាន​បញ្ជូន​ក្នុង​កម្មវិធី​មធ្យមសិក្សា​កាល​ពី​ឆ្នាំ​២០១១ មាន​កម្រិត​ត្រឹម​ជា​ការ​សិក្សា​អំពីព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ។

លោក ឌី ខាំបូលី នាយក​សាលា​ប្រល័យ​ពូជសាសន៍​ ជម្លោះ​ និង​សិទ្ធិ​មនុស្ស​ នៃ​វិទ្យាស្ថាន​ស្លឹករឹត​ចូល​រួម​ពិភាក្សា​ប្រធានបទ៖ «ខួប​ទី​៤០៖ សារៈសំខាន់​នៃ​ការ​រៀន​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ»​ ក្នុង​កម្មវិធី​សំឡេង​ជំនាន់​ថ្មី (Hello VOA) ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

លោក ឌី ខាំបូលី​ ថ្លែង​ថា ថ្វី​បើ​ប្រធានបទ​ខ្មែរក្រហម​នេះ​ជា​ប្រធានបទ​ដែល​មាន​ការ​ពិបាក​ក្នុង​ការ​ពិភាក្សា​ក្តី ក៏លោក​ថា ការ​យល់​ដឹងច្រើន​ជាង​មុន​អំពី​ប្រវត្តិសាស្ត្រ​ដ៏គួរ​ឲ្យ​បាក់​ស្បាតក្នុង​អារម្មណ៍​នេះ នឹង​ជួយ​ដល់ដំណើរការផ្សះផ្សា​ជាតិ​ ជា​មេរៀន​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ហើយ​ជា​ពិសេស​ជា​មធ្យោបាយ​ក្នុង​ការ​ទប់ស្កាត់​មិន​ឲ្យកើត​មាន​របប​នេះ​ជា​ថ្មី​ទៀត។

«ទោះ​បី​សព្វ​ថ្ងៃ​យើង​មាន​សន្តិភាព​ ប៉ុន្តែ​សន្តិភាព​នេះ អាច​ធ្លាក់​ទៅ​ក្នុង​អន្លង់​នៃ​សង្គ្រាម​ ឬ​ក៏​អាច​ធ្លាក់​ដល់​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ថ្ងៃ​ណា​មួយ​ប្រសិន​បើយើង​មិន​បាន​ក្រឡេក​មើលទៅ​អតីតកាល​ដ៏​ឈឺ​ចាប់​របស់​យើង‍»។

លោក ញ៉ែម បូរ៉ាដែន សាស្ត្រាចារ្យនៅ​ដេប៉ាតឺម៉ង់​ការ​សិក្សា​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​យល់​ស្រប​ថា ​មេរៀន​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​គួរ​តម្រូវ​ឲ្យ​មាន​ក្នុង​កម្មវិធី​សិក្សា​ផ្លូវការ។ ប៉ុន្តែ​លោក​ថា ​តាម​បទពិសោធន៍​របស់​លោក ​វិធី​បង្រៀន​មេរៀន​ទាំង​នេះ​តម្រូវ​ឲ្យ​មាន​សកម្មភាព​ទាក់ទង​ដូច​ជា​ការ​ចុះធ្វើ​ទស្សនកិច្ច​សិក្សា​ជា​ដើម​ដើម្បី​ឲ្យប្រធានបទ​នេះ​មាន​ភាព​ទាក់ទាញ​ជាង​មុន​សម្រាប់​យុវជន​ខ្មែរ ដែល​មិន​បាន​ឆ្លង​កាត់​សម័យ​នោះ​ហើយ​កំពុង​រស់​ក្នុង​ប្រទេស​មួយ​ដែល​មាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស។

ការ​ស្ទង់​មតិ​មិន​ផ្លូវការ​មួយ​តាម​ហ្វេសប៊ុក​របស់ VOA រក​ឃើញថា មាន​ពលរដ្ឋ​កម្ពុជា​វ័យ​ក្មេង​ជា​ច្រើន​យល់​ថា ​ការសិក្សា​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហមមាន​សារៈសំខាន់ ប៉ុន្តែ​ពួក​គេ​មាន​ការ​បារម្ភ​ថា​ឥទ្ធិពល​នយោបាយ​នឹងរារាំង​មិន​ឲ្យ​សិស្ស​អាច​ដឹង​ពីការ​ពិត​បាន។ ទស្សនៈ​បែប​នេះ​ក៏​ត្រូវ​បាន​លើក​ឡើង​ដោយ​ប្រិយមិត្ត​ម្នាក់​ឈ្មោះ​«ស្រីម៉ៅ‍»​ដែល​បាន​ទូរស័ព្ទ​ចូលក្នុង​កម្មវិធី​«សំឡេង​ជំនាន់​ថ្មី‍»ពេល​នោះ៖​

«ការ​សិក្សា​ប្រវត្តិសាស្ត្រ​ពី​(១៩)៧៥​ដល់​៧៩ ត្រឹម​របប​ខ្មែរ​ក្រហម​ ខ្ញុំ​ចង់​សួរ​ថា​វា​គ្រប់​គ្រាន់ដែរ​អត់? ព្រោះ​ថា​ ប្រវត្តិសាស្ត្រ​ ៣​ឆ្នាំ ៨ខែ​ ២០​ថ្ងៃ​ តាម​ពិត​ងាយ​យល់​ទេ ប៉ុន្តែ​ខ្ញុំ​គិត​ថា​អ្វី​ដែល​ពិបាក​យល់​ហើយ​គួរ​តែ​សិក្សា​គឺ​មុខ​(១៩)៧៥ គឺ​ជា​រឿង​មួយ​ដែល​ត្រូវ​ឲ្យ​ប្រជាជន​សិក្សា‍»។

លោក ឌី ខាំបូលី យល់​ស្រប​ជាមួយ​ស្រីម៉ៅ​ថា សៀវភៅ​សិក្សាប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​នៅ​តាម​សាលារៀន​ក្នុង​ពេល​បច្ចុប្បន្ន​គួរត្រូវ​ពង្រីក​ទំហំ​នៃ​ការ​សិក្សា​ដោយបញ្ចូល​រឿង​រ៉ាវ​នយោបាយក្នុងស្រុក​និង​កត្តា​ភូមិសាស្ត្រ​នយោបាយ​តំបន់​និង​សាកលលោក​និង​ការ​ជាប់​ទាក់ទង​របស់​ប្រទេស​មហាអំណាច​ដូច​ជា​ចិន​និង​សហរដ្ឋ​អាមេរិក។

ទាក់ទង​នឹង​បញ្ហា​ជាតិ​និយម​ជ្រុល​របស់​ខ្មែរ​ក្រហម ដែល​អាច​ជា​មេរៀន​មួយ​ពី​របប​ខ្មែរ​ក្រហម នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ VOA ​នៅក្រោយ​កម្មវិធី​សំឡេង​ជំនាន់​ថ្មី​ លោក ឌី ខាំបូលី បាន​ បកស្រាយ​អំពីការ​លើក​ឡើងរបស់ប្រិយមិត្ត​«ស្រីម៉ៅ‍»​ដែល​ថា​អ្នក​នាង​មិន​យល់​ស្របថា​ប្រជាជន​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ​មាន​ទស្សនៈ​ជាតិ​និយម​ជ្រុល​នោះ​ទេ ដោយ​លោក​ក៏​យល់​ដូច្នេះ​ដែរ។

«ខ្ញុំមិន​បាន​ចោទ​ប្រកាន់​ថា​ នាពេល​បច្ចុប្បន្ន​យើង​មាន​ទស្សនៈ​ជាតិ​និយម​ជ្រុល​ហួសហេតុ​និង​ការ​រើស​អើង​ពូជ​សាសន៍​ទេ‍»។​

ប៉ុន្តែ​ លោក​ ឌី ខាំបូលី ពន្យល់​ថា អ្វី​ដែល​ធ្វើ​ឲ្យ​លោក​មាន​ការ​បារម្ភ​និង​យល់​ថា​ពលរដ្ឋ​ខ្មែរ​មិន​គួរ​មើល​ស្រាល​នោះ គឺ «ទម្រង់​‍» (patterns) នានា​ដែល​អាច​ឈាន​ដល់​ការ​រើស​អើង​ពូជសាសន៍​ជា​ពិសេស​ចំពោះ​ជនជាតិ​វៀតណាម​ដែល​បាន​កើត​ឡើង​ជា​ពិសេស​ក្នុង​អំឡុង​ពេល​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​កន្លង​ទៅ​នេះ។

«អ្វី​ដែល​ខ្ញុំ​ចង់​លើក​ឡើង​គឺ​ថា មាន​ទម្រង់​មួយ​ចំនួន​ គឺ​កត្តា​តូចៗ​មួយ​ចំនួន​ដែល​អាច​នឹង​ឈាន​ទៅ​ដល់ការ​រើស​អើង​ពូជ​សាសន៍​ ដែល​អាច​ឈាន​ទៅ​ដល់​គំនិត​ទស្សនៈ​ជាតិ​និយម​ជ្រុល​ហួសហេតុ​ប្រសិន​បើយើង​មិន​បានយល់ មិន​បាន​គិតគូរ ហើយ​មិន​បានធ្វើ​ការ​ទប់ស្កាត់។ អញ្ចឹង​ការ​រៀន​សូត្រ​ពី​សម័យ​ខ្មែរក្រហមគឺ​ជា​មេរៀន​មួយ​ដែល​អាច​បំភ្លឺ​ឲ្យ​យើងឃើញ​អំពីគ្រោះថ្នាក់​នៃ​ទស្សនៈ​ជាតិ​និយម​ជ្រុល​ហួសហេតុ ​និង​ការ​រើស​អើង​ពូជសាសន៍»។

ទម្រង់​មួយ​នៃ​ជាតិ​និយម​ជ្រុល​របស់​ខ្មែរ​ក្រហម​គឺ​ការ​ស្រមើស្រមៃ​របស់​ចលនា​កុម្មុយនិស្ត​ម៉ៅនិយម​នេះអំពីលទ្ធភាព​ដ៏​អស្ចារ្យ​លើស​គេ​របស់កម្ពុជា​ក្នុង​ការអាចសម្រេច​បាន​ភាព​ឯករាជ្យ​និង​ម្ចាស់​ការ​ទាំង​ស្រុង​ដោយ​មិន​ពឹង​លើ​កម្លាំង​បរទេស និង​នាំ​ឲ្យ​មាន​ការ​លុប​បំបាត់​ចោល​ទាំង​ស្រុង​ឥទ្ធិពល​បរទេស​ក្នុង​សង្គម​ខ្មែរ។ អ្នក​និពន្ធ​រូបនេះ​បាន​លើក​ឡើង​ពី​ចំណុច​ទាំង​នេះ​នៅ​អត្ថបទ​មួយ​ក្នុង​ទំព័រ​ទស្សនៈ​របស់​កាសែត Phnom Penh Post​ នា​ពេល​ថ្មីៗ​នេះ ដោយ​លើក​ឡើង​ពី​សារៈសំខាន់​នៃការ​សិក្សាបែប​វិភាគ​អំពី​អំពើ​ប្រល័យ​ពូជសាសន៍​នានា​ដែល​បាន​កើត​ឡើង​នៅ​ជុំ​វិញពិភពលោក។

លោក ឌី ខាំបូលី​ថ្លែង​ថា បរិយាកាស​នយោបាយ​នៅ​កម្ពុជានៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មាន​លក្ខណៈ​អំណោយ​ផល ហើយ​លោក​គិត​ថា ​មិន​មាន​ឧបសគ្គ​អ្វី​ធំ​ដុំ​ដែល​រារាំង​យុវជន​ខ្មែរ​ជំនាន់​ក្រោយមិន​ឲ្យ​យល់​ដឹង​កាន់​តែ​ច្បាស់​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​នោះ​ទេ៕

សម្គាល់៖ កម្មវិធី​សំឡេង​ជំនាន់​ថ្មីតម្រូវ​ឲ្យ​ភ្ញៀវ​កិត្តិយស​ណែនាំ​សៀវភៅ​ឬ​ឯកសារ​សិក្សា​ល្អៗ​ណា​មួយ​សម្រាប់​ប្រិយមិត្ត ហើយ​លោក ឌី ខាំបូលី បាន​ណែនាំ​សៀវភៅ​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម​មួយ​សេរសេរ​ដោយ​លោក David Chandler ដែល​មាន​ចំណង​ជើង​ថា The Tragedy of Cambodian History: Politics, War and Revolution Since 1945