ក្រសួងពាណិជ្ជកម្មកម្ពុជាកាលពីថ្ងៃពុធ បានប្រកាសថា ក្នុងរយៈពេល៦ខែនៃដើមឆ្នាំ២០១៨ កម្ពុជាសម្រេចបានការនាំចេញក្រោមប្រព័ន្ធអនុគ្រោះពន្ធទៅកាន់ទីផ្សារបរទេស មានចំនួនជាង៦ពាន់លានដុល្លារ។
ការប្រកាសនេះធ្វើឡើង ស្របពេលដែលកម្ពុជាកំពុងរងការព្រមានដកការអនុគ្រោះពន្ធពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលជាទីផ្សារធំជាងគេសម្រាប់ការនាំចេញពីកម្ពុជា ដោយសារស្ថានភាពនយោបាយអាក្រក់នាមុន និងក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦។
កម្ពុជាសម្រេចបានការនាំចេញក្រោមប្រព័ន្ធអនុគ្រោះពន្ធ ចំនួនជាង៦ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល១ឆមាសនៃដើមឆ្នាំ២០១៨។ នេះបើតាមការអះអាងរបស់មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម។
ទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្មដែលបានផ្សព្វផ្សាយកាលពីថ្ងៃពុធ បានដកស្រង់សម្តីរបស់លោក ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាមួយកាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ថាក្នុងរយៈពេល៦ខែដើមឆ្នាំ ២០១៨ នេះ កម្ពុជាបាននាំចេញទំនិញជាង ៦,២លានដុល្លារ ក្រោមប្រព័ន្ធអនុគ្រោះពន្ធ។
ចំនួននេះមានការកើនឡើង ១៥ភាគរយ បើធៀបទៅនៅរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧។ លោកបន្តថា សហភាពអឺរ៉ុប អាមេរិក កាណាដា ជប៉ុន ចិន និងអាស៊ាន គឺជាទីផ្សារដែលស្រូបយកផលិតផលកម្ពុជា រួមមានសម្លៀកបំពាក់ ស្បែកជើង កាបូប ជ័រកៅស៊ូ អង្ករ ដំឡូងមី និងផលិតផលកសិកម្មផ្សេងៗទៀត។
ទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្មនោះបានផ្សព្វផ្សាយសម្តីរបស់លោក ឱក ប៊ុង ក្នុងន័យដើមថា៖ «ការនាំចេញរបស់កម្ពុជា នៅក្រោមប្រព័ន្ធអនុគ្រោះពន្ធ សម្រាប់ឆមាសទី១ នៃឆ្នាំ២០១៨ មានតម្លៃ ៦,២២៩លានដុល្លារអាមេរិក គឺបានកើនឡើងជាង ១៥% បើធៀបនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០១៧ ដែលមានទឹកប្រាក់ត្រឹមតែ ៥,៣៨៦លានដុល្លារអាមេរិកប៉ុណ្ណោះ»។
លោក សៀង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មប្រាប់ VOA នាល្ងាចថ្ងៃព្រហស្បតិ៍នេះថា ៦ពាន់លានដុល្លារសហរដ្ឋអាមេរិកនៃការសម្រេចបានការនាំចេញក្រោមប្រព័ន្ធអនុគ្រោះពន្ធនេះ គឺជាការសរុបថ្លែងដើមនៃការផលិតទាំងអស់ មិនមែនជាតម្លៃចំណេញនៃការនាំចេញក្រោមប្រព័ន្ធអនុគ្រោះពន្ធនោះទេ។ លោកសុំមិនបញ្ជាក់ពីចំនួនលម្អិតនៃចំនួនប្រាក់ចំណេញ និងការនាំចេញក្រោមប្រព័ន្ធអនុគ្រោះពន្ធទៅកាន់បណ្តាប្រទេសនីមួយៗ ដោយលោកបានបង្វែរសំណួរទៅកាន់លោក ឡៅ ងួនអេង ប្រធាននាយកដ្ឋានស្ថិតិក្រសួងពាណិជ្ជកម្ម ប៉ុន្តែលោក ឡៅ ងួនអេង បដិសេធមិនផ្តល់អត្ថាធិប្បាយតាមទូរស័ព្ទ។
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប គឺជាទីផ្សារពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជា សម្រាប់ការនាំចេញផលិតផលក្នុងស្រុក ដែលកម្ពុជាផលិត។ ការនាំចេញនេះ បាននិងកំពុងផ្តល់ការងារដល់ពលរដ្ឋប្រមាណជា៧សែននាក់ នៅកម្ពុជា។
កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៧ សភាសហភាពអឺរ៉ុប បានបោះឆ្នោតទទួលយកការពិចារណាលើការព្យួរកម្មវិធីអនុគ្រោះពន្ធ ដែលមានឈ្មោះថា Everything but Arms មានន័យថា «អនុគ្រោះពន្ធលើទំនិញទាំងអស់លើកលែងតែអាវុធ» ហៅកាត់ថា EBA ដោយថា ដើម្បីឆ្លើយតបទៅនឹង«ការប្រព្រឹត្តអាក្រក់ឡើងវិញនៃរបបផ្តាច់ការនៅកម្ពុជា»។
សភាសហភាពអឺរ៉ុបក៏បានបញ្ជាក់ថា ការសម្រេចចិត្តរបស់ខ្លួនគឺធ្វើឡើងក្រោយពេលដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្រ្កាបលើអង្គការសង្គមស៊ីវិល ការចាប់ខ្លួនលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង ការបង្ក្រាបដែលមិនធ្លាប់មានពីមុន លើបណ្តាញសារព័ត៌មានឯករាជ្យក្នុងប្រទេស និងការរំលាយគណបក្សសង្គ្រោះជាតិដែលមានសំឡេងប្រជាពលរដ្ឋគាំទ្រជាង៤០ភាគរយ នាពេលបោះឆ្នោតកន្លងមក។
បើតាមលោក សៀង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លើកឡើងថា ការព្រមានដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជារបស់សហភាពអឺរ៉ុប អាចនឹងធ្វើឲ្យការនាំចេញរបស់កម្ពុជាមានការថយចុះ ប៉ុន្តែលោកថា ត្រឹមតែសហភាពអឺរ៉ុប មិនអាចធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កម្ពុជានោះទេ។
លោកបញ្ជាក់ថា៖
«កម្ពុជាមិនមែននាំទៅតែមាត់ច្រកមួយទេ នៅមានមាត់ច្រកច្រើនទៀត។ ដូច្នេះ បើសិនជាយើងវាបាត់បង់កន្លែងមួយ វានៅមានទីផ្សារនៅកន្លែងដទៃទៀត។ អញ្ចឹងការប៉ះពាល់វាមាន ប៉ុន្តែវាមិនធ្ងន់ធ្ងរដល់ទៅមិនអាចរស់បានទេ ពីព្រោះយើងមានទីផ្សារច្រើន»។
ក្រៅពីសហភាពអឺរ៉ុប សហរដ្ឋអាមេរិកក៏កំពុងព្រមានកម្ពុជាជាបន្តបន្ទាប់ថា ភាពអនុគ្រោះពន្ធសម្រាប់ការនាំចូលទំនិញពីកម្ពុជាចូលទៅកាន់ទីផ្សារប្រទេសប្រជាធិបតេយ្យធំៗទាំងពីរ អាចនឹងត្រូវបានព្យួរចោល បើសិនជារដ្ឋអំណាចខ្មែរមិនត្រឡប់បែរក្រោយ ស្ដារស្ថានការណ៍នយោបាយដែលឈានដល់សភាពទុំជោរទេនោះ។
ទាំងសហរដ្ឋអាមេរិក ទាំងសហភាពអឺរ៉ុបសុទ្ធតែបានផ្តល់ឲ្យដល់កម្ពុជានូវប្រព័ន្ធអនុគ្រោះពន្ធ ឬមិនគិតពន្ធ គឺប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) តាំងពីឆ្នាំ១៩៩៧ សម្រាប់អាមេរិក និងកម្មវិធីអ្វីៗទាំងអស់លើកលែងតែអាវុធ (Everything But Arms, EBA) តាំងពីឆ្នាំ២០១២ សម្រាប់សហភាពអឺរ៉ុប។ ក្នុងឆ្នាំ២០១៧កន្លងទៅនេះ កម្ពុជាទទួលបានការចំណេញពីការមិនយកពន្ធសរុបតម្លៃ៤០០លានដុល្លារពីសហរដ្ឋអាមេរិក និងជិត៧០០លានដុល្លារសហរដ្ឋអាមេរិក ពីសហភាពអឺរ៉ុប។
ក្រសួងពាណិជ្ជកម្មក៏បានបញ្ជាក់ថា ទឹកប្រាក់នាំចេញរបស់កម្ពុជា នៅក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារបរទេស ក្នុងឆ្នាំ២០១៧ មានតម្លៃសរុប ១១,១៥៣លានដុល្លារអាមេរិក គឺបានកើនឡើងប្រមាណជា១៨% បើប្រៀបធៀបឆ្នាំ២០១៦ ដែលមានទឹកបា្រក់ត្រឹមតែ ៩,៤២១លានដុល្លារអាមេរិក។
យ៉ាងណាក៏ដោយ តាមលិខិតមួយច្បាប់ដែលគួរឲ្យជឿថាជារបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មចេញកាលពីដើមខែធ្នូ ឆ្នាំ២០១៧ បានស្នើឲ្យលោក ហ៊ុន សែន ទប់ស្កាត់កុំឲ្យសហភាពអឺរ៉ុបព្យួរការអនុគ្រោះពន្ធនាំទំនិញពីកម្ពុជាទៅទីផ្សារសហភាពអឺរ៉ុប។
លិខិតដដែលនោះបង្ហាញថា តាមរយៈក្របខណ្ឌអនុគ្រោះពន្ធគយ កម្ពុជាមិនបានបង់ប្រាក់សូម្បីតែមួយកាក់មួយសេនជាលុយពន្ធ សម្រាប់ការនាំចូលទំនិញសព្វសារពើចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុប ដែលតម្លៃសរុបជាទឹកប្រាក់ចំនួន៦,២៥៩លានដុល្លារអាមេរិក ពេញមួយឆ្នាំ២០១៦។
សម្រាប់ទីផ្សារអាមេរិកវិញ លិខិតនោះបានរាយការណ៍ជូននាយករដ្ឋមន្ត្រីថា ក្នុងឆ្នាំ២០១៦ កម្ពុជាបាននាំចេញទំនិញក្នុងតម្លៃ២,៩១៦លានដុល្លារអាមេរិក ហើយត្រូវបង់ពន្ធក្នុងអត្រា១២% ដែលគិតជាទឹកប្រាក់ប្រមាណ៣០០លានដុល្លារប៉ុណ្ណោះ។
ក្រុមមេដឹកនាំសហជីព និងអ្នកឃ្លាំមើលសង្គមលើកឡើងថា ប្រសិនបើប្រព័ន្ធអនុគ្រោះពន្ធដែលផ្តល់ការងារឲ្យកម្មកររាប់ម៉ឺននាក់នៅកម្ពុជាត្រូវបានលុបចោល នោះកម្ពុជានឹងត្រូវប្រឈមផលវិបាក ព្រមទាំងបាត់បង់ផលចំណេញយ៉ាងធ្ងន់ធ្ងរ៕