យោធាសហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួននៅមានលទ្ធភាពអាចជៀសវាងមិនឲ្យមានការប៉ះទង្គិចផ្នែកប្រតិបត្តិការយោធាជាមួយប្រទេសរុស្ស៊ីពាក់ព័ន្ធនឹងបញ្ហាស៊ីរី។ ប៉ុន្តែ ខ្លួននៅមិនទាន់ច្បាស់ថាតើយោធាប្រទេសទាំងពីរនៅតែប្រើប្រាស់ខ្សែទំនាក់ទំនងពេលគ្រាអាសន្នដែលបានបង្កើតឡើងរួចមកហើយសម្រាប់ប្រទេសទាំងពីរក្នុងគោលបំណងដើម្បីរារាំងមិនឲ្យមានគ្រោះថ្នាក់យន្តហោះចម្បាំងប៉ះគ្នាកើតឡើងនៅលើដែនអាកាសរបស់ប្រទេសស៊ីរី ឬក៏យ៉ាងណានោះទេ។
អ្នកនាំពាក្យរបស់ទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិកលោកវរសេនីយ៍ឯក John Thomas ដែលជាអ្នកទទួលបន្ទុកខាងកងកម្លាំងអាកាស បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទម្សិលមិញថា យោធាសហរដ្ឋអាមេរិកបានប្រើប្រាស់ខ្សែទំនាក់ទំនងនេះ កាលពីសប្ដាហ៍មុន ដើម្បីផ្ដល់ដំណឹងដល់ជនជាតិរុស្ស៊ីអំពីការវាយប្រហារដែលសហរដ្ឋអាមេរិកនឹងធ្វើឡើងនៅលើផ្លូវរត់យន្តហោះមួយកន្លែងរបស់ប្រទេសស៊ីរី ក្នុងគោលបំណងដើម្បីជាការសងសឹកចំពោះការវាយប្រហារដោយអាវុធគីមី ដែលបានសម្លាប់ជនស៊ីវិលស៊ីរីច្រើនជាង ៨០ នាក់
រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ខ្លួនបានផ្អាកខ្សែទំនាក់ទំនងទាំងនោះ ដើម្បីជាការតវ៉ាប្រឆាំងនឹងការវាយប្រហារដោយគ្រាប់មីស៊ីល Tomahawk នៅលើផ្លូវរត់យន្តហោះ al-Shayrat។
ខ្សែទំនាក់ទំនងនេះ ត្រូវបានប្រើជាចម្បងដើម្បីធានាថា យន្តហោះរុស្ស៊ី និងយន្តហោះសហរដ្ឋអាមេរិក ដែលធ្វើបេសកកម្មវាយប្រហារនៅក្នុងប្រទេសស៊ីរី មិនជួបគ្រោះថ្នាក់ប៉ះទង្គិចគ្នាដោយអចេតនានោះទេ។ សហរដ្ឋអាមេរិកប្រើប្រាស់ដែនអាកាសនោះ ដើម្បីវាយប្រហារពួកភេរវកររដ្ឋឥស្លាម៕