អ្នកវិភាគ និងមន្ត្រីរដ្ឋាភិបាលហ្វីលីពីនបាននិយាយថា អាណត្តិជាប្រធានាធិបតីសហរដ្ឋអាមេរិករបស់លោក Donald Trump អាចនាំឲ្យមានការផ្លាស់ប្ដូរនៅក្នុងទំនាក់ទំនងរវាងប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក ដែលក្នុងនោះរួមមានទាំងទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងផ្នែកសន្តិសុខផងដែរ។
ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានងាកទៅរកប្រទេសចិនយ៉ាងជិតស្និទ្ធ ហើយបានប្រឆាំងជាសាធារណៈចំពោះលោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama។ ទំនាក់ទំនងវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងម៉ានីល មានភាពជូរចត់ បន្ទាប់ពីលោក Duterte បានព្រលះសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការរិះគន់របស់សហរដ្ឋអាមេរិកចំពោះការបង្ក្រាបគ្រឿងញៀនរបស់លោក Duterte ដែលការបង្ក្រាបនេះ បានបណ្ដាលឲ្យមានមនុស្សស្លាប់ច្រើនជាង ៤ ពាន់នាក់ តាំងពីខែកក្កដាមក។
ប៉ុន្តែនៅក្នុងសប្ដាហ៍នេះ លោក Duterte បាននិយាយថា លោកមានក្ដីសង្ឃឹមថា លោកនឹងមានទំនាក់ទំនងល្អជាមួយនឹងលោក Trump។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំប្រាកដណាស់ថា យើងនឹងមិនមានជម្លោះជាមួយនឹងគ្នានោះទេ។ ខ្ញុំអាចធ្វើមិត្តភក្ដិជាមួយមនុស្សរាល់គ្នា ជាពិសេសជាមួយប្រធានាធិបតី ឬមេដឹកនាំអង្គនីតិបញ្ញត្តិរបស់ប្រទេសណាមួយបាន»។
ទោះជាយ៉ាងណាក៏ដោយ លោកបានបញ្ជាក់បន្ថែមថា ការជ្រើសរើសលោក Trump ធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី នឹងមិនធ្វើឲ្យលោកផ្លាស់ប្ដូរគោលនយោបាយការបរទេសឯករាជ្យរបស់លោកនោះទេ។
លោកបាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំនឹងបន្តធ្វើនូវអ្វីដែលខ្ញុំបាននិយាយ។ ខ្ញុំមិនមែនជាមនុស្សដែលមិនគោរពពាក្យសម្ដីខ្លួនឯងនោះទេ»៕