អ.ស.ប.​ព្រមាន​ថា​វិធានការ​ទប់ស្កាត់​កូវីដ១៩​​បង្កើន​គ្រោះថ្នាក់​ដល់​​កង្វះ​ការ​ចែកចាយ​ថ្នាំ​អេដស៍

រូប​ឯកសារ៖ បុគ្គលិក​សុខាភិបាល​ម្នាក់​រាប់​គ្រាប់​ថ្នាំ antiretroviral សម្រាប់​អ្នក​ជំងឺ​ម្នាក់​នៅ​អង្គការ ​The AIDS Support Organization នៅ​ក្នុង​ក្រុង Kampala ប្រទេស​អ៊ូហ្គាន់ដា កាលពី​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១២។

ទីភ្នាក់ងារ​ប្រយុទ្ធប្រឆាំង​ជំងឺ​អេដស៍​នៃ​អង្គការ​សហប្រជាជាតិ​ហៅ​កាត់​ថា​ UNAIDS ថ្លែង​កា​ល​ពីថ្ងៃ​ចន្ទ​ថា វិបត្តិ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ផលិត​ និងចែកចាយ​ថ្នាំ​ antiretroviral ដែល​គេ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ​អេដស៍។ ​ ​

ការ​ស្ទង់​មតិ​មួយ​ដោយទីភ្នាក់ងារ​នេះ​រក​ឃើញ​ថា ផល​ប៉ះពាល់​ពី​វិធានការ​ទប់​ស្កាត់​កូវីដ១៩​ដូច​ជាការ​បិទ​សកម្មភាព​សេដ្ឋកិច្ច​ និង​ច្រក​ព្រំដែន នឹង​រឹតត្បិត​ការ​ចែកចាយ​ថ្នាំ​ព្យាបាលប្រឆាំង​ជំងឺ​អេដស៍ ទៅ​ដល់​ប្រទេស​ក្រីក្រ​ និង​ប្រទេស​មាន​ចំណូល​មធ្យម។​

ទីភ្នាក់ងារ​ UNAIDS ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹង​ធ្វើ​ការ​ជាមួយ​ដៃគូ​ទូទាំង​ពិភពលោក​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​នេះ និង​រៃ​អង្គាស​ថវិកា​ដើម្បី​ជួយ​ដល់​ការ​ផលិត​ និង​ដឹក​ជញ្ជូន​ថ្នាំ​នេះ។

នៅ​ទូទាំង​ពិភពលោកមាន​មនុស្ស​ប្រមាណ​២៤,៥លានត្រូវ​ពឹង​ផ្អែក​លើ​ថ្នាំ​ antiretroviral កាល​ពី​ឆ្នាំ​២០១៩ ហើយ​ទីភ្នាក់ងារ​ UNAIDS ប៉ាន់ស្មាន​ថា ប្រសិន​បើ​មិន​មាន​ការផ្គត់ផ្គង់​ថ្នាំ​នេះ​មិន​គ្រប់គ្រាន់​រយៈ​ពេល​៦​ខែ​ គ្រាន់​តែ​នៅ​តំបន់​ខាង​ត្បូងខ្សាច់​សាហារ៉ា ក្នុង​ទ្វីប​អាហ្វ្រិក​អាច​នាំ​ឲ្យ​មាន​ការ​ស្លាប់​មនុស្ស​ទាក់ទង​នឹង​ជំងឺ​អេដស៍​ចំនួន​៥០០.០០០​នាក់៕