អ.ស.ប​ ព្រមាន​ពី​កំណើន​ការ​លាងលុយកខ្វក់ និង​បញ្ហា​ធនាគារ​ក្រៅ​ច្បាប់​ចេញ​ពី​កាស៊ីណូ​នៅ​តំបន់​មេគង្គ

រូបឯកសារ៖ កាស៊ីណូ Kings Romans Chinese នៅ Ton Pheung ដែលជាតំបន់សេដ្ឋកិច្ចពិសេសស្ថិតនៅភាគពាយ័ព្យប្រទេសឡាវ តាមដងទន្លេមេគង្គ ត្រូវបានគេមើលឃើញនៅព្រំដែនជាមួយប្រទេសថៃ និងមីយ៉ាន់ម៉ា ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥។

ក្រុម​ឧក្រិដ្ឋជន​ឆ្លង​ដែន​កំពុង​តែ​ប្រើប្រាស់​វិស័យ​ល្បែង​អនឡាញ​ ដែល​កំពុង​តែ​រីក​ធំ​ឡើង​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ជា​ប្រព័ន្ធ​ធនាគារ​ស្រមោល​មួយ ដើម្បី​ផ្ទេរ​និង​លាង​លុយ​កខ្វក់។ នេះ​បើ​យោង​តាម​ការ​ថ្លែង​របស់​មន្រ្តី​អង្គការ​សហប្រជាជាតិ​មក​កាន់​វីអូអេ។

ដោយ​យោងតាមការ​ស្រាវជ្រាវ និង​ការ​សិក្សា​វិភាគ​ថ្មី​ ​រួម​មាន​ព័ត៌មាន​ស៊ើបការណ៍​ចុងក្រោយ​បង្អស់​ពី​អាជ្ញាធរ​ក្នុង​ស្រុក ការិយាល័យអ.ស.ប​ប្រយុទ្ធប្រឆាំង​នឹង​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម​ជឿ​ថា ឥឡូវ​នេះ​ កាស៊ីណូ​និង​វេបសាយ​ល្បែង​អនឡាញ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ កំពុង​រ៉ាប់រង​ប្រាក់​រាប់​ពាន់លានដុល្លារ​ ទទួល​បាន​ពី​ល្បែង​ខុសច្បាប់ ការ​ជួញដូរ​គ្រឿងញៀន ការ​បោកប្រាស់​តាម​អនឡាញ និង​ឧក្រិដ្ឋកម្ម​ជា​បណ្តាញ​ដទៃ​ទៀត។ នេះបើយោង​តាម​មន្រ្តី​ការិយាល័យ​នេះ។

ពួកគេ​បាន​បន្ថែម​ថា មធ្យោបាយ​តាម​ប្រព័ន្ធ​ឌីជីថល​ដូចគ្នា​នេះ​ដែល​ជួយ​ធ្វើ​ឱ្យ​កំណើន​លើ​វិស័យ​ល្បែង​អនឡាញ​កំពុង​ធ្វើ​ឱ្យ​អាជ្ញាធរ​ជួប​ការ​លំបាក​ក្នុង​តាមដាន​និងបង្អាក់​លំហូរប្រាក់។

ដោយ​ចែករំលែក​របាយការណ៍ជាមួយ​វីអូអេ ក្រុម​មន្រ្តីខាង​លើ​បាន​សំដៅ​ទៅ​ប្រព័ន្ធ​ធនគារ​ក្រៅ​ផ្លូវ​ច្បាប់ក្នុង «ទំហំ​ដ៏​មហិមា» ដែល​ភាគច្រើន​ចាក់ឬស​នៅតាម​បណ្តា​ប្រទេសនៅ​តំបន់​ខាង​ក្រោម​ទន្លេ​មេគង្គ រួម​មាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង​វៀតណាម។

រូបឯកសារ៖ កាស៊ីណូ Blue Shield ដំណើរការដោយ Kings Romans Group ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស Golden Triangle នៅមាត់ទន្លេមេគង្គក្នុងប្រទេសឡាវ ក្បែរព្រំដែនរវាងឡាវ មីយ៉ាន់ម៉ា និងថៃ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៦។

លោក​ Benedikt Hofmann តំណាង​រង​ប្រចាំ​ការិយាល័យ​អ.ស.ប​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​និង​ប៉ាស៊ីហ្វិក​ បាន​និយាយ​ថា ​ការ​រក​ឃើញបាន​បង្ហាញ​ពី​ «ការ​ប្រែប្រួល​ដ៏​ធំ​មួយ​នៅ​ក្នុង​របៀប​ដែល​ក្រុម​ឧក្រិដ្ឋជន​ដែល​មាន​ភាព​សកម្ម​នៅ​តំបន់​មេគង្គ បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ មិន​ត្រឹមតែ​ដើម្បី​ពង្រីក​សកម្មភាព និង​លំហូរ​ចំណូល​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បង្កើត​ប្រព័ន្ធ​ធនគារ​ ដើម្បី​ផ្ទេរប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ដោយ​មិន​អាច​ត្រូវកំណត់​បាន»។

ការិយាល័យ​ខាង​លើ​និយាយ​ថា វិស័យ​ល្បែង​នៅ​ក្នុង​តំបន់​ទទួល​បាន​ការ​ជំរុញ​ខ្លាំង​ នៅ​ពេល​រដ្ឋាភិបាល​ចិន​ចាប់​ផ្តើម​បង្រ្កាប​លើ​ល្បែង​ខុសច្បាប់ និង​ការ​ផ្ទេរ​លុយ​ឆ្លង​ព្រំដែន​ប្រមាណ​ប្រាំមួយ​ឆ្នាំ​មុន។ ប្រតិបត្តិករ​ល្បែង​មួយចំនួន​ ដែលស្វែង​រក​ប្រទេស​ដែល​មិនមាន​ច្បាប់​តឹងរ៉ឹង​ បាន​មក​តំបន់​មេគង្គ។

បន្ទាប់​មក​គឺ​ វិបត្តិ​ជំងឺ​កូវីដ១៩ ដោយ​មាន​ការ​រឹតបន្តឹង​លើ​ការ​ធ្វើ​ដំណើរ ដែល​នេះជំរុញ​ឱ្យ​មាន​ការ​ងាក​ទៅ​កាន់​ល្បែង​អនឡាញ និង​ជួយ​ជំរុញ​វិស័យ​ធនាគារ​ក្រៅ​ផ្លូវ​ច្បាប់​ផង​ដែរ»។

លោក Hofmann បាន​និយាយ​ថា៖ «កាស៊ីណូ​បាន​ដើរ​តួ​ក្នុង​ការ​លាងលុយជា​យូរ​មក​ហើយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ប៉ុន្តែ​ការ​កើនឡើង​នូវ​ល្បែង​អនឡាញ​បាន​ជំរុញ​ការ​លាងលុយ​កខ្វក់​នៅ​ក្នុង​បែបផែន​ដែល​មិនត្រូវ​បាន​រំពឹង​ទុក»។

​លោក​បាន​បន្ថែម​ថា៖ «ទំហំការ​ផ្ទេរ​ប្រាក់​ក្នុង​បរិមាណ​ដ៏​ធំ ប្រតិបត្តិការ​ផ្ទេរ​បែប​អនាមិក និយ័តកម្ម​និង​បទដ្ឋានតម្រូវ​ឱ្យ​សម្រប​តាម​នៅមាន​កម្រិត​ខ្លាំង និង​ភាព​ងាយស្រួលក្នុងការ​ធ្វើប្រតិបត្តិការ​ឆ្លងដែន​ បាន​ធ្វើ​ឱ្យ​វិស័យ​ល្បែង​អនឡាញ​ពិតជា​មាន​ការ​ទាក់ទាញ​ចំពោះ​អ្នក​ដែល​ចង់លាក់បាំង​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់»។

មធ្យោបាយ​ប្រើប្រាស់​ក្នុង​ជំនួញ

ការិយាល័យ​អ.ស.បប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម​និយាយ​ថា លក្ខណៈ​បង្ក​ការ​ប៉ះពាល់បំផុត​មួយ​នៃ​វិស័យ​នេះ​គឺ ​នៅ​ពេល​អតិថិជន​បាន​ដាក់​លុយ​ចូលទៅ​ក្នុង​គណនី​របស់​ប្រតិបត្តិករ​ល្បែង​នៅ​ក្នុង​យុត្តាធិការ​មួយ ហើយ​ដកលុយក្នុង​បរិមាណ​ដូចគ្នា​ចេញ​ពី​គណនី​ទី​ពីរ​នៅ​ក្នុង​យុត្តាធិការ​មួយ​ផ្សេង​ទៀត ក្រោម​ជំនួយ​ពី​ប្រតិបត្តិករ​ដូចគ្នា។ អាជ្ញាធរ​នៅ​ក្នុង​តំបន់​និយាយ​ថា ស្រប​ពេលមាន​គោលដៅ​ចំពោះ​ការ​លេង​ល្បែង​ សេវាកម្ម​នេះ​កំពុង​ត្រូវ​បាន​ប្រើប្រាស់​កាន់​តែ​ច្រើន​ដើម្បី​ផ្ទេរ​និង​លាងលុយកខ្វក់។

បញ្ហាព្រួយបារម្ភ​ដ៏​ចម្បង​និង​កំពុងចោទជា​ចំណោទ​មួយ​ទៀត​គឺ កម្មវិធី​កុំព្យូទ័រ​និង​សេវាកម្ម​បែប​ស្មុគស្មាញ​ ដែល​ត្រូវ​ការ​សម្រាប់​គ្រប់គ្រង​វេបសាយ​ល្បែង​អនឡាញ ​អាច​ត្រូវ​បាន​ទិញ​ពី​អ្នក​ផ្គត់ផ្គង់​មួយ ហើយ​រៀបចំ​ឡើង​នៅ​ក្នុង​រយៈពេល​តែ​ពីរ​ឬ​បី​សប្តាហ៍​ប៉ុណ្ណោះ ដូចជា ការ​ទិញ​ឈ្មោះ​អាជីវកម្ម​មក​ធ្វើ​ជំនួញ​យ៉ាងដូច្នេះ។ ការិយាល័យ​បាន​បន្ថែមថា ការណ៍​នេះ​បាន​ជួយ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ ដែល​គ្មាន ឬ​មាន​ចំណេះ​ដឹង​ផ្នែក​បច្ចេកវិទ្យា​តិចតួច ធ្វើ​ការ​បង្កើត​កាស៊ីណូ​អនឡាញ​ដោយ​ខ្លួន​ឯង ដើម្បី​លាក់បាំង​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​របស់​ពួកគេ។

អ្នកស្រី Amanda Gore អ្នក​ជំនាញ​ផ្នែក​គណនេយ្យ​ និង​ជា​ប្រធាន​មជ្ឈ​មណ្ឌល​ Centre for Global Avancement ដែល​សិក្សា​ពី​ឧក្រិដ្ឋកម្ម​ផ្នែកហិរញ្ញវត្ថុ​នៅ​អាស៊ី និង​តំបន់​ដទៃ​ទៀត​ បាន​និយាយ​ថា កត្តា​ដែល​ជំរុញជា​បញ្ហាផង​ដែរ​គឺ​ កំណើន​នៃ​រូបិយបណ្ណ​គ្រីបតូ​ ដែល​ពិបាក​នឹង​តាម​កំណត់។

អ្នកស្រី Gore បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «ប្រសិន​បើ​អ្នក​ដាក់​លុយ​ចូលក្នុង​កាស៊ីណូ ហើយ​បន្ទាប់​មក​ អ្នក​បាន​ដកលុយ​ចេញ​ក្នុង​ទម្រង់​ផ្សេង ដូចជា អ្នក​ដាក់​លុយ​តាម​បណ្ណ​ឥណទាន​ ហើយ​ដកលុយ​វិញ​ជា​ទម្រង់​រូបិយបណ្ណ​គ្រីបតូ​ តើ​អ្នក​អាច​បញ្ជាក់​ថា ជាបុគ្គលតែម្នាក់បាន​យ៉ាង​ដូចម្តេច? ​ឧទាហរណ៍ អ្នក​អាច​បង់ប្រាក់​ទៅ​បុគ្គល​ម្នាក់​ទៀត​ជា​ផ្នែក​នៃប្រតិបត្តិ​ការ​ជួញដូរ​គ្រឿងញៀន»។

អ្នកស្រី​បន្ថែម​ថា គោលការណ៍​ចំពោះ​ការ​ដាក់ប្រាក់​ និងការ​ដកប្រាក់​ចេញ​ពី​កាស៊ីណូ និង​វេបសាយ​ល្បែងមាន​ភាព​ខុស​គ្នាទៅ​តាម​ប្រទេស ប៉ុន្តែ «ប្រសិន​បើ​អ្នក​អាច​ប្រើប្រាស់​មធ្យោបាយ​បង់ប្រាក់​ផ្សេង នេះ​វា​អាច​បង្ក​ជា​បញ្ហា​ធំ​ពាក់ព័ន្ធ​នឹង​ការ​លាងលុយកខ្វក់»។

អាជ្ញាធរ​មិនទាន់​កំណត់​ជា​ប៉ាន់ប្រមាណ​លម្អិត​អំពី​បរិមាណ​លុយ​កខ្វក់​ដែល​ហូរ​ចូល​តាម​ប្រព័ន្ធ​ធនាគារ​ក្រៅផ្លូវ​ច្បាប់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​នៅ​ឡើយទេ​ ប៉ុន្តែ​ការិយាល័យអ.ស.បប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម​និយាយ​ថា ករណី​ធំៗ​មួយចំនួន​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​បង្ហាញ​ថា មាន​ទំហំ​នៃ​ការ​លាង​លុយ​កខ្វក់​អាច​មាន​រហូត​ដល់​រាប់​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។«

ជា​ឧទាហរណ៍ នៅ​ខែ​មករា តុលាការ​នៅ​ក្រុង Macau បាន​ផ្តន្ទាទោស​ឈ្មោះ Alvin Chau ចំពោះ​ការ​ដឹកនាំ​ប្រតិបត្តិការ​ល្បែង​ខុស​ច្បាប់​ ដែល​រ៉ាប់រង​លើ​ការ​ភ្នាល់ក្នុង​ទំហំ​ទឹកប្រាក់​ជាង ១០៥​ពាន់​លាន​ដុល្លារ​ចាប់តាំង​ពី​ឆ្នាំ ២០១៣។ ប៉ុន្មាន​ខែ​មុន​នេះ តុលាការ​នៅ​ចិន​ដី​គោក​បាន​ផ្តន្ទាទោស​មនុស្ស ៣៦​នាក់​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​នេះ។ បទចោទប្រកាន់​រួម​មាន ការបង់​ប្រាក់​ឆ្លងព្រំដែន​ខុស​ច្បាប់ក្នុង​ទំហំ​យ៉ាងហោចណាស់ ១៦០​លាន​ដុល្លារ តាមរយៈ​បន្ទប់ VIP និង​វេបសាយ​ល្បែង​អនឡាញគ្រប់គ្រង​ដោយ​កាស៊ីណូ​នៅ​កម្ពុជា ហ្វីលីពីន និង​វៀតណាម។

រូបឯកសារ៖ នាយកប្រតិបត្តិ Suncity Group លោក Alvin Chau ដើរលើកម្រាលព្រំក្រហមនៃពានរង្វាន់ភាពយន្តហុងកុងនៅទីក្រុងហុងកុង ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨។

នៅ​ខែកក្កដា ថៃ​បាន​ចាប់ខ្លួន​ឈ្មោះ Kuo Che-min ហើយ​កាល​ពី​ខែ​មុន បាន​ធ្វើ​បត្យាប័ន​បុគ្គល​នេះ​មក​កាន់​កោះ​តៃវ៉ាន់ ជា​ទី​ដែល​អាជ្ញាធរចង់​បាន​ខ្លួន ចំពោះ​ការ​ដឹកនាំ​ប្រតិបត្តិការ​ល្បែង​អនឡាញ​ និងបណ្តាញ​ធនាគារ​ក្រៅ​ផ្លូវ​ច្បាប់ដ៏​ធំ​មួយមាន​មូលដ្ឋាន​ចេញ​ពី​កាស៊ីណូ​មួយ​នៅ​កម្ពុជា។ អាជ្ញាធរ​ថៃ​បាន​និយាយ​ថា បុគ្គល​នេះ​ប្រហែល​បាន​លាង​លុយ​ជាង​កន្លះ​ពាន់​លាន​ដុល្លារ​តាមរយៈ​ប្រតិបត្តិការ​នេះ។

ប៉ូលិស​នៅ​កោះ​តៃវ៉ាន់​សង្ស័យថា ​បុគ្គល​ឈ្មោះ Kuo បាន​ធ្វើ​ការ​ជាមួយ​ឈ្មោះ Lin Pin-Wen ​ជា​សមាជិក​ម្នាក់នៃបណ្តាញ​ឧក្រិដ្ឋជន​ឈ្មោះ​ថា Heavenly Way នៅ​កោះតៃវ៉ាន់ ដែល​ជាប់ពាក់ព័ន្ធ​នឹង​ករណី​ជួញ​ថ្នាំ​ញៀន​មួយ​ចំនួនទៀត។ បុគ្គលឈ្មោះ Lin Pin-Wen ត្រូវ​បាន​ចាប់​ខ្លួន​នៅ​កោះតៃវ៉ាន់​កាល​ពីខែ​វិច្ឆិកា​ ឆ្នាំ​មុន​ពាក់ព័ន្ធ​នឹង​បទចោទប្រកាន់​ដូចគ្នា​នឹង​បុគ្គលឈ្មោះ Kuo។

អ្នកស្រី Gore បាន​និយាយ​ថា ករណី​ធំៗ​ដូចនេះ​គឺ ​គ្រាន់​តែ​ករណី​លាតត្រដាង​ខ្លះ​ប៉ុណ្ណោះ​នៅ​ក្នុង​ចំណោម​ករណី​ធំៗ​ដទៃ​ទៀត​ដែល​មិន​ទាន់​បង្រ្កាប​បាន ហើយ​អ្នកស្រី​បាន​យល់ស្រប​ជាមួយ​នឹង​ការិយាល័យ​អ.ស.ប​ប្រយុទ្ធប្រឆាំង​នឹង​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្មថា បញ្ហា​គឺ​ កាន់តែ​មានសភាព​អាក្រក់​ឡើង។

លោក Alvin Chau នាយកប្រតិបត្តិក្រុមហ៊ុន Suncity Group និងលោក Lin Pin-Wen ចូលរួមក្នុងព្រឹត្តិការណ៍បើកដំណើរការល្បែងស៊ីសងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនក្នុងឆ្នាំ២០១៨។ (Facebook page of the Suncity Group)

តាមរយៈ​ច្រកទ្វារក្រោយ

ក្រៅ​ពី​តំបន់​មេគង្គ ហ្វីលីពីន​ក៏​បាន​លេច​ចេញ​ជា​ចំណុច​ផ្តោត​ចម្បង​មួយ​នៃ​ប្រព័ន្ធ​ធនាគារ​ក្រៅផ្លូវ​ច្បាប់​ក្នុង​តំបន់​ផង​ដែរ។

កាល​ពី​ឆ្នាំ ២០១៦ រដ្ឋាភិបាល​ក្រុង​ម៉ានីល​បាន​ចាប់ផ្តើម​ផ្តល់​ជា​អាជ្ញាបណ្ណ​ដល់​ប្រតិបត្តិករ​ល្បែង​ក្រៅ​ប្រទេស​ពី​ហ្វីលីពីន (POGOs) ដើម្បី​ផ្តោត​លើ​អ្នក​លេងល្បែង​ពី​ក្រៅ​ប្រទេស ដោយ​សង្ឃឹម​ថា នឹង​បង្កើត​ជា​ការងារ និង​ប្រាក់ចំណូល​ក្នុង​ស្រុក។ របាយការណ៍​ជុំវិញ​ការ​សង្ស័យពី​ការ​ប្រើប្រាស់​អាជ្ញាបណ្ណ​ខុស​គោលដៅ​ ស្នើ​ទៅ​កាន់​រដ្ឋាភិបាល​ពី​សំណាក់​ក្រុមហ៊ុនក្នុង​ស្រុក​ ហើយ​អាជ្ញាធរ​បាន​ផ្សារភ្ជាប់​ការ​ប្រើប្រាស់​ខុស​គោលដៅ​នេះ​ទៅ​នឹង​ការ​ជួញដូរ​ថ្នាំ​ញៀន និង​ការ​លាងលុយ​កខ្វក់​។ នេះ​បើ​យោង​តាម​របាយការណ៍​កាល​ពី​ឆ្នាំ២០២២ ​សហរៀបរៀង​ដោយ​អ្នកស្រី Gore។ របាយការណ៍​មួយ​ទៀត​នា​ឆ្នាំ​នេះ​ពី​សំណាក់​ក្រុមប្រឹក្សា​ប្រឆាំង​នឹង​ការ​លាងលុយ​កខ្វក់​ហ្វីលីពីន​បង្ហាញ​ពី​ការ​កើនឡើង​យ៉ាង​ខ្លាំង​នៃ​ការ​ប្រើប្រាស់​ខុស​គោលដៅ​រវាង​ឆ្នាំ ២០២១ និង​២០២២។

រូបឯកសារ៖ នៅក្នុងរូបថតផ្តល់ដោយក្រុមប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់ប៉ូលីសជាតិហ្វីលីពីននេះ ប៉ូលីសដើរនៅខាងក្នុងការិយាល័យមួយដែលពួកគេបានឆ្មក់ចូលនៅទីក្រុង Las Pinas ប្រទេសហ្វីលីពីន ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

អ្នកស្រី​ Michelle Sabino អ្នក​នាំពាក្យ​អង្គភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៃ​នគរបាល​ជាតិ​ហ្វីលីពីន បាន​លើកឡើង​ថា៖ «បញ្ហា​កាន់​តែ​មាន​សភាព​អាក្រក់​ឡើង» ដោយ​ទម្លាក់​កំហុស​ភាគច្រើន​មក​លើ​ការ​ផ្តល់​អាជ្ញាបណ្ណ​ដល់​ប្រតិបត្តិការ​ល្បែង​ក្រៅ​ប្រទេស​ពី​ហ្វីលីពីន (POGOs)។

អ្នកស្រី​បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «នេះ​ជា​មធ្យោបាយ នេះ​ជា​ច្រក​ទ្វារ​សម្រាប់​មនុស្ស សម្រាប់​ក្រុម​បណ្តាញ​ឧក្រិដ្ឋកម្ម​ ដើម្បី​អាច​លាងលុយ។ ពួកគេ​លាក់​ខ្លួន​ពី​ក្រោយ​ប្រតិបត្តិការ​លែ្បង​ក្រៅ​ប្រទេស​ ដែល​ស្រប​ច្បាប់ … ប៉ុន្តែ​ក្រោម​ប្រតិបត្តិការ​នេះ មាន​ក្រុមហ៊ុន​ផ្សេងៗ​ ដែល​កំពុង​ធ្វើ​សកម្មភាព​ខុសច្បាប់»។

ដោយយល់​ដឹង​ច្រើន​ពី​ចន្លោះប្រហោង​នៃ​ប្រព័ន្ធ​នេះ រដ្ឋាភិបាល​ហ្វីលីពីន​បាន​ចាប់ផ្តើម​រឹតបន្តឹង​ការ​ផ្តល់​អាជ្ញាបណ្ណ​ដល់​ប្រតិបត្តិការ​ល្បែង​ក្រៅ​ប្រទេស​នៅ​ពេល​វិបត្តិ​ជំងឺ​កូវីដ១៩ បាន​ចាប់ផ្តើម ដែល​អ្នកស្រី Gore បាន​និយាយ​ថា បាន​ជំរុញ​ឱ្យ​ប្រតិបត្តិករ​ខ្លះ​រើទីតាំង​មក​កម្ពុជា ខណៈ​ការ​បង្រ្កាប​ដោយរដ្ឋាភិបាល​ចិន​កាល​ពី​ពេល​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​បាន​ជំរុញ​ឱ្យ​ប្រតិបត្តិករ​មួយ​ចំនួន​ផ្លាស់​ទៅ​តំបន់​អាស៊ីអាគ្នេយ៍។ អ្នកស្រី Gore និង​ការិយាល័យអ.ស.ប​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្មលើកឡើង​ថា ការ​បង្រ្កាប​លើក​ទី​ពីរ​ដោយ​រដ្ឋាភិបាលហ្វីលីពីន​នា​ឆ្នាំ​នេះ​ កំពុងជំរុញ​ឱ្យ​ប្រតិបត្តិការ​ងាកទៅឡាវ​ និង​មីយ៉ាន់ម៉ា។

​លោក Hofmann បាន​និយាយ​ថា៖ «នេះ​ជា​ហេតុផល​ដែល​ការ​ឆ្លើយតបពេញលេញជាលក្ខណៈ​តំបន់​មាន​សារៈសំខាន់​ខ្លាំង។ កិច្ចប្រឹងប្រែង​របស់​បណ្តា​ប្រទេស​នីមួយៗដោយ​ឡែក​ពី​គ្នា​គ្រាន់តែនាំ​យក​បញ្ហា​ចេញ​តាម​ច្រក​ទ្វារ​ខាង​ក្រោយ​តែ​ប៉ុណ្ណោះ»។

​ការិយាល័យអ.ស.ប​ប្រយុទ្ធប្រឆាំង​នឹង​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្មកំពុង​ជួយ​សម្របសម្រួលចំពោះ​ការ​ឆ្លើយតប។ ការិយាល័យ​នេះ​បាន​រៀបចំ​សិក្ខាសាលា​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ប្រតិបត្តិការ​ធនាគារ​ក្រៅ​ផ្លូវ​ច្បាប់​តាមរយៈ​វិស័យ​ល្បែង​ជាមួយ​អាជ្ញាធរ​ពី​ឡាវ ម៉ាឡេស៊ី​ ហ្វីលីពីន និង​ថៃ កាល​ពី​ឆ្នាំ​មុន ហើយ​កំពុង​គ្រោង​ធ្វើ​សិក្ខាសាលា​បន្ថែម។

អ្នកស្រី​ Gore ​និយាយ​ថា បណ្តា​ប្រទេស​មួយចំនួន​នៅ​ក្នុង​តំបន់​ត្រូវ​ផ្តោត​លើ​ការ​បង្កើត ឬ​លើកកម្ពស់​ច្បាប់​គ្រប់គ្រង​វិស័យ​ល្បែង ឬ​ពង្រឹង​ច្បាប់​ដែល​មាន​រួច​ទៅ​ហើយ។

អ្នកស្រី Sabino លើកឡើង​ថា អ្នកស្រីស្វាគមន៍​ការ​សហការ​បន្ថែម ខណៈ​ការ​ប្រយុទ្ធប្រឆាំងនឹង​បញ្ហា​នេះ​នៅ​មិនទាន់ពេញលក្ខណៈ។

អ្នកស្រី​ថ្លែង​ថា៖ «ប្រសិន​បើ​អ្នក​អាច​ធ្វើ​ឱ្យ​ប្រទេស​ទាំងនេះ​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ក្នុង​ការចាប់ខ្លួន​ឧក្រិដ្ឋន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ នេះ​គឺ​ជា​ រឿង​អស្ចារ្យ»។

អ្នកស្រីបន្ត​ថា៖ «ពីព្រោះ​នា​ពេល​នេះ ​ប្រទេស​នីមួយៗ​រៀង​ខ្លួន​ត្រូវ​ដោះស្រាយ​បញ្ហាពាក់ព័ន្ធ​នឹង​សន្តិសុខ​ និង​ឧក្រិដ្ឋជន​តាម​ប្រព័ន្ធ​អ៊ីនធឺណិតដោយ​ខ្លួន​ឯង»៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា