អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​ប្រទេស​ថៃ​អនុវត្ត​បទដ្ឋាន​អន្តរជាតិ​ទៅ​លើ​ច្បាប់​ដាក់​ទណ្ឌកម្ម​និង​បាត់​ខ្លួន

រូបឯកសារ៖ កម្មការិនី​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា​ឆ្លង​កាត់ច្រក​ទ្វារ​​ព្រំដែន​ Sangkhlaburi ចូល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។

ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​ប្រទេស​ថៃ​អនុវត្ត​ច្បាប់​ដាក់​ទណ្ឌកម្ម​និង​បាត់​ខ្លួន ដែល​ស្រប​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ​ទាំង​ស្រុង។

ការិយាល័យ​អង្គការ​សហប្រជាជាតិ​នេះ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​សុក្រ​ថា សេចក្ដីព្រាង​ច្បាប់​ដែល​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី​ថៃ «គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ ប៉ុន្តែ​សេចក្ដីព្រាង​ច្បាប់​ដែល​ត្រូវ​បាន​អនុម័ត​នេះ ខ្វះ​គោលការណ៍​អន្តរជាតិ ដោយ​រួម​មាន​ទាំង​ការ​ហាមឃាត់​ទាំងស្រុង​នូវ​ការ​ដាក់​ទណ្ឌកម្ម​និង​ការ​ចាប់​បញ្ជូន​ខ្លួន​ផង​ដែរ ដែល​ជា​សិទ្ធិ​រស់រាន​មាន​ជីវិត​នៅ​ក្នុង​ច្បាប់​អន្តរជាតិ»។

សេចក្ដីថ្លែងការណ៍​នោះ​ក៏​បាន​បន្ថែម​ថា៖ «អត្ថន័យ​នៃ​ឧក្រិដ្ឋកម្ម​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​នោះ ​ក៏​មិន​ស្រប​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ​នោះ​ដែរ»។ ​

អ្នកស្រី Cynthia Veliko ​អ្នក​តំណាង​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​តំបន់​អាស៊ីអាគ្នេយ៍​ប្រចាំ​ទីក្រុង​បាងកក​បាន​ថ្លែង​ថា៖ «ច្បាប់​ក្នុង​ប្រទេស​មួយ​អាច​ផ្ដល់​នូវ​យុត្តិធម៌​ដ៏​មាន​ប្រសិទ្ធភាព​ដល់​ជនរងគ្រោះ​និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​បាន ប្រសិន​បើ​ច្បាប់​នេះ​ស្រប​ទៅ​តាម​អនុសញ្ញា​ប្រឆាំង​នឹង​ការ​ដាក់​ទណ្ឌកម្ម​និង​អំពើ​សាហាវ​ឃោរឃៅ ការ​ដាក់​ទណ្ឌកម្ម​ដែល​គ្មាន​មនុស្សធម៌ ឬ ដោយ​គ្មាន​ការ​គោរព ហៅ​កាត់​ថា CAT​ និង​អនុសញ្ញា​អន្តរជាតិ​សម្រាប់​ការពារ​មនុស្ស​ទាំងអស់​មិន​ឲ្យ​បាត់ខ្លួន​ដោយ​បង្ខំ ហៅ​កាត់​ថា ICPPED។

​ប្រទេស​ថៃ​បាន​ផ្ដល់​សច្ចានុមតិ​លើ​អនុសញ្ញា​ទាំង​ពីរ​នេះ​កាល​ពី​ឆ្នាំ ២០០៧ និង​ឆ្នាំ ២០១២។

អ្នកស្រី Veliko បាន​ថ្លែង​ថា៖ «ឆន្ទៈ​របស់​ប្រទេស​ថៃ​ក្នុង​ការ​អនុម័ត​សេចក្ដីព្រាងច្បាប់​នេះ​ឲ្យ​ទៅ​ជា​ច្បាប់​ ដែល​ស្រប​ទាំង​ស្រុង​ទៅ​តាម​គោលការណ៍នៃ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​នឹង​បង្ហាញ​ពី​ការ​ប្ដេជ្ញា​របស់​ប្រទេស​ថៃ​ចំពោះ​ការ​មិន​លើក​លែង​ទាល់តែ​សោះ​លើ​ការធ្វើ​ទណ្ឌកម្ម និង​ការ​បាត់​ខ្លួន​ដោយ​បង្ខំ ក៏​ដូចជា​ការ​ផ្ដល់យុត្តិធម៌​សម្រាប់​ជនរងគ្រោះ​នៅ​ក្នុង​ឧក្រិដ្ឋកម្ម​ទាំង​អស់​នេះ​ផង​ដែរ»៕