អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​កម្ពុជា​ពិចារណា​ឡើង​វិញ​អំពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ

លោក ហេង សំរិន​ ប្រធាន​រដ្ឋសភា​ជាតិ​​ ដឹកនាំ​អង្គ​ប្រជុំ​ប្រកាស​សុពលភាព​តំណារាស្ត្រ​ថ្មី និង​ក្រុម​មន្ត្រី​បី​រូប​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប) នៅក្នុង​សភា​នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​ ២០១៧។ (ហ៊ុល រស្មី/VOA)

នៅ​ថ្ងៃ​អង្គារ​នេះ អ្នក​ជំនាញ​ខាង​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​មួយ​ចំនួន​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ឡើង​វិញ​នូវ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​ក្នុង​នោះ​មាន​ទាំង​ច្បាប់​ហាម​ឃាត់​ការ​ប្រមាថ​ព្រះមហាក្សត្រ​ផង​ដែរ ដោយ​ពួកគេ​បាន​និយាយ​ថា ការ​ធ្វើ​វិសោធនកម្ម​នេះ​មាន​លក្ខណៈ​មិន​ច្បាស់លាស់ និង​មិន​ស្រប​តាម​បទដ្ឋាន​អន្តរជាតិ។

កាល​ពី​សប្ដាហ៍​មុន រដ្ឋសភា​កម្ពុជា​បាន​អនុម័ត​ច្បាប់​ហាម​ឃាត់​ការ​ប្រមាថ​ព្រះមហាក្សត្រ និង​បាន​ធ្វើ​វិសោធនកម្ម​មួយ​ចំនួន​ចំពោះ​ច្បាប់​រដ្ឋធម្មនុញ្ញ។ ករណី​នេះ​បាន​ធ្វើ​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស​នានា​មាន​ការ​ព្រួយ​បារម្ភ ដោយ​ពួកគេ​បាន​បញ្ជាក់​ថា ច្បាប់​ហាម​ឃាត់​ការ​ប្រមាថ​ព្រះមហាក្សត្រ និង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ទាំង​នេះ​អាច​ត្រូវ​គេ​ប្រើ​ដើម្បី​ប្រឆាំង​នឹង​អ្នក​រិះគន់​រដ្ឋាភិបាល។

អ្នកស្រី Rhona Smith និង​លោក David Kaye ដែល​អ្នក​ទាំង​ពីរ​ជា​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា៖ «យើង​ខ្ញុំ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ការ​វាយ​តម្លៃ​ឡើង​វិញ​ឲ្យ​បាន​ហ្មត់ចត់​និង​ពេញលេញ​ចំពោះ​សេចក្ដី​ព្រាង​នៃ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​ធានា​ថា ការ​ធ្វើ​វិសោធនកម្ម​ទាំង​នេះ​ស្រប​ទៅ​តាម​ច្បាប់ និង​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរជាតិ»។

អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ទាំង​ពីរ​បាន​បន្ថែម​ទៀត​ថា ការ​ធ្វើ​វិសោធនកម្ម​ដែល​បាន​ស្នើ​ឡើង​ទាំង​នោះ​ប្រើ «ពាក្យ​បច្ចេកទេស​ទូលំទូលាយ​ពេក ហើយ​ត្រូវការ​ភាសា​ជាក់លាក់​ជាង​នេះ​ដើម្បី​ស្រប​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ»។

ច្បាប់​ហាម​ឃាត់​ការ​ប្រមាថ​ព្រះមហាក្សត្រ​នេះ​ចែង​ថា អ្នក​ដែល​មាន​ទោស​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​មួយ​ឆ្នាំ​ទៅ ៥ ឆ្នាំ និង​ផាក​ពិន័យ​ចាប់​ពី ២ លាន​រៀល​រហូត​ដល់ ១០ លាន​រៀល៕