អង្គការ​សហប្រជាជាតិ៖ សន្ធិសញ្ញា​ហាមឃាត់​អាវុធនុយក្លេអែរ អាច​នឹង​ចូល​ជាធរមាន

រូបឯកសារ៖ សមាជិក​ចូលរួម​ពិធី​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ស្តីពី​ការហាមឃាត់​អាវុធនុយ​ក្លេអ៊ែរ​នៅ​ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៧ នៅឯ​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុងញូវយ៉ក។

សន្ធិសញ្ញា​អន្តរជាតិ​មួយ​ដែល​ហាមឃាត់​អាវុធ​នុយក្លេអែរ ត្រូវបាន​ផ្តល់​សច្ចាប័ន​ដោយ​ប្រទេស​ទី​៥០ នោះ គឺ​ប្រទេស​ហុងឌូរ៉ាស ដែល​ការណ៍​នេះ អនុញ្ញាត​ឲ្យ​សន្ធិសញ្ញា​នេះ ចូល​ជាធរមាន​បាន​នៅ​ក្នុង​រយៈពេល​៩០​ថ្ងៃ​ក្រោយមក នេះ​បើ​យោង​តាម​ការថ្លែង​របស់​មន្ត្រី​អង្គការ​សហប្រជាជាតិ​ កាលពី​ថ្ងៃទី​២៤ ខែតុលា ​កន្លង​ទៅ​នេះ។

លោក Peter Maurer នាយក​គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទ​ក្រហម​ហៅ​កាត់​ថា ICRC បាន​សរសេរ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «ថ្ងៃនេះ គឺ​ជា​ជោគជ័យ​មួយ​សម្រាប់​មនុស្ស​ជាតិ និង​ជា​ការសន្យា​សម្រាប់​អនាគត​ដែល​មាន​សុវត្ថិភាព​មួយ»។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេងទៀត បាន​ស្វាគមន៍​ព័ត៌មាន​មួយ​នេះ ដែល​រួមមាន​យុទ្ធនាការ​អន្តរជាតិ​ដើម្បី​លុប​បំបាត់​អាវុធ​នុយ​ក្លេ​អ៊ែរ ហៅ​កាត់ថា ICAN ដែល​ជាក្រុម​សម្ព័ន្ធ​មួយ​ដែល​បាន​ទទួល​ពាន​រង្វាន់​ណូបែល​សន្តិភាព​កាល​ពី​ឆ្នាំ២០១៧​ សម្រាប់​តួនាទី​ដ៏​សំខាន់​ក្នុង​ការធ្វើ​ឲ្យ​សន្ធិសញ្ញា​នេះ ចេញជា​ផ្លែផ្កា។

ក្រុម​សម្ព័ន្ធ ICAN បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter ថា៖ «ប្រទេស​ហុងឌូរ៉ាស បាន​ធ្វើ​សច្ចានុម័ត​លើ​សន្ធិសញ្ញា​ក្នុង​នាម​ជា​រដ្ឋ​ទី​៥០ ដែល​បាន​អនុញ្ញាត​ឲ្យ​សន្ធិសញ្ញា​នេះ ចូល​ជា​ធរមាន​បាន ហើយ​បាន​បង្កើត​ជា​ប្រវត្តិសាស្ត្រ»។

សន្ធិសញ្ញា​ហាម​ឃាត់​អាវុធ​នុយ​ក្លេអែរ ដែល​ហាម​ឃាត់​ការប្រើប្រាស់ ការអភិវឌ្ឍ ការផលិត ការធ្វើ​តេស្ត ការ​ឈរជើង ការ​ស្តុក​ទុក និង​ការ​គំរាម​នឹង​ប្រើប្រាស់​អាវុធ​ទាំង​នេះ ត្រូវ​បាន​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ ​អនុម័ត​កាលពី​ខែកក្កដា ឆ្នាំ២០១៧ ដោយ​មាន​១២២ ​ប្រទេស​យល់​ព្រម។

ឥឡូវ​នេះ គេ​រំពឹង​ថា សន្ធិសញ្ញា​នេះ នឹង​ចូល​ជាធរមាន​នៅ​ខែមករា ឆ្នាំ២០២១ ខាងមុខ​នេះ។

រដ្ឋ​ដែល​មាន​អាវុធ​នុយក្លេអែរ​មួយ​ចំនួន​តូច រួមមាន​សហរដ្ឋ​អាមេរិក អង់គ្លេស បារាំង ចិន និង​រុស្ស៊ី មិន​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​នេះ​ទេ។

តែ​ទោះ​ជាយ៉ាង​នេះ​ក្តី អ្នក​ធ្វើ​យុទ្ធនាការ សង្ឃឹម​ថា ការ​ចូល​ជាធរមាន​នៃ​សន្ធិសញ្ញា​នេះ នឹង​មាន​ឥទ្ធិពល​ដូចគ្នា​នឹងសន្ធិសញ្ញា​អន្តរជាតិ​ពី​មុនៗ​ដែរ ដូចជា​សន្ធិសញ្ញា​ហាមឃាត់​ការប្រើប្រាស់​គ្រាប់មីន​និង​គ្រាប់​បែក​ចង្កោម​ជាដើម ដែល​នាំឲ្យ​មាន​កេរ្តិ៍ឈ្មោះ​មិនល្អ​ចំពោះ​ប្រទេស​ទាំងឡាយ​ណា​ដែល​ស្តុក​ទុក​និង​ប្រើប្រាស់​គ្រាប់មីន​និង​គ្រាប់​បែក​ចង្កោម​ទាំងនោះ ទើបធ្វើឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ឥរិយាបថ សូម្បី​តែ​ប្រទេស​ដែល​មិនបាន​ចុះ​ហត្ថលេខា​នោះ​ក៏ដោយ៕

ប្រែសម្រួល​ដោយ​កញ្ញា ទុំ ម្លិះ