អង្គការសហប្រជាជាតិបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងរក្សាបេសកកម្មនយោបាយ និងមនុស្សធម៌នៅប្រទេសអាហ្វហ្គានីស្ថាន ទោះបីជាមានការចាកចេញរបស់កងទ័ពសហរដ្ឋអាមេរិកនិងអង្គការអូតង់នៅចុងឆ្នាំនេះក៏ដោយ។ អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Stephane Dujarric បាននិយាយថា វាច្បាស់ណាស់ថា ការចាកចេញរបស់កងទ័ព នឹងមានផលប៉ះពាល់ដល់ប្រទេសទាំងមូលនៅក្នុងការឆ្លើយតបទៅនឹងសំណួរអំពីអនាគតរបស់បេសកកម្ម។ លោកបានមានប្រសាសន៍ថា «យើងនឹងបន្តសិក្សាអំពីស្ថានភាពនេះ ប៉ុន្តែការងាររបស់យើងនៅអាហ្វហ្គានីស្ថាននឹងបន្ត»។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
លោកបានមានប្រសាសន៍ថា «អង្គការសហប្រជាជាតិមានវត្តមានសម្រាប់ការអភិវឌ្ឍមនុស្សធម៌នៅក្នុងប្រទេសអាហ្វហ្គានីស្ថានអស់រយៈពេលជាយូរមកហើយ ហើយយើងនឹងបន្តនៅទីនោះដើម្បីជួយប្រជាជនអាហ្វហ្គានីស្ថាន»។
លោកបន្តថា អ.ស.ប. នឹងសម្របតាមស្ថានភាពជាក់ស្តែង។ បេសកកម្មជំនួយអង្គការសហប្រជាជាតិនៅអាហ្វហ្គានីស្ថានមានបុគ្គលិកប្រមាណជា១២០០ នាក់ដែលភាគច្រើនជាជនជាតិអាហ្វហ្គានីស្ថាន និងមិនរាប់បញ្ចូលកងរក្សាសន្តិភាពទេ។
បុគ្គលិករបស់ទីភ្នាក់ងារទាំងអស់របស់អ.ស.ប.នៅក្នុងប្រទេសអាហ្វហ្គានីស្ថានមានចំនួនប្រមាណ ៤០០០ នាក់ ដែល៧៥ភាគរយនៃពួកគេ ជាជនជាតិអាហ្វហ្គានីស្ថាន។
កាលពីថ្ងៃពុធ លោកប្រធានាធិបតី Joe Biden បានប្រកាសអំពីការដកកងទ័ពអាមេរិកដោយគ្មានលក្ខខណ្ឌពីអាហ្វហ្គានីស្ថាន ដោយបានកំណត់យកថ្ងៃទី១១ ខែកញ្ញា ជាថ្ងៃចុងក្រោយដែលទាហានចុងក្រោយនឹងត្រូវចាកចេញ។ ការដកចេញនេះនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែឧសភា។ ក្រសួងការពារជាតិមានកងទ័ពប្រហែល២៥០០ នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ចុះពីជាង១០ម៉ឺននាក់។ ទាហានអាមេរិករាប់ពាន់នាក់ទៀតបម្រើជាផ្នែកមួយនៃកម្លាំងអូតង់ដែលមានកម្លាំង៩.៦០០នាក់ ដែលនឹងដកចេញក្នុងពេលដូចគ្នា៕