នៅក្នុងទិវាមនុស្សធម៌កាលពីថ្ងៃសៅរ៍ម្សិលមិញ អង្គការសហប្រជាជាតិបានអំពាវនាវឲ្យបញ្ឈប់ការវាយប្រហារដោយចេតនាទៅលើជនស៊ីវិលនិងបុគ្គលិកអង្គការមនុស្សធម៌ដែលបានប្រថុយនឹងគ្រោះថា្នក់ដល់អាយុជីវិតរបស់ខ្លួនដើម្បីជួយបុរស ស្រ្តី និងកុមារដែលនៅជាប់ផុងក្នុងសង្គ្រាម។
ក្នុងប្រារពទិវានេះនៅឆ្នាំនេះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បានមានប្រសាសន៍ថា៖ «សុខភាពរបស់បុគ្គលិកមនុស្សធម៌ដែលផ្តល់ជំនួយ ព្យាបាលនិងការពារមនុស្សទាំងនោះបានក្លាយជាទីដៅនៃការវាយប្រហារ»។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិមានប្រសាសន៍ទៀតថា៖ «បុគ្គលិកបានត្រូវគេសម្លាប់ រងរបួសនិងត្រូវបានគេចាប់ខ្លួន។ ជំនួយនិងបរិក្ខាពេទ្យបានត្រូវគេលួច គ្លីនិកសុខាភិបាលនិងមន្ទីរពេទ្យបានខូចខាតនិងត្រូវគេកម្ទេចចោល។
អង្គការសហប្រជាជាតិបានរាយការណ៍ថា មានការវាយប្រហារចំនួន៣០២ដងទៅលើបុគ្គលិកសុខាភិបាលនៅក្នុងឆ្នាំ២០១៦ រួមមានការស្លាប់មនុស្ស៤១៨នាក់ហើយនិងរងរបួសចំនួន៥៦១នាក់នៅក្នុងប្រទេសចំនួន២០។ ភាគច្រើនបានកើតមានឡើងនៅក្នុងប្រទេសស៊ីរី។
ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំនេះ អង្គការសហប្រជាជាតិបានរាយការណ៍ថា មានការវាយប្រហារចំនួន៨៨ដង មនុស្សស្លាប់៨៨នាក់ហើយនិងរបួស៨១នាក់នៅក្នុងប្រទេស១៤។ ប្រទេសស៊ីរីដែលបានស្ថិតនៅក្នុងសង្គ្រាមរយៈពេល៦ឆ្នាំបានត្រូវកត់ត្រាថា មានការវាយប្រហារចំនួន៥៨ដង៕