ការមិនរើសអើង សមភាព ការចូលរួមនិងគណនេយ្យភាពជាការផ្តោតពិសេសក្នុងទស្សនកិច្ចរបស់លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាដែលនឹងមកបំពេញទស្សនកិច្ចនៅចុងខែមេសា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែល VOA បានទទួល។
ក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅថ្ងៃពុធនេះ បានឱ្យដឹងថា ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២៩ ខែមេសា ដល់ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០១៩ តាមការអញ្ជើញរបស់រាជរដ្ឋាភិបាល ដែលនេះជាទស្សនកិច្ចលើកដំបូងក្នុងឆ្នាំ២០១៩។ ក្នុងដំណើរបេសកកម្មរយៈពេល១១ថ្ងៃក្នុងប្រទេសកម្ពុជា លោកស្រីស្មីត នឹងបន្តផ្តោតលើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបច្ចុប្បន្ន រួមទាំងតាមដានការវិវត្តនានាចាប់តាំងពីបេសកកម្មលើកចុងក្រោយរបស់លោកស្រីកាលពីខែវិច្ឆិកាឆ្នាំ២០១៨កន្លងទៅ។
លោកស្រី រ៉ូណា ស្មីត ត្រូវបានគេស្រង់សម្តីក្នុងសេចក្តីថ្លែងការណ៍ដដែលថា៖
«ខ្ញុំមានបំណងបន្តការពិនិត្យផងដែរទៅលើវិស័យសិទិ្ធមនុស្សទាក់ទងនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ដោយពិនិត្យជាពិសេសទៅលើការមិនរើសអើង និងសមភាព ព្រមទាំងការចូលរួម និងគណនេយ្យភាព»។
នេះគឺជាដំណើរទស្សនកិច្ចការងារលើកទី៧ របស់លោកស្រី រ៉ូណា ស្មីត មកប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៥។ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជារូបនេះ តែងតែផ្តោតលើប្រធានបទខុសគ្នាជារៀងរាល់ពេល។
អ្នកស្រី សេង រាសី នាយិកាប្រតិបត្តិអង្គការសីលការ (Silika) ដែលជាអង្គការធ្វើការពាក់ព័ន្ធនឹងសិទ្ធិស្រ្តី លើកឡើងពីការបារម្ភរបស់អ្នកស្រីទាក់ទិននឹងក្រមសីលធម៌ក្នុងការបញ្ចេញមតិលើបណ្តាញសង្គម ដែលវាបានបង្ហាញពីការរើសអើងនិងផលប៉ះពាល់ដល់ស្រ្តីនិងសិទ្ធិរបស់ពួកគេ ហើយអ្នកស្រីសង្ឃឹមថា នឹងមានការជជែកគ្នាជាមួយលោកស្រី រ៉ូណា ស្មីត អំឡុងទស្សនកិច្ចរបស់លោកស្រីមកកម្ពុជានៅចុងខែមេសានេះ។
អ្នកស្រីបាននិយាយថាប្រាប់ VOA តាមទូរស័ព្ទថា៖
«យើងមើលតែការជជែកគ្នានៅក្នុងបណ្តាញសង្គមទៅ ហើយសួរថា អាហ្នឹងវាប៉ះពាល់ម៉េចនឹងការរើសអើង វាប៉ះពាល់ម៉េចចំពោះភាពមិនស្មើគ្នា ពីព្រោះអីការជជែកទាំងអស់នោះ ចង់មិនចង់គាត់បានយករាងកាយរបស់ស្រ្តី គាត់បានយករឿងរ៉ាវរបស់ស្រ្តីយកមកជជែកគ្នា ដោយអត់មានការគោរព យកមកជជែកប្រកបដោយមានការរើសអើង រើសអើងទៅលើភេទ រើសអើងទៅលើយេនឌ័ររបស់គាត់»។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បាននិយាយថា ប្រទេសកម្ពុជាមានការវិវត្តជាវិជ្ជមានច្រើន ហើយប្រធានបទទាក់ទិននឹងការរើសអើងដែលលោកស្រី រ៉ូណា ស្មីត នឹងលើកយកពិភាក្សាក្នុងជំនួបប្រជុំជាមួយភាគីពាក់ព័ន្ធលើកនេះ ក៏មិនមែនជាបញ្ហាប្រឈមអ្វីធំដុំដែលយើងគួរតែបារម្ភនោះដែរ។
លោក ជិន ម៉ាលីន បានប្រាប់ VOA យ៉ាងដូច្នេះថា៖
«ការយល់ដឹងរបស់ប្រជាពលរដ្ឋយើងនៅមានកម្រិត ក៏ដូចជាអាជ្ញាធររបស់យើងនេះ ការយល់ដឹងរបស់គាត់ទាក់ទងនឹងច្បាប់អន្តរជាតិ គោលការណ៍អន្តរជាតិក៏វានៅមានកម្រិត អ៊ីចឹងបញ្ហាហ្នឹងវានៅមានក៏ប៉ុន្តែវាមិនមែនជាបញ្ហាធំ បញ្ហាអីដែលគួរឲ្យចាប់អារម្មណ៍អីណាស់ណាទេ ទាក់ទងនឹងការរើសអើងនេះបាទ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ដដែល បន្ថែមថា លោកគាំទ្រទស្សនកិច្ចរបស់លោកស្រី រ៉ូណា ស្មីត ដោយសារតែលោកស្រីតែងតែផ្តោតលើប្រធានបទផ្សេងគ្នា និងមិនមាននិន្នាការនយោបាយ មិនដូចជាអ្នករាយការណ៍អន្តរជាតិផ្សេងទៀត។
លោក ជិន ម៉ាលីន បានបន្ថែមថា៖
«បាទខ្ញុំគិតថា គាត់មកល្អពីព្រោះគាត់តែងតែផ្តោតទៅលើប្រធានបទផ្សេងៗទាក់ទងនឹងទិដ្ឋភាពបច្ចេកទេសនៃការអនុវត្តសិទ្ធិសេរីភាព។ ដូចខ្ញុំបានលើកឡើងអ៊ីចឹង សិទ្ធិនេះបើយើងមើលជាទិដ្ឋភាពរួម វាមានច្រើនវិស័យណាស់។ អ៊ីចឹងគាត់មកគាត់មិនអាចមើលបានគ្រប់វិស័យទាំងអស់ គាត់តែងតែច្បិចយកប្រធានបទផ្សេងៗមក។ អានេះជាសញ្ញាណមួយដ៏ល្អក្នុងនាមជាអ្នករាយការណ៍ពិសេសដែលអព្យាក្រឹត ហើយមិនមានភាពលម្អៀងហើយមិនមាននិន្នាការនយោបាយ! ណា៎»។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេល១១ថ្ងៃ អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលោកស្រី រ៉ូណា ស្មីត ក៏គ្រោងជួបប្រជុំជាមួយមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងសមាជិកសហគមន៍ការទូតនានា។ លោកស្រី ស្មីត នឹងបំពេញទស្សនកិច្ចផងដែរទៅតាមតំបន់ផ្សេងៗ ដើម្បីប្រមូលព័ត៌មានដោយផ្ទាល់។
លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក (ADHOC) ដែលនឹងជួបជាមួយលោកស្រី រ៉ូណា ស្មីត នៅសប្តាហ៍ក្រោយនេះ បានប្រាប់ VOA នៅរសៀលថ្ងៃពុធនេះថា លោកនឹងលើកលោកបញ្ហារំលោភសិទ្ធិមនុស្សថ្មីៗ ជាពិសេសក្នុងវិស័យនយោបាយ និងសេរីភាពការបញ្ចេញមតិ ដោយលោកសង្កេតឃើញថា វាមិនមានភាពប្រសើរឡើងនោះទេ។
លោកបាននិយាយថា៖
«យើងតែងតែឃើញថា ស្ថានភាពនៃការរំលោភសិទ្ធិមនុស្សហ្នឹងមានការកើនឡើង ជាពិសេសនោះគឺសេរីភាពក្នុងការបញ្ចេញមតិហ្នឹងឯងដែលជាប្រឈមជាងគេ ហើយមួយទៀតនោះគឺសេរីភាពរបស់អ្នកនយោបាយ»។
បើទោះជាគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយចោលកាលពីចុងឆ្នាំ២០១៧ ក៏ប៉ុន្តែ អតីតមន្ត្រីនៃគណបក្សជំទាស់ដ៏ធំនេះនៅរងការធ្វើទុក្ខបុកម្នេញជាបន្តបន្ទាប់។
នៅសប្តាហ៍នេះ អតីតមន្រ្តីនៃគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ គឺលោក ស៊ូ យាន ត្រូវបានអាជ្ញាធរចាប់ខ្លួននិងបញ្ជូនទៅតុលាការក្រោមបទចោទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» បន្ទាប់ពីលោកបានបង្ហោះសារនៅគណនីហ្វេសប៊ុករបស់ខ្លួនប្រមាថ នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុក។
លោកស្រី ស្មីត នឹងបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកស្រី ដោយមានធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីពិភាក្សាអំពីលទ្ធផលស្រាវជ្រាវបឋមនៃដំណើរទស្សនកិច្ចរបស់លោកស្រី ដែលសន្និសីទនេះនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា នៅវេលាម៉ោងបីរសៀល ម៉ោងក្នុងស្រុក នៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា៕