ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបង្ហាញ«ការព្រួយបារម្ភយ៉ាងខ្លាំង» កាលពីថ្ងៃពុធអំពីចលាចលនាពេលថ្មីៗនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានអំពាវនាវឱ្យ«បញ្ឈប់អំពើហិង្សាជាបន្ទាន់» និងឱ្យប្រឹងប្រែងធានាថា ជនស៊ីវិលមិនមានគ្រោះថ្នាក់។ នេះ បើតាមទីភ្នាក់ងារព័ត៌មាន AFP។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយខណៈមានរបាយការណ៍អំពីការប៉ះទង្គិចគ្នារវាងកងទ័ពរដ្ឋាភិបាល និងក្រុមសកម្មប្រយុទ្ធដ៏ធំនៅក្នុងរដ្ឋ Rakhine ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. បានព្រមានថា «សភាពការណ៍ថ្មីៗបង្កឱ្យមានបញ្ហាប្រឈមធ្ងន់ធ្ងរ ជាពិសេសសម្រាប់ការវិលត្រឡប់ដោយស្ម័គ្រចិត្ត សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងនិរន្តរភាពរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា និងជនភៀសខ្លួនក្នុងស្រុក»។
អ្នកនាំពាក្យក្រុមឧទ្ទាម បានរាយការណ៍អំពីការប៉ះទង្គិចគ្នារំលោភបទឈប់បាញ់ដែលបានរក្សាសន្តិភាពនៅក្នុងតំបន់ភាគខាងលិចតាំងពីមានរដ្ឋប្រហារដោយរបបយោធាកាលពីខែកុម្ភៈ។ ប្រទេសនេះ មានចលាចលចាប់តាំងពីខែកុម្ភៈ ដោយមានការបង្ក្រាបយ៉ាងឃោរឃៅលើអ្នកប្រឆាំង និងការប្រយុទ្ធគ្នានៅតាមព្រំដែនកើនឡើងពាក់ព័ន្ធនឹងអង្គការប្រដាប់អាវុធជនជាតិភាគតិច។
សមាជិកក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ក៏បានអំពាវនាវឱ្យមាន«ការផ្តល់ និងចែកចាយវ៉ាក់សាំងកូវីដ១៩ដោយសមធម៌ សុវត្ថិភាព និងគ្មានការរារាំងជំនួយមនុស្សធម៌ដល់មនុស្សទាំងអស់ដែលត្រូវការជំនួយ»។
សេចក្តីថ្លែងការណ៍បាននិយាយថា «ពួកគេបានគូសបញ្ជាក់ថា ទាំងអស់គ្នាគួរតែអាចទទួលបានវ៉ាក់សាំង ហើយបានអំពាវនាវឱ្យមានការគាំទ្រជាអន្តរជាតិកាន់តែច្រើនក្នុងការផ្តល់វ៉ាក់សាំង និងពន្លឿនការចែកចាយ»។
ប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋប្រហារខែកុម្ភៈ រដ្ឋាភិបាលយោធា បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ជាមួយកងទ័ព Arakan ដែលបានប្រយុទ្ធយ៉ាងបង្ហូរឈាមដើម្បីស្វ័យភាពជនជាតិភាគតិច Rakhine នៅរដ្ឋ Rakhine។
បទឈប់បាញ់នេះ អនុញ្ញាតឱ្យទាហានយោធាប្រយុទ្ធនឹង «កងកម្លាំងស្វ័យការពារ»ក្នុងស្រុកដែលបានផ្ទុះឡើងនៅទូទាំងប្រទេស ប្រឆាំងនឹងយោធា។ អ្នកនាំពាក្យកងទ័ព Arakan បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃពុធថា ការប៉ះទង្គិចគ្នាបានផ្ទុះឡើង បន្ទាប់ពី«យោធាមីយ៉ាន់ម៉ាបានចូលទៅក្នុងតំបន់នោះ។ ព័ត៌មានលម្អិតអំពីជនរងគ្រោះមិនទាន់ដឹងនៅឡើយទេ»៕