ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍នេះដើម្បីពិភាក្សាអំពីប្រតិបត្តិការយោធារបស់តួកគីនៅភាគឦសានប្រទេសស៊ីរី ដែលប្រទេសទួរគីនិយាយថាគឺជាប្រតិបត្តិការប្រឆាំងអំពើភេរវកម្ម «ដោយហ្មត់ចត់ និងមានការទទួលខុសត្រូវ»។ ស្របពេលនោះដែរ យុទ្ធជនភាគច្រើនដែលជាជនជាតិ Kurd នៅក្នុងតំបន់នោះវិញបានអំពាវនាវឲ្យមានការ «ជួយសង្គ្រោះប្រជាពលរដ្ឋ Kurd ពីអំពើប្រល័យពូជសាសន៍»។
ប្រទេសតួកគីបានបើកប្រតិបត្តិការដែលគ្រោងជាយូរមកហើយរបស់ខ្លួនកាលពីថ្ងៃពុធម្សិលមិញដើម្បីកម្ចាត់កងកម្លាំង Kurd ដែលខ្លួនចាត់ទុកថាជាពួកភេរវជន។ ប៉ុន្តែ យុទ្ធជនទាំងនេះត្រូវបានបស្ចិមប្រទេសភាគច្រើនយល់ឃើញថាជាដៃគូដ៏សំខាន់នៅក្នុងការប្រយុទ្ធជាមួយនឹងពួកសកម្មប្រយុទ្ធជ្រុលនិយមរដ្ឋឥស្លាម។
ប្រតិបត្តិការយោធារបស់តួកគីនេះបានចាប់ផ្ដើមប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីសេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលថា កងកម្លាំងសហរដ្ឋអាមេរិកនឹងត្រូវដកចេញពីតំបន់នោះ។ ការប្រកាសនេះត្រូវបានគេរិះគន់ជាទូទៅ។
កងកម្លាំងតួកគីបានចាប់ផ្ដើមដំបូងដោយការវាយប្រហារតាមអាកាស ហើយក្រោយមកបានបញ្ជូនទាហានថ្មើរជើងចូល។ ក្រសួងការពារជាតិរបស់ទួរគីបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រតិបត្តិការវាយប្រហារនេះបានបន្តធ្វើយ៉ាងជោគជ័យ។
កងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលដឹកនាំដោយពួក Kurd បានបញ្ជាក់ថា ខ្លួន «បានតទល់នឹងការប៉ុនប៉ងលុកលុយ» របស់កងកម្លាំងទួរគីនៅក្នុងតំបន់ Tal Halaf និងក្រុមយុទ្ធជនរដ្ឋឥស្លាមនៅក្នុងតំបន់មួយនៅភាគខាងត្បូងក្រុង Ras al-Ain៕