ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានកំណត់ពេលដើម្បីពិភាក្សាវិបត្តិនៅតាមបណ្តោយព្រំដែនរវាងរុស្ស៊ីនិងអ៊ុយក្រែននៅថ្ងៃចន្ទនេះ នៅក្នុងសម័យប្រជុំមួយដែលអំពាវនាវឱ្យមានឡើងដោយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាការដាក់ពង្រាយកងទ័ពជាង១សែននាក់របស់រុស្ស៊ីនៅក្នុងតំបន់និង«សកម្មភាពដែលធ្វើឲ្យមានអស្ថិភាពផ្សេងទៀតដល់ប្រទេសអ៊ុយក្រែន»។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfield បានប្រាប់កម្មវិធី«This Week»នៃបណ្តាញទូរទស្សន៍ ABC កាលពីថ្ងៃអាទិត្យថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងគាបសង្កត់រុស្ស៊ីឲ្យបង្ហាញនូវហេតុផលនៃការដាក់ពង្រាយកងទ័ពដ៏ច្រើនរបស់ខ្លួន។
លោកស្រីឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ទៀតថា៖ «សំឡេងរបស់យើងមានការរួបរួមគ្នានៅក្នុងការអំពាវនាវឲ្យរុស្ស៊ីពន្យល់អំពីចំណាត់ការរបស់ពួកគេ»។
រុស្ស៊ីបានច្រានចោលចំណាត់ការរបស់សហរដ្ឋអាមេរិក ដោយឯកអគ្គរដ្ឋទូតរងរបស់រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិលោក Dmitry Polyanskiy បានហៅសម័យប្រជុំនេះថាជា«ការសម្តែង»ដើម្បីទាក់ទាញចំណាប់អារម្មណ៍ប៉ុណ្ណោះ។
រុស្ស៊ីជាសមាជិក១នៃសមាជិកអចិន្ត្រៃយ៍៥របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយអាចប្រើអំណាចវ៉េតូរបស់ខ្លួនដើម្បីរារាំងចំណាត់ការនៃការដាក់ទណ្ឌកម្មណាមួយដោយក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងរុស្ស៊ី។
ជំនួបនៅថ្ងៃចន្ទនេះជាការពិភាក្សាថ្មីៗបំផុតអំពីជម្លោះ ខណៈមានកិច្ចខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយខាងការទូត។ សហរដ្ឋអាមេរិកបានគំរាមកំហែងដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ខ្លាំង ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន ហើយបានច្រានចោលការទាមទាររបស់រុស្ស៊ីឲ្យអង្គការអូតង់ដកកងទ័ពចេញពីតំបន់អឺរ៉ុបខាងកើត ហើយនឹងរារាំងមិនឲ្យអ៊ុយក្រែនចូលរួមក្នុងអង្គការអូតង់៕