អ.ស.ប៖ ការ​បញ្ឈប់​អរិភាព​នៅ​ស៊ីរីកើត​មាន​​ទោះ​ណា​ជា​មាន​«ឧប្បត្តិហេតុ​ខ្លះ»

លោក​អគ្គលេខាធិការ​អសប បាន​ គីមូន​ និយាយ​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​​ឯ​ទីស្នាក់ការ​ក្នុង​ទីក្រុង​ហ្ស៊ឺណែវ​ ប្រទេស​ស៊្វីស​ នៅ​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

កាល​ពី​ថ្ងៃ​ច័ន្ទ​ លោកអគ្គលេខាធិការ​អ.ស.ប. បាន ​គីមូន (Ban Ki-moon) បាន​មាន​ ប្រសាសន៍​ថា​ ទោះ​ណា​ជា​មាន​«ឧប្បត្តិហេតុ​ខ្លះ»​ក៏​ដោយ​ ក៏​ការ​បញ្ឈប់​អរិភាព​នៅ​ក្នុង​ប្រទេស​ស៊ីរី​បាន​កើត​មាន​ដោយ​ភាគ​ច្រើន​នៅ​ក្នុង​ថ្ងៃ​ទីបី។

​លោក​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា​ គណៈកម្មាធិការ​ចំពោះ​កិច្ច​មួយ​ដែល​មាន​ប្រទេស​ជាតិ​ច្រើន​ជា​សមាជិក​ កំពុង​ធ្វើការ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា​ការ​រំលោភ​លើ​កិច្ច​ឈប់​បាញ់​គ្នា​មិន​រាលដាល​ ហើយ​ការ​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​អាច​មាន​បន្ត​ទៅ​ទៀត។​

លោករដ្ឋមន្ត្រី​ការបរទេស​បារាំង​ Jean-Marc Ayrault បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ប្រជុំ​មួយ​នៃ​គណៈកម្មាធិការ​ចំពោះ​កិច្ចការ​នេះ​«ដោយ​គ្មានការ​ពន្យាពេល» ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​វាយ​ប្រហារ​តាម​អាកាស​ដែល​ត្រូវ​បាន​រាយការណ៍​នៅ​លើ​តំបន់​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម។

លោករដ្ឋមន្ត្រី​ការ​ពារ​ប្រទេស​ស.រ.អា. Ash Carter បាន​មាន​ប្រសាសន៍​ថា​«ប្រសិន​បើ​មាន​ការ​គោរព​ត្រឹមត្រូវ​តាម​កិច្ចព្រមព្រៀង​នេះ​«ការឈប់​បាញ់​គ្នា​អាច​នាំ​ឱ្យ​មាន​ការ​ចុះ​ថយ​អំពើ​ហិង្សា​ជា​ទូទៅ។​

លោក​បាននិយាយ​បន្ថែមថា​ «ការណ៍​នេះ​អាច​ជា​ជំហាន​ទី​មួយ​ឆ្ពោះ​ទៅ​កាន់​ដំណោះ​ស្រាយ​នយោបាយ​មួយ​ ដែល​អាច​បញ្ចប់​សង្គ្រាម​ស៊ីវិល​និង​ទុក្ខ​វេទនា​របស់​ប្រជារាស្ត្រ​ស៊ីរី​ផង​ដែរ»។

ការ​ឈប់​បាញ់​គ្នា​នេះ​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​សៅរ៍។​

កាល​ពី​ថ្ងៃ​ច័ន្ទ​មាន​ការ​អះអាង​គួរ​ឱ្យ​កត់​សម្គាល់​ អំពី​ការ​រំលោភ​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​ដោយ​ពួក​ឧទ្ទាម​ស៊ីរី​បាន​ចោទ​ប្រកាន់​របប​គ្រប់គ្រង​ Assad ថា​ បាន​វាយ​ប្រហារ​២៦​លើក​លើ​ក្រុង​និង​ភូមិ​ដែល​ពួកគេ​កាន់កាប់។ ​ការ​រំលោភ​៧​ដង​ក្នុង​បណ្តាការ​រំលោភ​ទាំង​នេះ​ដែល​ពួក​ឧទ្ទាម​បាន​អះអាង​ គឺ​ជា​ការ​ទម្លាក់​គ្រាប់​បែក​ធុង​ដោយ​កងឧទ្ធម្ភាគចក្រ​នៃ​របប​គ្រប់គ្រង​ Assad ដែល​ហោះ​ទាបៗ។​

លោក Riad Hijab ប្រធាន​ក្រុម​អ្នក​ធ្វើការ​ចរចា​របស់​ក្រុម​ឧទ្ទាម​ បាន​ត្អូញត្អែរ​នៅ​ក្នុង​លិខិត​ជា​ផ្លូវការ​មួយ​ច្បាប់​ផ្ញើ​ជូន​ទៅ​អ.ស.ប.ថា​ «របប​គ្រប់គ្រង​ Assad បាន​បន្ត​យក​តំបន់​មាន​មនុស្ស​រស់​នៅ​ធ្វើ​ជា​ទីដៅ​នៃ​ការ​វាយ​ប្រហារ​ដោយ​ប្រើប្រាស់​ការ​វាយ​ឆ្មក់​ដោយ​កងឧទ្ធម្ភាគចក្រ​ដែល​ប្រើប្រាស់​ធុង​ផ្ទុក​ដោយ​គ្រឿង​ផ្ទុះ​ ដែល​បាន​នាំ​ឱ្យ​មាន​មនុស្ស​ច្រើន​នាក់​ស្លាប់​និង​បាន​ធ្វើ​ឱ្យ​មាន​មនុស្ស​ច្រើន​នាក់​ត្រូវ​របួស​ផង​ដែរ​ ដោយ​ភាគ​ច្រើន​ជា​ក្រុម​ស្ត្រី​និង​កុមារ​ស្លូត​ត្រង់​គ្មាន​ទោសពៃរ៍​អ្វី​ឡើយ​»។

ពួកឧទ្ទាម​ក៏​បាន​អះអាង​ដែរ​ថា ​មាន​ការរំលោភ​២៤​ដង​ទាក់ទិន​នឹង​ការ​បាញ់​ផ្តក់​ដោយ​កាំភ្លើង​ធំ​របស់​របប​គ្រប់គ្រង​ Assad និង​មាន​ឧប្បត្តិហេតុ​៥ ​នៃ​កិច្ចប្រតិបត្តិការ​វាយលុក​នៅ​លើ​ដី៕​