ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទ​ឈប់បាញ់​គ្នា​នៅ​​ស៊ីរី​ត្រូវ​បាន​អនុវត្ត​ភាគច្រើន​ ប៉ុន្តែ​​អំពើ​ហិង្សា​មួយ​ចំនួន​បាន​កើត​ឡើង


កុមារ​ស៊ីរី​ម្នាក់​លេង​នៅ​រវាង​អគារ​បាក់បែក​នៅក្រុង Homs ប្រទេស​ស៊ីរី កាល​ពី​ថ្ងៃសុក្រ ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦។

បទឈប់​បាញ់​គ្នា​នៅ​ក្នុង​ប្រទេស​ស៊ីរី​ ដែល​ត្រូវ​បាន​គេ​ចាប់​ផ្តើម​ធ្វើ​នៅ​ថ្ងៃ​សៅរ៍​នេះ​ ត្រូវ​បាន​គេ​អនុវត្ត​បាន​ភាគច្រើន ប៉ុន្តែ​នៅ​តែ​មាន​អំពើ​ហិង្សា​មួយ​ចំនួន​កើត​មាន។ ​

ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន​របស់​រដ្ឋ​បាន​ចេញ​ផ្សាយ​ថា មាន​ការផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​នៅ​ជាយក្រុងSalamiyeh ក្នុង​ខេត្ត Hama ដែល​បាន​សម្លាប់​ទាហានអស់​ចំនួន​២​នាក់។ នៅ​មិន​មាន​ក្រុម​ណាមួយ​អះអាង​ទទួល​ខុសត្រូវ​លើ​ហេតុការណ៍​ផ្ទុះ​គ្រាប់​បែក​ក្បែរ​ច្រក​ចូល​ទៅ​កាន់​ក្រុង​នេះ​នៅឡើយ​ទេ។ ​

នៅ​កន្លែង​ផ្សេង​ទៀត ការ​ប៉ះទង្គិចគ្នា​រវាង​កងកម្លាំង​របស់​រដ្ឋាភិបាល​និង​ក្រុមឧទ្ទាម​ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​កើត​មាន​ឡើង​នៅ​ក្នុង​ខេត្ត Latakia ក្បែរ​ព្រំប្រទល់​តួកគី។

បទឈប់បាញ់​ដែល​ផ្តួចផ្តើម​ដោយ​សហរដ្ឋអាមេរិក​និង​រុស្សី​ ត្រូវ​បាន​គេ​ចាប់​ផ្តើម​អនុវត្ត​នៅ​ពាក់កណ្តាល​អាធ្រាត្រ​នៅ​រដ្ឋធានី Damascus។ គណៈកម្មការ​ចរចា​ជាន់​ខ្ពស់ដែល​ជា​ក្រុមប្រឆាំង​របស់​ស៊ីរី បាន​ឲ្យ​ដឹង​នៅ​ក្នុង​លិខិត​មួយ​ថា ក្រុម​ចំនួន​៩៧​បាន​សន្យា​ចូលរួម​នៅ​ក្នុង​បទឈប់បាញ់​គ្នា​នេះ។

បទឈប់បាញ់​គ្នា​នេះ​មិន​ពាក់ព័ន្ធ​នឹង​ក្រុមភេរវកម្ម​រដ្ឋឥស្លាម​និង​ក្រុម​រណសិរ្ស al-Nusra ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​ក្រុមអាល់កៃដា​នោះ​ទេ។ ​
សមាជិក​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ចុះហត្ថលេខា​ជា​ឯកច្ឆ័ន្ទ​ទៅ​លើ​កិច្ចព្រមព្រៀង​នេះ​នៅ​បូរីញូវយ៉ក ប្រមាណ​មួយ​ម៉ោង​មុន​ពេល​ដែល​បទឈប់​បាញ់​គ្នា​នេះ​ត្រូវ​បាន​គេ​អនុវត្ត៕

XS
SM
MD
LG