ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការជនភៀសខ្លួនប៉ាឡេស្ទីនបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ខ្លួនបានប៉ាន់ប្រមាណថា មនុស្សជិត ៤៥០.០០០ នាក់ត្រូវបានផ្លាស់ទីដោយបង្ខំពីទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្កាហ្សា (Gaza) នៅក្នុងរយៈពេលមួយសប្ដាហ៍កន្លងមកនេះ នៅចំពេលដែលកងទ័ពអ៊ីស្រាអែលបានរុលចូលក្នុងតំបន់នោះ។
ប្រជាជនតំបន់ហ្កាហ្សាជាងពាក់កណ្ដាលបានជ្រកកោននៅក្នុងទីក្រុង Rafah ដោយជនជាតិប៉ាឡេស្ទីនជាច្រើនបានធ្វើដំណើរទៅទីនោះក្រោយពីគេចចេញពីសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ (Hamas) នៅផ្នែកផ្សេងៗនៃតំបន់ហ្កាហ្សា។
ទីភ្នាក់ងារជំនួយនិងកិច្ចការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់មជ្ឈិមបូព៌ា (UNRWA) បានបញ្ជាក់ថា៖ «មនុស្សប្រឈមនឹងភាពហេវហត់ ភាពអត់ឃ្លាន និងការភ័យខ្លាចជាប់ជានិច្ច។ បទឈប់បាញ់ជាបន្ទាន់គឺជាក្ដីសង្ឃឹមតែមួយគត់ [ដើម្បីដោះស្រាយបញ្ហានេះ]»។
សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ និងភាគីផ្សេងទៀតបានអំពាវនាវឱ្យអ៊ីស្រាអែលបញ្ចៀសការលុកលុយពេញទំហឹងចូលក្នុងទីក្រុង Rafah ដោយបានព្រមានថាគ្រោះមហន្តរាយមនុស្សធម៌អាចកើតឡើង។ ប៉ុន្តែ ថ្នាក់ដឹកនាំអ៊ីស្រាអែលបាននិយាយថា ទីក្រុង Rafah គឺជាមូលដ្ឋានគ្រឹះរឹងមាំចុងក្រោយបង្អស់របស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ ហើយការលុកលុយចូលក្នុងទីក្រុងនេះគឺចាំបាច់ដើម្បីសម្រេចនូវគោលបំណងនៃការកម្ចាត់ក្រុមហាម៉ាស់ដែលជាការគំរាមកំហែងនៅក្នុងតំបន់ហ្កាហ្សា។
គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) បានប្រកាសនៅថ្ងៃអង្គារនេះអំពីការបើកដំណើរការនូវមន្ទីរពេទ្យកណ្ដាលវាលដែលមានគ្រែពេទ្យ ៦០ នៅក្នុងទីក្រុង Rafah។
ជំនួយមនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សាកំពុងថយចុះបន្តិចម្ដងៗ ដោយសារតែច្រកព្រំដែនចម្បងពីរនៅជិតទីក្រុង Rafah នៅបិទនៅឡើយគិតត្រឹមថ្ងៃចន្ទម្សិលមិញ ហើយបុគ្គលិកផ្ដល់ជំនួយបានប្រឹងប្រែងយ៉ាងលំបាកក្នុងការចែកចាយគ្រឿងផ្គត់ផ្គង់និងស្បៀងអាហារនានាដែលខ្វះខាតឱ្យជនជាតិប៉ាឡេស្ទីនផ្លាស់ទីដោយបង្ខំរាប់សែននាក់។
អ្នកនាំពាក្យរងអង្គការសហប្រជាជាតិលោក Farhan Haq បាននិយាយក្នុងអំឡុងសន្និសីទកាសែតកាលពីថ្ងៃចន្ទថា ការចែកចាយជំនួយមនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សាត្រូវបានជាប់គាំង៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។