ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ទាមទារ​ឲ្យ​ដោះលែង​មេដឹកនាំ​គណបក្ស​ប្រឆាំង​រុស្ស៊ី​ជា​បន្ទាន់

មេដឹកនាំ​គណបក្ស​ប្រឆាំង​រុស្សី​លោក Alexei Navalny ត្រូវបានប៉ូលិសរុស្ស៊ីនាំខ្លួនចេញពីសវនាការ នៅក្រុង Khimki ជាយរដ្ឋធានីម៉ូស្គូ ប្រទេសរុស្ស៊ី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។

ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​បាន​លើកឡើង​កាលពី​ថ្ងៃ​ច័ន្ទ​មិ្សលមិញ​ថា ខ្លួន​មាន​សេចក្ដី​អំពល់​ជា​ខ្លាំង​ចំពោះ​ការ​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង​របស់​ប្រទេស​រុស្សី​លោក Alexei Navalny និង​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​លោក​ជា​បន្ទាន់។

នៅ​ក្នុង​សារ​បង្ហោះ​លើ Twitter ការិយាល័យ​របស់​អ្នកស្រី Michelle Bachelet ដែល​ជា​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ បាន​បញ្ជាក់​សារ​ជា​ថ្មី​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​មិន​លម្អៀង​មួយ​លើ​ករណី​បំពុល​លោក Navalny កាល​ពី​ខែ​សីហា​ឆ្នាំ​មុន ដោយ​អ្វី​ដែល​អ្នក​ជំនាញ​បស្ចិម​ប្រទេស​នានា​បាន​សន្និដ្ឋាន​ថា ជា​ថ្នាំ​បំពុល​ដែល​មាន​សារធាតុ​គីមី Novichok។

សារ​នៅ​លើ Twitter នោះ​សរសេរ​ដូច្នេះ​ថា៖ «យើង​មាន​សេចក្ដី​អំពល់​ជា​ខ្លាំង​ចំពោះ​ការ​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង​រុស្សី​លោក Alexei Navalny និង​ស្នើ​ឲ្យ​មាន​ការ​ដោះលែង​រូប​លោក​ជា​បន្ទាន់ និង​សូម​ឲ្យ​មាន​ការ​គោរព​នូវ​សិទ្ធិ​របស់​លោក​ស្រប​តាម​នីតិរដ្ឋ។ យើង​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​មិន​លម្អៀង​និង​ហ្មត់ចត់​លើ​ករណី​ដាក់​ថ្នាំ​បំពុល​រូប​លោក​នេះ»។

លោក Navalny អាយុ ៤៤ ឆ្នាំ គឺជា​អ្នក​ប្រឆាំង​លេច​មុខ​ខ្លាំង​បំផុត​ចំពោះ​ប្រធានាធិបតី​រុស្សី​លោក Vladimir Putin។ លោក​ត្រូវ​បាន​គេ​ចាប់​ខ្លួន​នៅ​អាកាសយានដ្ឋាន​មួយ​កន្លែង​ក្នុង​ទីក្រុង​ម៉ូស្គូ បន្ទាប់ពី​លោក​បាន​វិល​ត្រឡប់​មកពី​ប្រទេស​អាល្លឺម៉ង់​វិញ ក្រោយពី​បាន​ជា​សះស្បើយ​ពី​ការ​ដាក់​ថ្នាំ​បំពុល​នោះ​មក៕