​ការិយាល័យ​ឧត្តមស្នងការ​អ.ស.ប​នៅកម្ពុជា​ ស្នើ​ឲ្យ​រដ្ឋាភិបាល​លុបចោល​បទបរិហារកេរ្តិ៍

រូបឯកសារ៖ អ្នក​ស្រី​ សំ សុខា ដែល​បាន​គប់​ស្បែក​ជើង​លើ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​​មាន​រូប​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សេន កំពុង​ស្ថិត​នៅ​កន្លែងប៉ូលិស​​បន្ទាប់​ពី​ត្រូវ​បាន​ចាប់​និង​បញ្ជូន​ខ្លួន​ពី​ប្រទេស​ថៃ។

ឧត្តម​ស្នង​ការ​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​​​បាន​ប្រតិកម្ម​ភ្លាមៗ​​​ ដោយ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​លុប​ចោល​ «បទ​បរិហារ​កេរ្តិ៍»​ ​បន្ទាប់​ពីតុលាការ​ខេត្ត​កំពង់ស្ពឺ​តម្កល់​សាលក្រម​ឲ្យ​អ្នកស្រី​ សំ សុខា​ ជាប់​ក្នុង​ពន្ធនាគារ​រយៈ​ពេល​ពីរ​ឆ្នាំ​ដោយសារ​​យក​ស្បែក​ជើង​គប់រូប​ថត​លោក​ ហ៊ុន សែន​ និង​លោកហេង​ សំរិន​នោះ។​

បន្ទាប់​ពី​តុលាការ​ខេត្ត​កំពង់ស្ពឺ​សម្រេច​តម្កល់​សាលក្រម​កាត់​ទោស​ ដោយ​កំបាំង​មុខ​ ឲ្យ​អ្នកស្រី​ សំ សុខា​ ដែល​ត្រូវ​ចោទ​ពី​«បទ​ប្រមាថ»​ហើយ​កាត់​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ពីរ​ឆ្នាំ​នោះ​ ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជាជាតិ​ (អ.ស.ប.)​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ប្រតិកម្ម​ភ្លាមៗ​ ដោយ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​លុប​ចោល​«បទ​បរិហារ​កេរ្តិ៍»​នេះ។​

នេះ​បើយោង​តាម​សេចក្តី​ប្រកាស​មួយ​របស់​ការិយាល័យ​ឧត្តម​ស្នង​កា​រអ.ស.ប.​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ហៅ​កាត់​ថា OHCHR។​

យោង​តាម​សេចក្តី​ប្រកាស​របស់​ការិយាល័យ​ឧត្តម​ស្នង​ការ​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ (OHCHR) ​ធ្វើ​ឡើង​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួនកាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​នោះ​ OHCHR ​បាន​ផ្តល់​អនុសាសន៍​ថា​ «ប្រទេស​កម្ពុជា​គួរតែ​ពិចារណា​លុបចោល​បទ​បរិហាកេរ្តិ៍​ ហើយ​ដាក់​បទប្បញ្ញត្តិ​ផ្សេង​ទៀត​នៃ​ក្រម​ព្រហ្មទណ្ឌ​ ឲ្យស្រប​តាម​មាត្រា​១៩ នៃ​កតិកា​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ ​និង​សិទ្ធិ​នយោបាយ​ (សេរីភាព​បញ្ចេញមតិ)»។​

ការិយា​ល័យ​ឧត្តម​ស្នង​ការ​អ.ស.ប.​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​ក៏​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការណ៍​ពិតដែល​ប្រទេស​ថៃ​បាន​និរទេស​អ្នកស្រី​ សំ សុខា​ ហើយ​បាន​បង្ហាញ​ក្តីបារម្ភ​អំពី​សិទ្ធិ​របស់​អ្នកស្រី។​

ការិយា​ល័យ​ឧត្តម​ស្នង​ការអ.ស.ប.​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​តាម​ន័យ​ដើម​ថា៖​ «ប្រ​ព័ន្ធ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ​ឲ្យ​តម្លៃ​ខ្ពស់​ ជា​ពិសេស​លើការ​បញ្ចេញ​មតិ​ដោយ​សេរី​ មិនមាន​ការ​ហាមប្រាម​ ទាក់​ទង​នឹង​បុគ្គល​សាធារណៈ​ នៅ​ក្នុង​វិស័យ​សាធារណៈ​ និង​នៅ​ក្នុង​ស្ថាប័ន​សាធារណៈ​ផង​ដែរ»។​

អ្នកស្រី​ ​សំ សុខា​ ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​«បទ​ប្រមាថ»​ ​និង​បទចោទ​មួយ​ផ្សេង​ទៀត​គឺ«បទ​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង»​ ក្នុង​ខែ​មេសា​ ឆ្នាំ​ ​២០១៧​ គឺ​ភ្លាមៗ​បន្ទាប់​ពី​អ្នក​ស្រី​បាន​បង្ហោះ​វីដេអូ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ បង្ហាញ​ពី​សកម្ម​ភាព​របស់​អ្នកស្រី​កំពុង​គប់​ស្បែក​ជើង​ទៅ​លើ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​រូបថត​លោក​ ​ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ​និង​លោក​ ​ហេង សំរិន​ ​ប្រធាន​រដ្ឋ​សភា​ជាតិ។ ក្រោយ​ការ​ប្រកាស​ចាប់​ខ្លួន​ អ្នកស្រី​ ​សំ សុខា​ បាន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ថៃ។​

ក្រោយ​ពី​អ្នកស្រីគេចខ្លួន​ទៅ​ប្រទេស​ថៃ​ សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ​ក៏​បាន​កាត់​ទោស​អ្នក​ស្រី​ សំ សុខា​ ​ឲ្យជាប់​ក្នុងពន្ធនាគារ​ដោយ​កំបាំងមុខ​ ទោះជា​អ្នកស្រី​ទទួល​បាន​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​ថៃ​ទៅ​ក៏​ដោយ​ ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ តុ​លាការ​ក្នុងខេត្ត​កំពង់ស្ពឺ​ដដែល​ក៏​បាន​ប្រកាស​តម្កល់​ការ​កាត់​ទោសនេះ។ ​មុន​ការ​ប្រកាស​នេះ​ សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ​បាន​ធ្វើការជំនុំជម្រះ​បទ​ចោទ​អ្នកស្រី ​សំ សុខា​ ម្តង​រួចមក​ហើយ កាលពីថ្ងៃ​ទី​១៥​ ខែ​មីនា​ ឆ្នាំ​ ២០១៨។​

ក្រៅពី​ការ​កាត់ទោស​ឲ្យ​ជាប់ក្នុង​ពន្ធនាគារ​ពីរ​ឆ្នាំ​ អ្នកស្រី ​សំ សុខា​ ក៏​ត្រូវ​បាន​តុលាការ​ពិន័យ​ជា​ប្រាក់​៥​លាន​រៀល​ផង​ដែរ។​

នៅ​មុន​ការ​ប្រកាស​តម្តល់​ការ​កាត់​ទោស​ អ្នកស្រី​សំ សុខា ​កាលពីថ្ងៃ​ព្រហស្បតិ៍​ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​(Human Rights Watch)​ ​បាន​ប្រតិកម្ម​នឹង​អាជ្ញាធរ​ថៃ​ដែល​បាន​ចាប់​បញ្ជូន​ស្រ្តី​រូប​នេះ​ពី​ប្រទេស​ថៃ​មក​កម្ពុជា​វិញ​ កាលពី​ខែ​កុម្ភៈ​ ទោះ​បី​ជា​អ្នកស្រី​ទទួល​បាន​សិទ្ធិ​ជ្រក​កោន​ហើយ​ក៏ដោយ។​ ​

កាលពី​ខែ​កុម្ភៈ​ ​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិមួយ​នេះ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​ស្ត្រី​ឈ្មោះ​ សំ សុខា​នេះ​ ជា​បន្ទាន់ ​ហើយ​ថា ​ការ​ចាប់​ជន​ដែល​ទទួល​បាន​សិទ្ធិ​ជ្រកកោន​ គេច​ចេញ​ពីការ​ធ្វើ​ទុក្ខ​បុកម្នេ​ញ​ណា​មួយ ​ហើយ​បញ្ជូន​ដោយ​បង្ខំ​បែប​នេះ​គឺ​ជា​«ការ​ធ្វើ​ទារុណកម្ម ​និង​ជាការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ»៕