ក្រុមការងារមួយដែលធ្វើការក្រោមក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានចេញផ្សាយរបាយការណ៍ទូលំទូលាយមួយស្តីអំពីសិទ្ធិក្នុងប្រទេសជប៉ុន រួមទាំងការរើសអើងលើជនជាតិភាគតិចនិងលក្ខខណ្ឌការងារគ្មានផាសុខភាព។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AP ដែលបានរាយការណ៍នៅថ្ងៃទី២៩ ខែឧសភា។
របាយការណ៍ដែលបានចេញផ្សាយនៅចុងខែឧសភា ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស បានផ្តល់អនុសាសន៍ឲ្យមានការកែប្រែមួយចំនួនក្នុងប្រទេសជប៉ុន ដូចជាការបណ្តុះបណ្តាលក្រុមហ៊ុនច្រើនថែមទៀតឲ្យយល់ដឹងអំពីបញ្ហាសិទ្ធិ បង្កើតយន្តការស្តាប់ការកើតទុក្ខមិនសុខចិត្តនានា បង្កើនចម្រុះភាពនិងពង្រឹងការត្រួតពិនិត្យលើលក្ខខណ្ឌការងារ ព្រមទាំងទណ្ឌកម្មចំពោះការរំលោភសិទ្ធិមនុស្សជាដើម។
ក្រុមការងារទទួលបន្ទុកខាងជំនួញនិងសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលបានធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីឆ្នាំមុន គឺជាក្រុមអ្នកជំនាញការសិទ្ធិមនុស្សឯករាជ្យដែលធ្វើការក្រោមអាណត្តិរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សសហប្រជាជាតិ តែក្រុមការងារនេះមិននិយាយតំណាងឲ្យក្រុមប្រឹក្សានេះទេ។
របាយការណ៍ពួកគេរាយឈ្មោះបញ្ហាមួយចំនួនដូចជាគម្លាតប្រាក់ឈ្នួលរវាងភេទខុសគ្នា និងការរើសអើសលើក្រុមជនជាតិដើម Ainu ក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា និងជនមានពិការភាពជាដើម ដោយកត់សម្គាល់បញ្ជីក្រុមមនុស្សដ៏វែងដែលខ្លួនចាត់ទុកថា ជាក្រុម «រងហានិភ័យ»។
របាយការណ៍សរសេរថា «គន្លឺះនៃបញ្ហាប្រឈមរបស់ក្រុមរងហានិភ័យគឺកង្វះចម្រុះភាពនិងបរិយាបន្នក្នុងទីផ្សារការងារ។ នេះម្យ៉ាង។ ម្យ៉ាងទៀតគឺប្រេវ៉ាឡង់នៃការរើសអើង ការធ្វើទុក្ខបុកម្នេញ និងហិង្សានៅកន្លែងធ្វើការនិងសង្គមទាំងមូល»។
របាយការណ៍ដដែលហៅស្ថានភាពការងាររបស់ជនបរទេសនិងជនចំណាកស្រុកថា «គួរឲ្យខ្ពើម»និងបានសម្តែងក្តីបារម្ភអំពីករណីកើតមហារីកក្នុងចំណោមអ្នកធ្វើការនៅរោងចក្រនុយក្លេអ៊ែរ Fukushima ដែលបានឆេះរលាយនៅឆ្នាំ២០១១។
របាយការណ៍នេះក៏បានសរសេរថា គេចាំបាច់ត្រូវធ្វើកែលម្អការការពារអ្នកលួចរាយការណ៍អំពើខុសឆ្គងនៅប្រទេសជប៉ុន និងការទទួលបានយុត្តិធម៌តាមផ្លូវតុលាការ។
ក្នុងចំណោមបញ្ហាដែលរបាយការណ៍បានលើកឡើងក៏មានការចោទប្រកាន់អំពីការបំពានផ្លូវភេទក្នុងក្រុមហ៊ុនកម្សាន្តជប៉ុនដែលពីមុនមានឈ្មោះថា Johnny and Associates។
បុរសរាប់សិបនាក់បានចេញមុខចោទប្រកាន់ថា ពួកគេបានរងការបំពានផ្លូវភេទ ពេលនៅជាកុមារនិងក្មេងជំទង់ពីសំណាក់លោក Johnny Kitagawa ដែលបានដឹកនាំក្រុមហ៊ុននោះ ពេលពួកគេធ្វើការជាតួសម្តែងនិងតារាចម្រៀងជាច្រើនទសវត្សរ៍មុន។
លោក Kitagawa មិនដែលត្រូវបានចោទប្រកាន់ជាផ្លូវការទេហើយក៏បានស្លាប់នៅឆ្នាំ ២០១៩។ ប្រធានក្រុមហ៊ុន Johnny’s បានសុំទោសជាសាធារណៈកាលពីខែឧសភាឆ្នាំមុន។ ក្រុមហ៊ុននេះមិនបានឆ្លើយតបចំពោះការលើកឡើងក្នុងរបាយការណ៍នេះទេ។
របាយការណ៍នេះក៏រៀបរាប់ដែរថា សំណងជាប្រាក់ដែលក្រុមហ៊ុននេះ ដែលឥឡូវបានប្តូរឈ្មោះទៅជា Smile-Up បានបង់ឲ្យមនុស្សចំនួន ២០១ នាក់នោះ មិនគ្រប់គ្រាន់ទេ។
របាយការណ៍សរសេរថា៖ «វានៅមិនទាន់ឆ្លើយតបទៅនឹងតម្រូវការរបស់ជនរងគ្រោះដែលបានស្នើសុំការប៉ះប៉ូវផ្លូវចិត្តឲ្យទាន់ពេលវេលា រួមទាំងអ្នកដែលការទាមទារសំណងរបស់ពួកគេ កំពុងរង់ចាំបណ្តឹងឧទ្ធរណ៍ផងដែរ»។
របាយការណ៍ក៏បានជំរុញឲ្យក្រុមហ៊ុន Smile-Up ផ្តល់ការថែទាំសុខភាពផ្លូវចិត្តនិងផ្តល់សេវាមេធាវីនិងអ្នកចិត្តសាស្ត្រដោយឥតគិតថ្លៃផងដែរ។
លោក Junya Hiramoto ជនរងគ្រោះម្នាក់ដែលបានចេញមុខ បានទទួលស្វាគមន៍របាយការណ៍នេះ ដោយនិយាយថា វាជាជំហានដំបូង។
លោកនិយាយនៅថ្ងៃទី២៩ ខែឧសភាថា៖ «ការរំលោភបំពាននោះមិនបានចេញផុតពីពួកយើងទេ។ វានៅជាមួយយើងរហូតដល់សព្វថ្ងៃ និងនឹងបន្តនៅជាមួយយើងតទៅទៀត»។
ប្រែសម្រួលដោយលោក សាយ មុន្នី