អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានអំពាវនាវកាលពីថ្ងៃចន្ទម្សិលមិញ ឲ្យមានការស៊ើបអង្កេតជាអន្តរជាតិលើករណីបំពុលមេដឹកនាំគណបក្សប្រឆាំងរុស្ស៊ីលោកAlexei Navalny និងបានបញ្ជាក់ថា ភស្តុតាងកន្លងមកបានបង្ហាញថា មន្ត្រីរដ្ឋាភិបាលរុស្ស៊ី «ពិតជាទំនងមានការពាក់ព័ន្ធ» នៅក្នុងរឿងនេះ។
ការបំពុលលោក Navalny នេះ គឺជាផ្នែកមួយនៃនិន្នាការសម្លាប់ក្រៅប្រព័ន្ធច្បាប់ និងការប៉ុនប៉ងសម្លាប់អ្នករិះគន់ទាំងនៅក្នុងនិងក្រៅប្រទេសរុស្ស៊ី ដែលមានន័យស្មើនឹងការបញ្ជូន «សារព្រមាន» មួយដើម្បីកម្ទេចក្រុមអ្នកប្រឆាំង។ នេះបើតាមការលើកឡើងរបស់អ្នកស្រី Agnes Callamard អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិអំពីការសម្លាប់ក្រៅប្រព័ន្ធច្បាប់ និងអ្នកស្រី Irene Khan អ្នកជំនាញអង្គការសហប្រជាជាតិផ្នែកសេរីភាពនៃការបញ្ចេញមតិ។
លោក Navalny អាយុ ៤៤ ឆ្នាំ បានធ្លាក់ខ្លួនឈឺក្នុងតំបន់ Siberia ប្រទេសរុស្ស៊ី កាលពីខែសីហា ឆ្នាំមុន ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសអាល្លឺម៉ង់ ដោយរដ្ឋាភិបាលអាល្លឺម៉ង់បានរកឃើញភស្តុតាងថា លោកត្រូវបានគេដាក់ថ្នាំបំពុលដែលមានសារធាតុ Novichok។
ប្រទេសរុស្សីបានបដិសេធថា ខ្លួនគ្មានការពាក់ព័ន្ធណាមួយនៅក្នុងរឿងនេះទេ និងបានបញ្ជាក់ថា ខ្លួនមិនបានឃើញមានភស្តុតាងណាមួយដែលបង្ហាញថា លោក Navalny ត្រូវបានគេបំពុលនោះឡើយ។
បន្ទាប់ពីព្យាបាលអស់រយៈពេល ៥ ខែក្នុងប្រទេសអាល្លឺម៉ង់មក លោកNavalny បានវិលត្រឡប់ទៅកាន់ប្រទេសរុស្សីវិញកាលពីខែមករា ហើយត្រូវបានអាជ្ញាធររុស្ស៊ីចាប់ខ្លួនលោកភ្លាមៗ និងកាត់ទោសលោកឲ្យជាប់ពន្ធនាគារ ២ ឆ្នាំកន្លះ ពីបទរំលោភលើលក្ខខណ្ឌស្ថិតនៅក្រៅឃុំបណ្តោះអាសន្នរបស់លោក៕