អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោកស្រី រ៉ូណា ស្មីត (Rhona Smith) បានថ្លែងក្រោយជំនួបជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជាក្នុងរាជធានីភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកម្ពុជាបានទទួលយកកាតព្វកិច្ចគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងច្បាប់អន្តរជាតិនានា ជាមូលដ្ឋាន ហេតុដូច្នេះ រដ្ឋាភិបាលប្រទេសនេះ មានជម្រើសក្នុងការឆ្លើយតបទៅនឹងដៃគូពាណិជ្ជកម្ម លើបញ្ហាការគោរពសិទ្ធិមនុស្ស និងការរក្សាទុកកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងឡាយដែលកម្ពុជាទទួលបាន។
អ្នកស្រីស្មីត បានលើកឡើងយ៉ាងដូច្នេះ នៅពេលអ្នកកាសែតបានសួរអ្នកស្រី អំពីការគោរពសិទ្ធិមនុស្សនៅកម្ពុជា ដែលជាលក្ខខណ្ឌក្នុងប្រព័ន្ធឋានៈអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប តាមកម្មវិធី «អ្វីៗទាំងអស់លើកលែងតែអាវុធ» ឬហៅថា EBA។
អ្នកស្រីស្មីត ដែលកំពុងពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាជាលើកទីប្រាំពីរ បានថ្លែងថា ប្រទេសកម្ពុជានឹងទទួលបានប្រព័ន្ធឋានៈអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុបបន្តទៀត ឬយ៉ាងណានោះ គឺអាស្រ័យលើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការបន្តការសន្ទនាជាមួយដៃគូពាណិជ្ជកម្ម អំពីបញ្ហាគោរពសិទ្ធិមនុស្សនេះ ព្រោះថា ប្រទេសកម្ពុជាមានកាតព្វកិច្ចគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ដែលបានចែងក្នុងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
«ខ្ញុំគិតថា ការសម្រេចចិត្តថា តើកម្ពុជាមានបំណង ភ្ជាប់ការពិភាក្សាលើបញ្ហា EBA នេះឬយ៉ាងណានោះ គឺជាអ្វីដែលរដ្ឋាភិបាលកម្ពុជា ត្រូវធ្វើការសម្រេចដោយខ្លួនឯង ដូចអ្វីដែលរដ្ឋាភិបាលបានធ្វើក្នុងភាពជាដៃគូពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងទៀត ក៏ដូចជា ដៃគូផ្តល់ជំនួយ។ ទាំងនេះហើយ គឺអាស្រ័យទៅលើរដ្ឋាភិបាលកម្ពុជាដែលត្រូវធ្វើការប្តេជ្ញាចិត្ត»។
អ្នកស្រីបានបន្ថែមថា អ្វីដែលអ្នកស្រីចង់បាននោះ គឺការឆ្លើយតបរបស់កម្ពុជាទៅនឹងកាតព្វកិច្ចសិទ្ធិមនុស្ស ដែលខ្លួនបានទទួលយកដោយស្ម័គ្រចិត្ត នៅក្រោមច្បាប់អន្តរជាតិ។
កាលពីខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ គណៈកម្មការសហភាពអឺរ៉ុប ប្រកាសចាប់ផ្តើមដំណើរការជាផ្លូវការ ដែលអាចនឹងឈានទៅដល់ការព្យួរបណ្តោះអាសន្ននូវឋានៈអនុគ្រោះពន្ធពាណិជ្ជកម្ម EBA ពីប្រទេសកម្ពុជា ដោយសារតែការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្សនិងការអនុវត្តលទ្ធិប្រជាធិបតេយ្យ។
សហគមន៍អឺរ៉ុប បានផ្តល់ហេតុផលនៃការផ្តើមដំណើរការនេះត្រួសៗថា ដោយសារកម្ពុជាមិនទាន់អាចដោះស្រាយបញ្ហាចម្បងៗមួយចំនួន ក្នុងនោះមានការច្រានចោលសិទ្ធិនយោបាយ សកម្មភាពរឹតបន្តឹងនានាទៅលើសង្គមស៊ីវិល សហជីព ការផ្តល់សេរីភាពសារព័ត៌មាន និងការដោះស្រាយបញ្ហាផ្តល់ដីសម្បទានសេដ្ឋកិច្ច ដែលផ្តោតជាពិសេសលើដីដែលប្រើប្រាស់សម្រាប់បម្រើដល់ការផលិតស្ករស។
ក្នុងជំនួបជាមួយលោក អង្គវង្ស វឌ្ឍនា នៅថ្ងៃព្រហស្បតិ៍ដដែលនេះ អ្នកស្រីស្មីត ក៏បានពិភាក្សា លើករណីឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកម្ពុជារំលាយចោល កាលពីឆ្នាំ២០១៧។
អ្នកស្រីស្មីត បានប្រាប់អ្នកកាសែតថា ទោះបីក្រសួងយុត្តិធម៌កម្ពុជា ផ្តល់ហេតុផលថា លោក កឹម សុខា កំពុងត្រូវបានដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការក្នុងផ្ទះ ក៏ដោយ ក៏អ្នកស្រីយល់ថា ការដាក់ឲ្យលោក កឹម សុខា ស្ថិតនៅតែក្នុងផ្ទះរបស់លោកនោះ គឺជា បែបផែននៃការឃុំខ្លួនដដែល ដោយសារតែតុលាការបានដាក់កំហិតលើសេរីភាពរបស់លោក។
អ្នកស្រីថា ការបកស្រាយរបស់ក្រសួងយុត្តិធម៌ ដែលថា លោកកឹម សុខា កំពុងស្ថិតក្រោមការពិនិត្យរបស់តុលាការនោះ បង្ហាញពីភាពមិនជ្រះស្រឡះ បើមើលទៅលើបញ្ហាសិទ្ធិមនុស្ស។
ទោះជាយ៉ាងណាក៏ដោយលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា មិនមានការពិភាក្សាពីករណីលោក កឹម សុខា ក្នុងជំនួបអ្នកស្រីស្មីត និងលោក អង្គវង្ស វឌ្ឍនា នោះទេ។
«អត់មានទេ គាត់អត់លើករឿង កឹម សុខា ហ្នឹងជារឿងពិភាក្សាគ្នាទេ គាត់គ្រាន់តែភ្ជាប់ឧទាហរណ៍ទៅនឹងគោលការណ៍ទូទៅនៃការឃុំខ្លួនបណ្តោះអាសន្ន ប៉ុន្តែយើងបានពន្យល់ទៅគាត់វិញថា លោក កឹម សុខា អត់ស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្នទេ។ អានេះ ជាទិដ្ឋភាពច្បាប់របស់កម្ពុជា។ អ៊ីចឹង ការពិភាក្សាលើរឿង កឹម សុខា គឺអត់មានការពិភាក្សាទេ គឺការពិភាក្សាទៅលើគោលការណ៍ទូទៅ ទាក់ទងនឹងការឃុំខ្លួនបណ្តោះអាសន្ន ហើយគាត់ស្នើកុំឲ្យមានការឃុំខ្លួនបណ្តោះអាសន្នច្រើនពេក លើកលែងតែចាំបាច់ ហើយធ្ងន់»។
លោក ជិន ម៉ាលីន ក៏បានអះអាងថា ជំនួបជិតពីរម៉ោងរបស់លោកស្រីស្មីត និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក អង្គវង្ស វឌ្ឍនា មិនមានការពិភាក្សា ផុសផុលអំពីបញ្ហានយោបាយដែរពោលគឺផ្តោតសំខាន់ទៅលើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
«ទិដ្ឋភាពរួមការពិភាក្សាគ្នានេះគឺ ផ្អែកទៅលើគោលការណ៍ទិដ្ឋភាពច្បាប់ទាំងស្រុង ទាក់ទងដល់ការកែទម្រង់ ប្រព័ន្ធយុត្តិធម៌ ដោយមិនមានពិភាក្សាទៅលើទិដ្ឋភាពនយោបាយ ឬក៏ការស្នើពីសកម្មជនសង្គមស៊ីវិលអី មួយចំនួនដែលធ្វើការរិះគន់រដ្ឋាភិបាល ហើយស្នើតាមគាត់ដើម្បីឲ្យគាត់យកមកដាក់សម្ពាធលើរដ្ឋាភិបាល គឺអត់មានទេ ហើយលើកពីបញ្ហាបក្សប្រឆាំងអីៗ អីហ្នឹង ក៏អត់មានដែរ»។
លោកស្រី ស្មីត គ្រោងនឹងបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកស្រី ជាមួយនឹងសន្និសីទសារព័ត៌មានមួយ ដើម្បីពិភាក្សាអំពីលទ្ធផលស្រាវជ្រាវបឋមនៃដំណើរទស្សនកិច្ចរបស់លោកស្រី ដែលសន្និសីទនេះនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយនេះ។ នេះបើយោងតាមសចក្តីប្រកាសព័ត៌មានរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា។
ក្នុងពេលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា លោកស្រីស្មីត ក៏បានជួបពិភាក្សាជាមួយក្រុមមន្ត្រីទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា និងបានចូលរួមជាមួយកម្មករ កម្មការិនីកម្ពុជាក្នុងការប្រារព្ធទិវាពលកម្មអន្តរជាតិដែលបានធ្វើឡើងកាលពីថ្ងៃទី១ ខែឧសភានេះ៕