អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅថ្ងៃពុធនេះ បានសម្តែងការ«ព្រួយបារម្ភយ៉ាងខ្លាំង»ចំពោះការកោះហៅមនុស្សយ៉ាងតិច១១៣នាក់ឡើងសវនាការនៅថ្ងៃទី២៦ ខែវិច្ឆិកានេះ ដោយចាត់ទុកចំណាត់ការរបស់តុលាការក្រុងភ្នំពេញថា«ហាក់ដូចជាមានហេតុផលនយោបាយ»។
អ្នកស្រី Rhona Smith អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ពីទីក្រុងហ្សឺណែវប្រទេសស្វ៊ីស នៅថ្ងៃទី២៥ខែវិច្ឆិកាថា៖
«ការជំនុំជម្រះក្តីទ្រង់ទ្រាយធំទៅលើសកម្មជនគណបក្សសង្គ្រោះជាតិ ទំនងជាកើតចេញពីហេតុផលនយោបាយ ខ្វះមូលដ្ឋានច្បាប់ច្បាស់លាស់ និងជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិខាងនីតិវិធីផ្លូវច្បាប់ត្រឹមត្រូវ ដែលបានបង្កើតឡើងយ៉ាងរឹងមាំ ដោយច្បាប់សិទ្ធិមនុស្សអន្តរជាតិ»។
អ្នកស្រី Smith មានប្រសាសន៍បន្ថែមទៀតថា៖ «ដំណើរការក្តីរបស់តុលាការ ទំនងជាផ្នែកមួយនៃយុទ្ធសាស្ត្របំភិតបំភ័យ និងបំបាក់មុខគូប្រជែងរបស់រដ្ឋាភិបាល»។
ការថ្លែងរបស់អ្នករាយការណ៍ពិសេសរូបនេះ ធ្វើឡើងក្រោយពីមនុស្សយ៉ាងហោចណាស់១៤០នាក់នៅទូទាំងប្រទេស ដែលភាគច្រើនលើសលប់នៃពួកគេ គឺជាអតីតសកម្មជន មន្ត្រី និងអ្នកគាំទ្រដែលមានសមានចិត្តស្មោះស្ម័គ្រជាមួយលោក សម រង្ស៊ី ត្រូវបានតុលាការកោះហៅក្នុងនាមជាជនជាប់ចោទដើម្បីចូលរួមក្នុងសវនាការ ក្រោមការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» និង «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម» ដែលអាចត្រូវកាត់ទោសឲ្យជាប់ពន្ធនាការរហូតដល់១០ឆ្នាំ។
សេចក្តីថ្លែងការណ៍របស់អ្នកស្រី Smith កើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃពុធ បានថ្លែងសរសើរក្រុមមេធាវីរបស់រដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តរបស់លោកផ្ទាល់ ដែលមានគ្នាប្រមាណ១៥០នាក់ ដោយលោកបានរិះគន់មេធាវីសិទ្ធិមនុស្សមួយចំនួនរបស់អង្គការសង្គមស៊ីវិល ដែលលោកនិយាយថា បាន«ញុះញង់»ប្រជាពលរដ្ឋឲ្យចេញមុខតវ៉ា៕